Sunday, September 22, 2024
Homeព័ត៌មានជាតិកូនមិននិយាយរកម៉ែឪ៧ថ្ងៃ ចងកស្លាប់

កូនមិននិយាយរកម៉ែឪ៧ថ្ងៃ ចងកស្លាប់

ភ្នំពេញ ៖ យុវតីរូបស្រស់ម្នាក់ ជាសិស្សថ្នាក់ទី១២ ត្រៀមប្រឡងបាក់ឌុប មិនដឹងជាមានវិបត្តិផ្លូវចិត្ត ឬអាក់អន់ស្រពន់ ចិត្តក្តង្នុរង្វង់គ្រួសាររឿងអ្វី ស្រាប់តែនៅសុខៗ មិនមាត់មិនក មិនព្រមនិយាយរកសូម្បីឪពុកម្តាយខ្លួន អស់រយៈពេល ៧ថ្ងៃ ស្រាប់តែចុងក្រោយ បានសម្រេចចិត្តចងកសមាប់ខ្លួននៅលើដើមស្វាយ ក្បែរផ្ទះ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៦និង១០នាទីព្រឹក ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ នៅត្រង់ចំណុចភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

យុវតីគិតខ្លី ចងកធ្វើអត្តឃាត មានឈ្មោះចាន់ ម៉ីយ៉ុង ហៅយ៉ុងយ៉ុង អាយុ១៧ឆ្នាំ ជាសិស្សរៀនថ្នាក់ទី១២ មានលំនៅក្នុង ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពពីក្រុមគ្រួសារយុវតីខាងលើ បានរៀបរាប់ប្រាប់ថា កន្លងមក កូនស្រីម្នាក់នេះ គឺជាក្មេងល្អខ្លាំងណាស់ ស្តាប់បង្គាប់ គោរពឪពុកម្តាយ និងមិនដែលធ្វើឱ្យក្រុមគ្រួសារលំបាកចិត្តម្តងណាឡើយ ហើយនាងកំពុងរៀនថ្នាក់ទី១២ និងជិតដល់ពេលប្រឡងទៅហើយ ស្រាប់តែនៅសុខៗមិនដឹងជាមានរឿងអ្វី បែរជាគិតខ្លីដល់ថ្នាក់ចងកបញ្ចប់ជីវិតខ្លួនឯងបែបនេះទៅវិញ ធ្វើឱ្យក្រុមគ្រួសារ មានមន្ទិលនិងចម្ងល់យ៉ាងខ្លាំង។

ប្រភពដដែល បន្តថា មុនពេលកើតហេតុ ពួកគាត់សង្កេតឃើញកូនស្រី ហាក់មានអាការប្លែកក្នុងរង្វង់ពេល ១សប្តាហ៍ចុងក្រោយនេះ ដោយឃើញនាងហាក់មានទឹកមុខស្រងូតស្រងាត់ មិនព្រមនិយាយស្តីអ្វីទាំងអស់ ហើយសូម្បីតែពួកគាត់ជាឪពុកម្តាយ ក៏កូនស្រីនេះ មិនព្រមនិយាយស្តីរកដែរ ពុំដឹងថានាងមានវិបត្តិអ្វីឡើយ។

ប្រភពខាងលើ បញ្ជាក់ថា លុះមកដល់យប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ក្រោយហូបបាយជុំគ្នារួច កូនស្រី និងពួកគាត់ជាឪពុកម្តាយ ក៏ចែកផ្លូវគ្នាចូលកន្លែងដេករៀងៗខ្លួនទៅ។ រហូតមកដល់វេលាព្រលឹម ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ គ្រាដែលក្រុមគ្រួសារភ្ញាក់ពីដេក ស្រាប់តែប្រទះឃើញកូនស្រីចងកសម្លាប់ខ្លួន នៅលើដើមស្វាយ ធ្វើឱ្យកើតមានការផ្អើលឆោឡោ ស្រាយចំណងដាក់កូនស្រីចុះមកក្រោម ដើម្បីសង្គ្រោះដែរ តែអកុសល កូនស្រីបានស្លាប់បាត់ទៅហើយ មិនដឹងក្រោកចងកស្លាប់តាំងពីថ្មើរណា។ បន្ទាប់មក ក្រុមគ្រួសារ ក៏បានរាយការណ៍ប្រាប់សមត្ថកិច្ច ចុះមកពិនិត្យតែម្តង។

ក្រោយទទួលបានសេចក្តីរាយការណ៍ខាងលើ កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី៣ បានចុះទៅពិត្យជាក់ស្តែង និងធ្វើកំណត់ហេតុតាមជំនាញ ហើយក្រុមគ្រួសារសព ពុំបានប្តឹងផ្តល់សុំឱ្យសមត្ថកិច្ចស្រាវជ្រាវបន្តទៀតឡើយ ដោយទទួលស្គាល់ថា កូនស្រីរបស់ខ្លួន ពិតជាចងកសម្លាប់ខ្លួនមែន រួចក៏សុំយកសពកូនស្រី ទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES