Sunday, September 22, 2024
Homeព័ត៌មានជាតិដឹកប្រពន្ធកូនទៅស្រុក កូនធ្លាក់ដី កង់បីឪកិនធ្លាយខួរ

ដឹកប្រពន្ធកូនទៅស្រុក កូនធ្លាក់ដី កង់បីឪកិនធ្លាយខួរ

ខេត្តស្វាយរៀង ៖ បុរសម្នាក់ បានបើកម៉ូតូកង់បី ដឹកប្រពន្ធនិងកូនៗរបស់ខ្លួន ទៅលេងស្រុក ក្នុងឱកាសបុណ្យភ្ផុំបិណ្ឌ តែអកុសល ខណៈដែលកំពុងធ្វើដំណើរតាមផ្លូវ ជិតដល់ស្រុកទៅហើយ ស្រាប់តែកូនប្រុសតូចវ័យ ៦ឆ្នាំ បានរអិលធ្លាក់ពីលើម៉ូតូកង់បី ចូលក្រោមកង់ បណ្តាលឱ្យកិនធ្លាយខួរស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍គ្រោះថ្នាក់ដ៏រន្ធត់ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ២និង៣៤នាទីរសៀល ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងភូមិអង្គាសដី ឃុំតាសួល ស្រុកស្វាយជ្រំ។

ក្មេងប្រុសរងគ្រោះដែលបាត់បង់ជីវិតដោយសារធ្លាក់ពីលើម៉ូតូកង់បីនោះ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ គ្រាន់តែដឹងថា មានអាយុ៦ឆ្នាំ និងមានស្រុកកំណើតនៅខេត្តស្វាយរៀង។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើកម៉ូតូកង់បី ១គ្រឿង ដោយមានដឹកប្រពន្ធនិងកូនតូចធំផង ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ ទិសដៅចេញពីភ្នំពេញ ឆ្ពោះទៅខេត្តស្វាយរៀង ដើម្បីទៅលេងស្រុកកំណើត នារដូវបុណ្យភ្ជុំ។ លុះពេលបើកបរមកដល់ត្រង់ចំណុចកើតហេតុ ជាគ្រោះអកុសល កូនប្រុសម្នាក់អាយុ៦ឆ្នាំ បានរអិលធ្លាក់ជាមួយភួយកំពុងដណ្តប់ បណ្តាលឱ្យម៉ូតូកង់បីកិនបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ បង្កឱ្យមានការភ្ញាក់ផ្អើលឡើងតែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះទៅពិនិត្យដល់ទីតាំងកើតហេតុ ដើម្បីធ្វើកំណត់ហេតុ និងសាកសួរព័ត៌មានបន្ថែម។ លុះក្រោយសួរនាំដឹងរឿងរ៉ាវថា ជាហេតុការណ៍គ្រោះថ្នាក់បង្កដោយខ្លួនឯង សមត្ថកិច្ចក៏បានធ្វើកំណត់ហេតុប្រគល់សពក្មេងប្រុសរងគ្រោះឱ្យឪពុកម្តាយ ដើម្បីដឹកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES