Sunday, September 22, 2024
Homeព័ត៌មានជាតិវ៉ៃខ្នោះ ២៤នាក់ ចាប់បង្ខាំងមនុស្ស

វ៉ៃខ្នោះ ២៤នាក់ ចាប់បង្ខាំងមនុស្ស

ខេត្តសៀមរាប ៖ កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបើកប្រតិបត្តិការបង្ក្រាបករណីចាប់បង្ខាំង មនុស្សធ្វើទារុណកម្ម ចំនួន៣ទីតាំងផ្សេងគ្នា នៅលើទឹកដីខេត្តសៀមរាប ដោយធ្វើការឃាត់ខ្លួនជនជាតិវៀតណាម ចំនួន ២៤នាក់ (ស្រី១១នាក់) ព្រមទាំង បានដកហូតរថយន្ត ចំនួន២គ្រឿងផងដែរ។

ប្រតិបត្តិការខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុច៣ទីតាំងផ្សេងគ្នា ក្នុងភូមិសាស្ត្រស្រុកក្រឡាញ់ និងក្រុងសៀមរាប។

តាមប្រភពពីសមត្ថកិច្ច បានបញ្ជាក់ថា ការឃាត់ខ្លួនជនជាតិវៀតណាម ប្រុស-ស្រីទាំង២៤នាក់ខាងលើ ធ្វើឡើងចំនួន៣ ទីតាំងផ្សេងៗគ្នា ដែលក្នុងនោះ ទីតាំងទី១-ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ត្រង់ អក្សរតេ ខាងកើតរង្វង់មូលស្រុក ក្រឡាញ់ ស្ថិតនៅភូមិកំពង់ថ្កូវ២ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ដោយឃាត់មនុស្សបានចំនួន ៨នាក់ (ស្រី២នាក់) និងរថយន្តម៉ាកស្តារិច ១គ្រឿង។ ទីតាំងទី២-នៅផ្ទះវីឡាជួល ស្ថិតនៅក្រុមទី៩ ភូមិក្រួស សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ឃាត់ខ្លួនជនជាតិវៀតណាម ចំនួន៩នាក់ (ស្រី៥នាក់) និងដកហូតរថយន្ត១គ្រឿង ម៉ាកតូយូតា ១២កៅអី ពណ៌ស។ ចំណែកទីតាំងទី៣- ស្ថិតនៅភូមិក្រសាំង សង្កាត់ជ្រាវ ក្រុងសៀមរាប ឃាត់ខ្លួនជនជាតិវៀតណាម ៧នាក់ (ស្រី៤)។

តាមរបាយការណ៍ពីសមត្ថកិច្ចដដែល បង្ហាញថា តាមការសន្និដ្ឋានដំបូង គឺជាករណីចាប់ជំរិតដោយសារមានស្ត្រីម្នាក់ មានរបួសស្នាមដោយការធ្វើទារុណកម្ម។ ប៉ុន្តែទោះបីយ៉ាងណា សមត្ថកិច្ចនៅមិនទាន់បញ្ជាក់លម្អិតអំពីការបង្ក្រាបករណីបង្ខាំងមនុស្សដោយធ្វើទារុណកម្ម ខាងលើ ថាដើមចមផ្តើមចេញដោយសារអ្វីឱ្យប្រាកដនៅឡើយ។

បច្ចុប្បន្ន ជនជាតិវៀតណាមប្រុស-ស្រីទាំង២៤នាក់ខាងលើ ត្រូវបានសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីអនុវត្តតាមនីតិវិធី។ ជាមួយនេះ សមត្ថកិច្ចជំនាញ ក៏កំពុងធ្វើការស្រាវជ្រាវស្វែងរកមេខ្លោង ដើម្បីយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ផងដែរ៕

RELATED ARTICLES