Sunday, September 22, 2024
Homeព័ត៌មានជាតិឃាតករសាក់មុខកាំភ្លើង ចង្អុលមុខប៉េអឹមម្នាក់ ពាក់ព័ន្ធ

ឃាតករសាក់មុខកាំភ្លើង ចង្អុលមុខប៉េអឹមម្នាក់ ពាក់ព័ន្ធ

ខេត្តស្ទឹងត្រែង ៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ថ្មីៗនេះ ទើបនឹងបានបំបែកសំណុំរឿងឃាតកម្ម “ចាប់ដាក់ខ្នោះ វាយសម្លាប់មនុស្ស ប្លន់ម៉ូតូ” ដោយធ្វើការឃាត់ខ្លួនជនសង្ស័យជាឃាតករ ចំនួន២នាក់ ក្នុងនោះមានម្នាក់ សាក់រូបកាំភ្លើងលើផ្ទៃមុខ ស្រាប់តែក្រោយមក បែកធ្លាយដល់ករណីគ្រឿងញៀន និងឈានដល់ការឃាត់ខ្លួនជនសង្ស័យ ២នាក់បន្ថែមទៀត ដោយក្នុងនោះមានម្នាក់ ជាមន្ត្រីកងរាជអាវុធហត្ថ ស្រុកបុរីអូរស្វាយសែនជ័យ។

ការចាប់ឃាត់ខ្លួនជនសង្ស័យ២នាក់បន្ថែម ពាក់ព័ន្ធករណីគ្រឿងញៀននេះ បានធ្វើឡើងកាលពីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុច ២ទីតាំងផ្សេងគ្នា ដោយម្នាក់ ត្រូវចាប់ខ្លួននៅចំណុចភូមិអូរស្វាយ និងម្នាក់ទៀត ត្រូវចាប់ខ្លួននៅចំណុចភូមិរិទ្ធីសែនជ័យ២ ឃុំអូរស្វាយ ស្រុកបុរីអូស្វាយសែន។

លោកវរសេនីយ៍ឯក វ៉ា សុផាន់ ស្នងការរងទទួលផែនព្រហ្មទណ្ឌកម្រិតធ្ងន់ បានឱ្យដឹងថា ពាក់ព័ន្ធនឹងករណីឃាតកម្ម “ចាប់ដាក់ខ្នោះ វាយសម្លាប់មនុស្ស ប្លន់ម៉ូតូ” សមត្ថកិច្ចជំនាញបានចាប់ខ្លួនជនសង្ស័យ ២នាក់ ទី១-ឈ្មោះជាតិ សារ៉ូ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ និងទី២-ឈ្មោះគង់ សំអឿន ភេទប្រុសអាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ។ ជនសង្ស័យទាំង២នាក់ រស់នៅភូមិរិទ្ធីសែនជ័យ២ ឃុំអូរស្វាយ ស្រុកបុរីអូស្វាយសែនជ័យ។

លោកស្នងការរង បានបញ្ជាក់បន្ថែមថា ក្រោយការសាកសួរជនសង្ស័យជាឃាតករទាំង២នាក់  ស្រាប់តែបែកធ្លាយករណីគ្រឿងញៀន ដោយក្នុងនោះ ជនសង្ស័យជាឃាតករម្នាក់ បានឆ្លើយសារភាពថា រូបគេបានប្រើប្រាស់គ្រឿងញៀន ជាមួយមន្ត្រីអាវុធហត្ថម្នាក់ និងជនសង្ស័យ ម្នាក់ទៀត មុននឹងចេញធ្វើសកម្មភាពវាយសម្លាប់មនុស្សប្លន់ម៉ូតូ។ ភ្លាមនោះ សមត្ថកិច្ចជំនាញ ក៏បានធ្វើការស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យ ២នាក់ បន្ថែមទៀត ប្រគល់ឱ្យការិយាល័យប្រចាំគ្រឿងញៀនខេត្ត ចាត់ការបន្ត។

លោកវរសេនីយ៍ទោ ចែម ផានិត នាយការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត បានបញ្ជាក់ប្រាប់ថា ជនសង្ស័យទាំងពីរនាក់នោះ គឺពាក់ព័ន្ធក្នុងករណីប្រើប្រាស់គ្រឿងញៀន ដែលពួកគេបានទិញ ហើយយកទៅប្រើប្រាស់ជាមួយជនសង្ស័យម្នាក់ ដែលជាឃាតករសម្លាប់មនុស្ស ប្លន់ម៉ូតូ។

លោកនាយការិយាល័យ បានបញ្ជាក់បន្ថែមថា ជនសង្ស័យទាំង ២នាក់ ទី១-ឈ្មោះពៅ វាសនា ភេទប្រុស អាយុ៣១ឆ្នាំ ជាមន្ត្រីកងរាជអាវុធហត្ថស្រុកបុរីអូរស្វាយសែនជ័យ និងទី២-ឈ្មោះឈិត ថា ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរកសិករ រស់នៅភូមិរិទ្ធីសែនជ័យ២ ឃុំអូស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ដែលពាក់ព័ន្ធក្នុងករណីប្រើប្រាស់គ្រឿងញៀន ត្រូវបានការិយាល័យប្រឆាំងគ្រឿងញៀន រៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី។

