Sunday, September 22, 2024
Homeព័ត៌មានជាតិឲ្យលុយទិញដី ស៊ីដាច់ ជាប់ខ្នោះ២នាក់

ឲ្យលុយទិញដី ស៊ីដាច់ ជាប់ខ្នោះ២នាក់

ខេត្តកំពង់ចាម ៖ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាម បន្ទាប់ពីទទួលបានបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ពីលោកឧត្តមសេនីយ៍ សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម បានឃាត់ខ្លួនបុរសពីរនាក់ តាមដីកាបង្គាប់ឱ្យចាប់ខ្លួន ពាក់ព័ន្ធបទល្មើសរំលោភលើទំនុកចិត្ត។

លោកវរសេនីយ៍ត្រី ឡេង សុខា នាយការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ នៃមន្ទីរស្រាវជ្រាវនិងបង្ក្រាបទល្មើស បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម បានបញ្ជាក់ឱ្យដឹង នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ថា កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ កម្លាំងជំនាញអាវុធហត្ថខេត្តកំពង់ចាម សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបាធាយ និងពន្លាតដែនសម្ថកិច្ចសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដឹកនាំដោយលោកវរសេនីយ៍ទោ សែម ឃាង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម បានចុះអនុវត្តន៍ដីកាបង្គាប់ឱ្យចាប់ខ្លួន ចំនួន២ដីកា (លេខ៦១៥ ព.ស និងលេខ៦១៤ ព.ស) ចុះថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ ចេញដោយលោកសួស ឡា ប្រធានសាលាដំបូងខេត្តកំពង់ចាម។

ជាលទ្ធផល ឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ ទី១-ឈ្មោះឃុត ខូវ ភេទប្រុស អាយុ៥៦ឆ្នាំ មានលំនៅ ភូមិច្បារអំពៅ ឃុំច្បារអពៅ ស្រុកបាធាយ ត្រូវបានឃាត់ខ្លួននៅវេលាម៉ោង ៨និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ និងទី២-ឈ្មោះហាប់ ផលរី ភេទប្រុស អាយុ៤១ឆ្នាំ មានលំនៅ ភូមិគងជ័យ ឃុំព្រែកកុយ ស្រុកកងមាស ត្រូវបានឃាត់ខ្លួននៅវេលាម៉ោង ៨និង៣០នាទីយប់ នៅតាមផ្លូវ ស្ថិតនៅភូមិដង្កោ សង្កាត់ដង្កោ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ត្រី ឡេង សុខា បានឱ្យដឹងទៀតថា ដើមចមនៃបទល្មើសខាងលើ ផ្តើមចេញពី ដើមបណ្តឹងឈ្មោះស៊្រុន សាឡូន ភេទស្រី អាយុ៤៤ឆ្នាំ រស់នៅភូមិដើមជ្រៃ ឃុំរកាកោង២ ស្រុកមុខកំពូល ខេត្តកណ្តាល បានប្រគល់លុយឱ្យជនសង្ស័យខាងលើ ដើម្បីទិញដី ប៉ុន្តែជនសង្ស័យ មិនបានយកលុយនោះទៅទិញដីឱ្យទេ ទើបធ្វើឱ្យឈ្មោះស៊្រុន សាឡូន បានដាក់ពាក្យបណ្តឹងទៅសាលាដំបូងខេត្តកំពង់ចាម។

ជនត្រូវចោទទាំងពីរនាក់ ត្រូវបានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES