ភ្នំពេញ៖លីម តិចម៉េង ក្រោយឈ្នះពានCambodian Idol រដូវកាលទី៤រូបគេហាក់មានសន្ទុះនៃការគាំទ្រច្រើនជាងម្ចាស់ពានទាំងឡាយរបស់ហង្សមាសមុនៗពោលគឺអ្នកចម្រៀងរាងស្ដើងឬគេហៅថាជា”Idol តូច”រូបនេះពេលចេញច្រៀងសម្ដែងតាមកម្មវិធីសម្ពោធផលិតផលនីមួយៗតែងតែមានFan ទាំងស្រីទាំងប្រុសចោមរោមថតSelfie និងខ្លះចាប់អោបថើបទៀតផង ដែលធ្វើឲ្យរូបគេបានកែប្រែវាសនាដូចមេឃនិងដី បើប្រៀបធៀបមុនក្លាយជាម្ចាស់ជ័យលាភីកាលពីថ្ងៃទី២១ខែសីហាឆ្នាំ២០២២ ដែលផ្ដួលបេក្ខភាព៣រូបផ្សេងទៀតនៅវគ្គផ្ដាច់ព្រ័ត្រគឺលោកថុល សុភិទិ,ស៊ឹម ច័ន្ទពន្លឺ និងនាង ដាវីន ។យ៉ាងណាសំណួរដែលមហាជនលើកឡើងនោះថាតើតិចម៉េង នឹងល្បីបានតែ១ប្រាវដូចម្ចាស់ពានទាំងឡាយមុនៗរបស់ហង្សមាសឬមួយក៍រូបគេអាចរក្សារការគាំទ្រខ្លាំងបានយូរអង្វែង?ការលើកឡើងបែបនេះដោយសារតែមានម្ចាស់ពានរបស់ហង្សមាសជាច្រើនដួងមកហើយដែលពួកគេល្បីតែពេលលើកពានភ្លាមតែក្រោយមកគ្មានបទចេញក៍ស្ងាត់ទៅវិញស្ទើតែគ្រប់គ្នា។ដោយឡែកតិចម៉េង វិញថ្មីៗនេះរូបគេទើបចេញបទផ្ទាល់ខ្លួន”អរគុណFan” ហើយការថតMV ហាក់មានការសម្រិតសម្រាំងជាពិសេសផងដែរដែលនេះបញ្ជាក់ថាហង្សមាសបានយកចិត្តទុកដាក់ឬលើកស្ទួយម្ចាស់ពានរូបនេះមិនទុកចោលឡើយ។

អតីតអ្នកដឹកនាំការប្រគុំតន្រ្ដីរបស់PNN ម្នាក់បានប្រាប់តាមទូរស័ព្ទដោយសុំមិនឲ្យដាក់ឈ្មោះកាលពីថ្ងៃទី១តុលា ថាតាមលោកដឹងលីម តិចម៉េង ចេះធ្វើភ្លេងនិងពិពន្ធបទចម្រៀងខ្លួនឯងអីចឹងពេលមានឱកាសហើយកុំពឹងលើហង្សមាសទាំងស្រុងពេកអីត្រូវចេះឆ្លៀតឱកាសបើក្រុមហ៊ុនផ្ដល់សិទ្ធិឲ្យ។លោកថារឿងតិចម៉េង និងម្ចាស់ពានដ៍ទៃទៀតល្បីឬមិនល្បីគឺអាស្រ័យនៅលើហង្សមាសថាតើគេលើកឬឡង់សេយើងឬអត់?អ្នកដឹកនាំប្រគុំតន្រ្ដីរូបនោះបន្ថែមថាកន្លងមកហង្សមាសមិនមែនទុកម្ចាស់ពានចោលទេ តែរឿងមកពីតារាខ្លះស្ងាត់ច្រៀងមិនឡើងដោយសារតែតារាហង្សមាសពេលនេះមានតារាកាន់តែច្រើន អីចឹងបទចម្រៀងត្រូវវិលជុំទម្រាំដល់យើងមានគេដែរ ហេតុនេះហើយបើមានសម្ថភាពធ្វើខ្លួនឯងនោះលោកជឿរថាហង្សមាសក៍ពេញចិត្តឲ្យធើ្វដើម្បីឲ្យផលិតកម្មគេមានបទថ្មីៗចេញបានច្រើន។

សូមបញ្ជាក់ថាលីម តិចម៉េង ជាម្ចាស់ពានរដូវកាលទី៤របស់Cambodian idol រដូវកាលទី៤ ខណៈដែលនី រតនា ឈ្នះពានរដូវកាលទី១,ឈិន ម៉ានិច្ច លើកពានរដូវកាលទី២ និងគ្រី ថៃពៅ ឈ្នះពានរដូវកាលទី៣៕