គួរបញ្ជាក់ថា ជនសង្ស័យជាឃាតករដៃឆៅ​ចំនួន២នាក់ ដែលបានធ្វើសកម្មភាពចាប់យុវជនម្នាក់ដាក់ខ្នោះ រួចវាយបំបាក់ក និងផុងលលាដ៍ក្បាល ដើម្បីប្លន់យកម៉ូតូកញ្ចាស់​ របស់ជនរងគ្រោះ ១គ្រឿងនោះ ត្រូវបានសមត្ថកិច្ចជំនាញ ស្រាវជ្រាវតាមចាប់ខ្លួនបាន បន្ទាប់ពីជនសង្ស័យជាឃាតករទាំង២នាក់ បានព្យាយាមរត់គេចខ្លួន អស់រយៈពេល ៨ថ្ងៃ។

ប្រតិបត្តិការបង្ក្រាបចាប់ខ្លួនជនសង្ស័យជាចោរប្លន់ ២នាក់ ដែលវាយសម្លាប់ជនរងគ្រោះប្លន់ម៉ូតូកញ្ចាស់ ១គ្រឿងនេះ បានធ្វើឡើង កាលពីរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចភូមិរិទ្ធីសែនជ័យ២ ឃុំអូរស្វាយ ស្រុកបុរីអូស្វាយសែនជ័យ។

គួររំលឹកថា ករណីឃាតកម្ម វាយសម្លាប់ប្លន់ម៉ូតូនេះ បានកើតឡើង កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ នៅក្បែរចំណុចបង្គោលសេវា ០៩៧ ស្ថិតក្នុងភូមិរិទ្ធីសែនជ័យ២ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ។

ជនរងគ្រោះដែលត្រូវឃាតករវាយសម្លាប់ ប្លន់ម៉ូតូ មានឈ្មោះថេន សុមិត្ត ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកសិករ មានលំនៅ ភូមិកោះកី ឃុំកោះស្នែង ស្រុកបុរីអូរស្វាយសែនជ័យ។ ជនរងគ្រោះត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់ដោយដៃជាប់ខ្នោះ ពាក់អាវដៃវែងពណ៌ផ្ទៃមេឃ ស្លៀកខោពណ៌បៃតង ខ្សែក្រវាត់ពណ៌ខ្មៅ ហើយនៅក្បែរសព មានស្បែកជើងផ្ទាត់មួយគូទៀតផង។

ចំណែកជនសង្ស័យជាឃាតករទាំង ២នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ទី១-ឈ្មោះជាតិ សារ៉ូ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ និងទី២-ឈ្មោះគង់ សំអឿន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ។ ជនសង្ស័យទាំង២នាក់ មានលំនៅក្នុងភូមិរិទ្ធីសែនជ័យ២ ឃុំអូរស្វាយ ស្រុកបុរីអូស្វាយសែនជ័យ។

តាមប្រភពពីសាច់ញាតិជនរងគ្រោះ បានបញ្ជាក់ប្រាប់ថា ជនរងគ្រោះឈ្មោះថេន សុមិត្ត បានជិះម៉ូតូ ១គ្រឿង ម៉ាកវ៉េវ អាល់ហ្វា (កញ្ចាស់) ពណ៌ត្រួយចេក ចេញបាត់ពីផ្ទះ តាំងពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ រួចពុំឃើញត្រឡប់មកផ្ទះវិញនោះទេ។ រហូតមកដល់ល្ងាចថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ ក៏ត្រូវបានគេប្រទះឃើញស្លាប់ទាំងដៃជាប់ខ្នោះ នៅចំណុចខាងលើតែម្តង ចំណែកម៉ូតូកញ្ចាស់របស់ជនរងគ្រោះ ក៏បាត់ មិនឃើញដែរ។

ក្រោយកើតមានករណីឃាតកម្មខាងលើ សមត្ថកិច្ចជំនាញ បានចុះពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបើកការស៊ើបអង្កេតស្រាវជ្រាវ រយៈពេល ៨ថ្ងៃ រហូតដល់កំណត់បានមុខសញ្ញា និងចាប់ឃាត់ខ្លួនជនសង្ស័យជាឃាតករទាំង២នាក់ខាងលើ នាំយកចាត់ការតាមច្បាប់ ស្រាប់តែ បែកធ្លាយដល់រឿងមន្ត្រីប៉េអឹមម្នាក់ ធ្លាប់ជក់គ្រឿងញៀនជាមួយនឹងជនសង្ស័យ ក៏ឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យបន្ថែម ២នាក់ទៀត នាំយកមកចាត់ការតាមច្បាប់៕

RELATED ARTICLES