Sunday, September 22, 2024
Homeព័ត៌មានជាតិបាត់ឪ កូនដើររក ឃើញស្លាប់ក្នុងលូ

បាត់ឪ កូនដើររក ឃើញស្លាប់ក្នុងលូ

ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់ តែងផឹកស្រាស្រវឹងជាប្រចាំ លុះចុងក្រោយ បានចេញទៅផឹកស្រា តាំងពីព្រឹក ដល់ថ្ងៃបាក់រសៀល នៅមិនទាន់ឃើញត្រឡប់មកផ្ទះវិញ ទើបកូនប្រុសបានចេញទៅតាមរក ស្រាប់តែប្រទះឃើញឪពុកដេកស្លាប់នៅក្នុងលូប្រឡាយទឹក ក្បែរផ្ទះ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៦និង៣០នាទីព្រលប់ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុច លូប្រឡាយខាងត្បូងផ្ទះជនរងគ្រោះ ចម្ងាយ៧០ម៉ែត្រ ស្ថិតនៅភូមិបឹង ឃុំបឹងកន្ទួត ស្រុកក្រគរ។

បុរសរងគ្រោះ មានឈ្មោះញ៉ឹប ស៊ុន អាយុ៦០ឆ្នាំ មុខរបរកសិករ មានលំនៅ ភូមិបឹង ឃុំបឹងកន្ទួត ស្រុកក្រគរ។

តាមការបំភ្លឺរបស់ឈ្មោះញ៉ឹប សំណាង ភេទប្រុស អាយុ២៧ឆ្នាំ ត្រូវជាកូនបង្កើតជនរងគ្រោះ បានរៀបរាប់ប្រាប់ថា ឪពុករបស់ខ្លួន តែងផឹកស្រាស្រវឹងជាជាប្រចាំ។ នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង ៩ព្រឹក ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ ឪពុករបស់ខ្លួន បានដើរចេញពីផ្ទះ ទៅផឹកស្រា-ស ដូចរាល់ដង តែចម្លែកត្រង់ថា មកដល់ម៉ោង ៣រសៀលទៅហើយ នៅតែមិនទាន់ឃើញឪពុកត្រឡប់មកផ្ទះវិញ តាមទម្លាប់សោះ ទើបនាំគ្នាដើររកនៅកន្លែងដែលឪពុកធ្លាប់ទៅផឹកស្រា ដូចសព្វដង តែរកមិនឃើញ។

កូនប្រុសជនរងេគ្រោះ បន្តថា រហូតដល់ម៉ោង ៦និង៣០នាទី ព្រលប់ថ្ងៃដដែល បងស្រីរបស់ខ្លួន ទើបនឹងចេញពីធ្វើការរោងចក្រ ក៏នាំគ្នាដើរចេញទៅតាមរកឪពុកទៀត នៅខាងត្បូងផ្ទះ ស្រាប់តែមួយសន្ទុះក្រោយមក ប្រទះឃើញឪពុកដេកស្លាប់នៅខាងក្រោមលូប្រឡាយ ទើរនៅនឹងភ្លឺស្រែ ស្លាប់បាត់ទៅហើយ ទើបកើតមានការភ្ញាក់ផ្អើល និងរាយការណ៍ប្រាប់សមត្ថកិច្ចតែម្តង។

លោកវរសេនីយ៍ទោ ត្រិញ ដុង អធិការរងនគរបាលស្រុកក្រគរ បានបញ្ជាក់ថា ក្រោយសមត្ថកិច្ចជំនាញចុះពិនិត្យនិងធ្វើកោសល្យវិច័យសពរួច បញ្ជាក់ថា ពុំឃើញមានស្លាកស្នាមគួរឱ្យសង្ស័យពាក់ព័ន្ធករណីព្រហ្មទណ្ឌឡើយ ហើយតាមរយៈការរៀបរាប់របស់ក្រុមគ្រួសារសព សមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន បានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារផឹកស្រាស្រវឹង ដើរធ្លាក់ប្រឡាយ លង់ទឹកស្លាប់ដោយខ្លួនឯង។

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ជូនក្រុមគ្រួរសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES