Sunday, September 22, 2024
Homeព័ត៌មានជាតិឆក់កាបូប ដួលម៉ូតូរបួសម៉ែកូន៤នាក់

ឆក់កាបូប ដួលម៉ូតូរបួសម៉ែកូន៤នាក់

ខេត្តបាត់ដំបង ៖ ស្ត្រីម្នាក់ កំពុងជិះម៉ូតូដឹកកូនតូចចំនួន៣នាក់ ធ្វើដំណើរតាមផ្លូវសុខៗ ស្រាប់តែលេចមុខជនសង្ស័យចំនួន ២នាក់ បានធ្វើសកម្មភាពឆក់កាបូប តែមិនបាន បណ្តាលឱ្យដាច់ខ្សែកាបូប បោកដួលម៉ូតូទៅលើផ្លូវ បង្កឱ្យជនរងគ្រោះទាំង៤នាក់ម្តាយកូន រងរបួសរលាត់ដៃជើង ចំណែកជនសង្ស័យ បានព្យាយាមរត់គេចខ្លួនអស់ ២ថ្ងៃ ក៏ត្រូវសមត្ថកិច្ចតាមចាប់ខ្លួនបាន នាំយកទៅចាត់ការតាមច្បាប់។

ករណីឆក់កាបូបនេះ បានកើតឡើង កាលពីវេលាម៉ោង ៦និង៥១នាទីព្រលប់ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ នៅលើកំណាត់ផ្លូវជាតិលេខ 59A ស្ថិតក្នុងក្រុមទី៧ ភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន។ លុះមកដល់វេលាម៉ោង ១២និង២៥នាទីថ្ងៃត្រង់ ថៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ សមត្ថកិច្ចបានតាមចាប់ខ្លួនជនសង្ស័យទាំង២នាក់បាន នៅចំណុចក្រុមទី១៤ ភូមិចំបក់ ឃុំជ្រៃសីមា ស្រុកសំពៅលូន។

ជនសង្ស័យទាំង២នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ទី១-ឈ្មោះជា ដារ៉ូ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ និងទី២-ឈ្មោះសន សំរិត ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ។ ជនសង្ស័យទាំង២នាក់ មានលំនៅបច្ចុប្បន្ន ភូមិចំបក់ ឃុំជ្រៃសីមា ស្រុកសំពៅលូន។ ចំណែកស្ត្រីរងគ្រោះ មានឈ្មោះរេន ស្រីនាង អាយុ២៣ឆ្នាំ មានលំនៅ ភូមិអូរស្ងាត់ ឃុំសន្តិភាព ស្រុកសំពៅលូន។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង ៦និង៥១នាទីព្រលប់ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ ខណៈដែលស្ត្រីរងគ្រោះកំពុងជិះម៉ូតូ ១គ្រឿង ម៉ាកហុងដាវ៉េវ ពណ៌ខៀវលាយខ្មៅ ដឹកកូនតូចចំនួន៣នាក់ ធ្វើដំណើរលើដងផ្លូវជាតិលេខ 59A ស្រាប់តែលេខមុខជនសង្ស័យទាំង២នាក់ខាងលើ បានធ្វើសកម្មភាពឆក់យកកាបូបលុយរបស់ស្ត្រីរងគ្រោះ បណ្តាលឱ្យដាច់ខ្សែកាបូប និងដួលម៉ូតូនៅលើផ្លូវ រងរបួសដាច់រលាត់ ក ស្មា និងជង្គង់ (រងរបួសស្រាលទាំង៤នាក់ម្តាយកូន)។

ក្រោយពីធ្វើសកម្មភាពមិនបានសម្រេច ក្រុមជនសង្ស័យ បានជិះម៉ូតូគេចខ្លួនបាត់ស្រមោល។ រហូតមកដល់វេលាម៉ោង ១២និង២៥នាទី ថ្ងៃត្រង់ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ ទើបកម្លាំងអធិការដ្ឋាននគរបាលស្រុកសំពៅលូន បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសន្តិភាព និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រៃសីមា ធ្វើការស្រាវជ្រាវបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យទាំង២នាក់បាន នៅចំណុចក្រុមទី១៤ ភូមិចំបក់ ឃុំជ្រៃសីមា ស្រុកសំពៅលូន។

ជនសង្ស័យជាមុខសញ្ញាឆក់កាបូបលុយ ទាំង២នាក់ខាងលើ ត្រូវបានបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES