Sunday, September 22, 2024
Homeព័ត៌មានជាតិដេញកាប់មនុស្សមិនបាន បាញ់ចម្ពាម កាប់ម៉ូតូខ្ទេច ជាប់ខ្នោះ៣

ដេញកាប់មនុស្សមិនបាន បាញ់ចម្ពាម កាប់ម៉ូតូខ្ទេច ជាប់ខ្នោះ៣

ខេត្តសៀមរាប ៖ ជនសង្ស័យ ១ក្រុម ប្រដាប់ដោយចម្ពាម ដាវ និងកាំបិត បានធ្វើសកម្មភាពដេញវាយទៅលើយុវជន ២នាក់ ធ្វើឱ្យជនរងគ្រោះទាំង២នាក់ភ័យ ផ្តួលម៉ូតូរត់គេចខ្លួន ក៏ត្រូវក្រុមជនសង្ស័យទាញចម្ពាមបាញ់ បណ្តាលឱ្យយុវជនម្នាក់រងរបួស បន្ទាប់មកក៏ព្រួតកាប់ម៉ូតូរបស់ជនរងគ្រោះ ១គ្រឿង បណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ ទីបំផុតត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបាន ចំនួន៣នាក់ នាំយកមកចាត់ការតាមច្បាប់។

ករណីហិង្សា និងធ្វើឱ្យខូចខាតដោយចេតនាមានស្ងានទម្ងន់ទោសនេះ បានកើតឡើង កាលពីវេលាម៉ោង ៥និង៤០នាទីល្ងាច ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ នៅត្រង់ចំណុចក្បែរស្ពាន ស្ថិតក្នុងភូមិបឹង សង្កាត់ក្របីរៀល ក្រុងសៀមរាប។ រហូតមកដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ សមត្ថកិច្ចបានចុះស្រាវជ្រាវចាប់ឃាត់ខ្លួនជនសង្ស័យ ចំនួន៣នាក់ នាំយកមកសាកសួរ។

ជនសង្ស័យទាំង៣នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ៖ ទី១-ឈ្មោះអង់ សីម៉ា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅបច្ចុប្បន្ន ភូមិព្រៃក្រូច សង្កាត់ក្របីរៀល ក្រុងសៀមរាប។ ទី២-ឈ្មោះសាន កាន ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅបច្ចុប្បន្ន ភូមិចន្លោង សង្កាត់ស្រងែ ក្រុងសៀមរាប និងទី៣-ឈ្មោះស៊ូ សាក់ ហៅសុច ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅបច្ចុប្បន្ន ភូមិព្រៃក្រូច សង្កាត់ក្របីរៀល ក្រុងសៀមរាប។

ចំណែកជនរងគ្រោះ មានចំនួន២នាក់ ទី១-ឈ្មោះដឿម ឧត្តម ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិព្រៃធំ សង្កាត់ស្រងែ ក្រុងសៀមរាប (រងរបួសដៃខាងឆ្វេង និងត្រូវ ១គ្រាប់ចម្ពាម ចំស្លាបប្រចៀវខាងស្តាំ បណ្តាលឱ្យហូរឈាម) និងទី២-ឈ្មោះតាំង សុភាក់ ភេទប្រុស អាយុ១៧ឆ្នាំ មានលំនៅ ភូមិប្រីយ៍ចាស់ សង្កាត់ទឹកវិល ក្រុងសៀមរាប មិនមានរងរបួស ប៉ុន្តែខូចខាតម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៨  ពាក់ស្លាកលេខ សៀមរាប 1AB-0585 លេខតួ-លេខម៉ាស៊ីន 5254474 ខូតខាត អាវម៉ូតូ កុងទ័រ ស្តុប ស្រទបមុខ និងស្លាកលេខ ស្ទើរទាំងស្រុង។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ ក្រុមជនសង្ស័យខាងលើ បានធ្វើសកម្មភាពដេញវាយនិងកាប់ទៅលើជនរងគ្រោះទាំង២នាក់ តែភ្លាមនោះ ត្រូវបានជនរងគ្រោះដឹងខ្លួនទាន់ ក៏ជិះគេចខ្លួន តែក្រុមជនសង្ស័យនៅតែដេញតាមពីក្រោយទៀត ទើបជនរងគ្រោះសម្រេចផ្តួលម៉ូតូចោល រួចរត់គេចខ្លួន តែភ្លាមនោះ ក្រុមជនសង្ស័យបានប្រើចម្ពាមកៅស៊ូ បាញ់ បណ្តាលឱ្យយុវជនម្នាក់រងរបួស។ បន្ទាប់មកក៏ព្រួតកាប់ម៉ូតូជនរងគ្រោះ បណ្តាលឱ្យរងការខូចខាតស្ទើរទាំងស្រុងថែមទៀត ហើយក៏នាំគ្នារត់គេចខ្លួនបាត់ស្រមោលអស់។

ក្រោយកើតហេតុ ជនរងគ្រោះបានដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ និងស្រាវជ្រាវតាមចាប់ខ្លួនក្រុមជនសង្ស័យនាំយកមកចាត់ការតាមច្បាប់។

បន្ទាប់ពីទទួលបានពាក្យបណ្តឹងខាងលើ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ កំណត់អត្តសញ្ញាណជនសង្ស័យ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ខាងលើ នាំយកមកសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះសាន កាន បានឆ្លើយសារភាពថា ខ្លួនបានខឹងនឹងក្រុមជនរងគ្រោះ ហើយបាននាំបក្ខពួក ដេញកាប់ និងបាញ់ចម្ពាមកៅស៊ូទៅលើជនរងគ្រោះប្រាកដមែន។ ចំណែកជនសង្ស័យឈ្មោះអង់ សីម៉ា បានឆ្លើយសារភាពថា ខ្លួនពិតជាបាន កាប់ម៉ូតូជាមួយនិងបក្ខពួកប្រាកដមែនមែន។ រីឯដាវនិងកាំបិត បានបោះចោលក្នុងទឹកបាត់ហើយ។ ដោយឡែកជនសង្ស័យឈ្មោះស៊ូ សាក់ ហៅសុច បានឆ្លើយសារភាពថា ខ្លួនពិតជាបានចូលរួមជាមួយនិងបក្ខពួក តែមិនបានចូលវាយនោះទេ។

បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ សមត្ថកិច្ចបានធ្វើតេស្តរកសារធាតុញៀនលើខ្លួនជនសង្ស័យ ជាលទ្ធផល ជនសង្ស័យឈ្មោះអង់ សីម៉ា លទ្ធផលវិជ្ជមាន។

ជនសង្ស័យទាំង៣នាក់ខាងលើ ត្រូវបានបញ្ជូនទៅកាន់ការិយាល័យជំនាញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES