Sunday, September 22, 2024
Homeព័ត៌មានជាតិខ្ចីម៉ូតូស្រីជិះ លក់ចាយអស់ ជាប់ខ្នោះ

ខ្ចីម៉ូតូស្រីជិះ លក់ចាយអស់ ជាប់ខ្នោះ

ភ្នំពេញ ៈ ជនសង្ស័យម្នាក់ បានខ្ចីម៉ូតូ ១គ្រឿង ពីស្ត្រីជាអ្នកស្គាល់គ្នា ដោយប្រាប់ថា ជិះទៅរកបើកប្រាក់ខែ ពីថៅកែមួយភ្លែត រួចក៏បង្ហួសយកទៅលក់នៅហាងបញ្ចាំមួយកន្លែង បានលុយ ៨៥០ដុល្លារ ដើរចាយវាយហ៊ឺហាអស់គ្មានសល់ ទីបំផុតត្រូវម្ចាស់ម៉ូតូតាមរកមុខឃើញ ក៏ចាប់ក្របួច យកមកប្រគល់ឱ្យសមត្ថកិច្ច ចាត់ការតាមច្បាប់។

ករណីខ្ចីម៉ូតូគេជិះ បែរជាយកទៅលក់នេះ បានកើតឡើង តាំងពីវេលាម៉ោង ៨ព្រឹក ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ រហូតមកដល់វេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យបាន នៅចំណុចភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

ជនរងគ្រោះជាម្ចាស់ម៉ូតូ មានឈ្មោះឡុង ហេង ភេទស្រី អាយុ៣១ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅផ្ទះលេខ១៨ស្ទួន ផ្លូវបេតុង ភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ ចំណែកជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះខុន បូរី ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង ៨ព្រឹក ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ ខណៈជនរងគ្រោះកំពុងនៅផ្ទះរបស់ខ្លួន ស្រាប់តែលេចមុខជនសង្ស័យដែលជាមនុស្សស្គាល់គ្នា បានប្រើល្បិចខ្ចីម៉ូតូជនរងគ្រោះ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ មិនចាំស្លាកលេខ លេខតួ-លេខម៉ាស៊ីន 6304537 (ម៉ូតូបង់រំលស់) ដោយប្រាប់ថា ទៅបើកប្រាក់ខែ ពីថៅកែមួយភ្លែត រួចក៏ជិះម៉ូតូជនរងគ្រោះ ទៅលក់ឱ្យគេ បានប្រាក់៨៥០ដុល្លារ យកទៅលេងល្បែង និងស៊ីចាយអស់គ្មានសល់។

រហូតមកដល់វេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ ជនរងគ្រោះបានប្រទះឃើញជនសង្ស័យ នៅចំណុចខាងលើ ក៏ឃាត់ខ្លួន យកមកប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍និរោធ ដើម្បីចាត់ការតាមច្បាប់តែម្តង៕

RELATED ARTICLES