ខេត្តរតនគិរី ៖ ប្តីប្រពន្ធ ២នាក់ ក្រោយពីរួមរស់មិនចុះសម្រុងនឹងគ្នា ក៏ឈានដល់ការបែកបាក់លែងលះគ្នាដាច់ ស្រេចអស់ជាច្រើនឆ្នាំមកហើយ តែភាគីបុរសជាអតីតប្តី ចេះតែតាមរករឿង ប្រើហិង្សា គំរាមសម្លាប់អតីតប្រពន្ធ មិនស្វាង រហូតដល់ភាគីស្ត្រីជាអតីតប្រពន្ធទ្រាំលែងបាន ក៏ប្តឹងសមត្ថកិច្ចចាប់វាយខ្នោះអតីតប្តី នាំយកទៅចាត់ការតាមច្បាប់។
ប្រតិបត្តិការចាប់ឃាត់ខ្លួនជនសង្ស័យជាអតីតប្តី ដែលគំរាមសម្លាប់អតីតប្រពន្ធនេះ បានធ្វើឡើង កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ តាមបណ្តឹងជនរងគ្រោះ។
ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះម៉ៅ មករា ហៅតឿ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរជាងសំណង់ មានលំនៅ ភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង។ ចំណែកស្ត្រីរងគ្រោះ មានឈ្មោះសាន់ មូលីតា ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរគ្រូសិល្បៈ មានលំនៅ ភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង។
យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា រវាងជនសង្ស័យ និងជនរងគ្រោះ ធ្លាប់ជាប្តីប្រពន្ធ តែក្រោយមក ដោយសារតែរស់នៅមិនចុះសម្រុងនឹងគ្នា ទើបឈានដល់ការលែងលះគ្នាដាច់ស្រេចអស់ជាច្រើនឆ្នាំមកហើយ តែជនសង្ស័យជាអតីតប្តី តែងតែទៅគំរាមសម្លាប់ និងប្រើអំពើហិង្សាទៅលើស្ត្រីរងគ្រោះជាអតីតប្រពន្ធ ជារឿយៗ រហូតធ្វើឱ្យស្ត្រីរងគ្រោះទ្រាំចំពោះទង្វើរបស់ជនសង្ស័យលែងបាន ក៏សម្រេចចិត្តប្តឹងសមត្ថកិច្ចតែម្តង។
របាយការណ៍ដដែល បញ្ជាក់ថា ការឃាត់ជនសង្ស័យខាងលើនេះ សមត្ថកិច្ចបានដកហូតកាំបិតស្នៀត ចំនួន១ដើម ដែលជាវត្ថុតាងប្រព្រឹត្តបទល្មើសផងដែរ។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងបានលុង ជាបណ្តោះអាសន្ន ដើម្បីបំពេញសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តរតនគិរី ចាត់ការបន្តតាមនីតិវិធី៕