Sunday, September 22, 2024
Homeព័ត៌មានជាតិ១០ដេញកាប់៥ ប្លន់ម៉ូតូ១គ្រឿង

១០ដេញកាប់៥ ប្លន់ម៉ូតូ១គ្រឿង

ភ្នំពេញ ៖ យុវជន ១ក្រុម មានគ្នា៥នាក់ បានជូនមិត្តភក្តិ យកអន្សមដែលសល់ពីបុណ្យភ្ជុំបិណ្ឌ ទៅឱ្យមិត្តភក្តិម្នាក់ទៀត លុះពេលត្រឡប់មកវិញ ស្រាប់តែលេចមុខជនសង្ស័យ ១ក្រុម មានគ្នាប្រមាណ ១០នាក់ ប្រដាប់ដោយខ្សែក្រវាត់ និងកាំបិត បានធ្វើសកម្មភាពដេញវាយនិងកាប់ ប្លន់យកម៉ូតូ ១គ្រឿង បានសម្រេច រួចជិះគេចបាត់ដោយសុវត្ថិភាព។

ករណីដេញកាប់ប្លន់ម៉ូតូនេះ បានកើតឡើង កាលពីវេលាម៉ោង ៨យប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវបេតុង ព្រៃដើមឈើទាល ជាប់វត្តជន្លង់ម្លូ ស្ថិតក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល។

ជនរងគ្រោះជាម្ចាស់ម៉ូតូ មានឈ្មោះគួយ ធីម ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅភូមិស្វាយ ព្រៃឃុំសណ្តែក ស្រុកបាធាយ ខេត្តកំពង់ចាម។ ចំណែកម៉ូតូដែលជនសង្ស័យប្លន់យកទៅបាត់នោះ ម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរី២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1Z- 2545។

តាមប្រភពពីជនរងគ្រោះ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ រូបគេត្រូវបានមិត្តភក្តិម្នាក់ពឹងឱ្យជូនទៅយកនំអន្សមដែលសល់ពីបុណ្យភ្ជុំបិណ្ឌ យកទៅឱ្យមិត្តភក្តិម្នាក់ទៀត នៅចំណុចបុរីពិភពថ្មី ផ្លូវជាតិលេខ៣ ដោយមានគ្នា ៥នាក់ ជិះម៉ូតូ ចំនួន២គ្រឿង។ លុះពួកគេទៅដល់ផ្ទះមិត្តភក្តិ ក៏បាននាំគ្នាផឹកស៊ីបន្តិចបន្តួច ហើយក៏ត្រឡប់មកវិញ ដោយធ្វើដំណើរតាមផ្លូវបេតុងព្រៃដើមឈើទាល ជាប់វត្តជន្លង់ម្លូ។ ខណៈកំពុងតែជិះនោះ ស្រាប់តែលេចមុខជនសង្ស័យ ១ក្រុម មានគ្នាប្រមាណ ១០នាក់ ជិះម៉ូតូជាច្រើនគ្រឿង និងប្រដាប់ដោយកាំបិត និងខ្សែក្រវាត់ បានដេញវាយនិងកាប់ពួកគេទាំងកំរោល ធ្វើឱ្យពួកគេមានការភ័យស្លន់ស្លោ ផ្តួលម៉ូតូទាំង២គ្រឿង និងព្យាយាមរត់គេចខ្លួនចូលព្រៃ លុះឃើញឱកាសល្អ ក្រុមជនសង្ស័យក៏បានលើកម៉ូតូរបស់គេ ១គ្រឿង ជិះគេចខ្លួនបាត់តែម្តង។

ប្រភពដដែល បន្តថា ក្រោយកើតហេតុភ្លាមៗ ពួកគេបានលើកជិះម៉ូតូជិះដេញតាម និងស្រែកឱ្យប្រជាពលរដ្ឋជួយស្ទាក់។ ភ្លាមនោះ ក៏មានបងប្អូនប្រជាពលរដ្ឋ និងប្រជាការពារភូមិ បាននាំគ្នាដេញស្ទាក់ ព្រមទាំងប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ជួយអន្តរាគមន៍ភ្លាមៗ បន្ទាប់មកក៏បានឃាត់ម៉ូតូចំនួន ៥គ្រឿង មានគ្នាជិត១០នាក់ ដើម្បីឱ្យជនរងគ្រោះមើលដែរ តែក្រោយពីពិនិត្យរួច ដឹងថាមិនមែនជាក្រុមជនសង្ស័យ សមត្ថកិច្ចក៏បានឱ្យយុវជនចំនួន៥ម៉ូតូនោះ ត្រឡប់ទៅផ្ទះវិញទៅ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានជូនជនរងគ្រោះ និងមិត្តភក្តិ ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលសង្កាត់ភ្លើងឆេះរទេះ ដើម្បីឱ្យសមត្ថកិច្ចស្រាវជ្រាវ តាមចាប់ជនសង្ស័យខាងលើ យកមកផ្តន្ទាទោសតាមច្បាប់៕

RELATED ARTICLES