Sunday, September 22, 2024
Homeព័ត៌មានជាតិបងទាញចប ប្អូនទាញដំបងវ៉ៃសន្លប់ស្តូក

បងទាញចប ប្អូនទាញដំបងវ៉ៃសន្លប់ស្តូក

ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់ ក្រោយពីផឹកស៊ីស្រវឹងធ្លាក់ភ្នែក ស្រាប់តែត្រឡប់មកវិញ ស្រែកឡូឡារករឿងសាច់ញាតិរបស់ខ្លួន ឃើញបែបនេះ ប្អូនជីដូនមួយម្នាក់ បានចូលមកឃាត់ ស្រាប់តែបងកំពុងស្រវឹង ខឹងច្រឡោត ស្ទុះទៅទាញចបជីក បំណងវាយ តែត្រូវប្អូនស្រវាបានដំបង វាយបានមុន បណ្តាលឱ្យបែកក្បាល ហូរឈាម ដួលសន្លប់នៅនឹងដី ទីបំផុតអ្នកចាញ់ដេកពេទ្យ អ្នកឈ្នះដេកប៉ុស្តិ៍។

ករណីអំពើហិង្សារវាងបងប្អូនជីដូនមួយនេះ បានកើតឡើង កាលពីវេលាម៉ោង ៥ល្ងាច ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចភូមិត្រពាំងចិក្សា សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ភាគីដែលរងរបួសរយះក្បាល សន្លប់ មានឈ្មោះលុយ លាភ ហៅលុយ វុធ អាយុ៤០ឆ្នាំ មុខរបរកសិករ។ ចំណែកភាគីដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះលន់ សុភាស់ ហៅពែក ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកសិករ។ រវាងអ្នកទាំងពីរ ត្រូវជាបងប្អូនជីដូន និងមានលំនៅក្នុងភូមិកើតហេតុខាងលើជាមួយគ្នា។

ប្រភពដដែល បន្តថា មុនពេលកើតហេតុ ឈ្មោះលុយ លាភ ហៅលុយ វុធ ទើបនឹងត្រឡប់មកពីផឹកស៊ីស្រវឹង ក៏បានស្រែកឡូឡា ព្រមទាំងជេរប្រមាថសាច់ញាតិរបស់ខ្លួន និងបានរុញឈ្មោះម៉ៅ ភេទស្រី អាយុ៦៧ឆ្នាំ ជាម្ចាស់ផ្ទះ និងត្រូវជាអ៊ំរបស់ខ្លួនទៀតផង។ ពេលនោះ ឈ្មោះលន់ សុភាស់ ដែលត្រូវជាប្អូនជីដូនមួយ បានចូលមកឃាត់ និងស្តីបន្ទោសឈ្មោះលុយ លាភ ដែលជាបងជីដូនមួយថា កុំធ្វើដាក់អ៊ំស្រីបែបហ្នឹង ស្រាប់តែឈ្មោះលុយ លាភ ដែលកំពុងស្រវឹងជោក ផ្ទុះកំហឹង ស្ទុះទៅទាញចបជីក ប្រវែង ០,៨៥ម៉ែត្រ មករកវាយប្អូនជីដូនមួយឈ្មោះលន់ សុភាស់ តែប្អូនជីដូនស្រវាបានដំបងឫស្សី ប្រវែង ១,៩៩ម៉ែត្រ វាយបានមុន បណ្តាលឱ្យចំក្បាលបងជីដូនមួយ បែកហូរឈាម ដួលសន្លប់នៅលើដីតែម្តង។

ក្រោយកើតហេតុ ក្រុមគ្រួសារក៏បានចូលមកឃាត់ និងបានដឹកបញ្ជូនភាគីបងដែលរងរបួស ទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាល។  ចំណែកភាគីប្អូន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កសាងសំណុំរឿងបញ្ជូនទៅចាត់ការតាមនីតិវិធី៕

RELATED ARTICLES