Sunday, September 22, 2024
Homeព័ត៌មានជាតិវ៉ៃខ្នោះ៤នាក់ ព្រួតវ៉ៃ១​ រយះក្បាល

វ៉ៃខ្នោះ៤នាក់ ព្រួតវ៉ៃ១​ រយះក្បាល

ខេត្តឧត្តរមានជ័យ ៖ ក្មេងទំនើងឈាមរាវ ១ក្រុម បានធ្វើសកម្មភាពព្រួតវាយយុវជនម្នាក់ បណ្តាលឱ្យរយះក្បាលយ៉ាងធ្ងន់ រួចបានព្យាយាមរត់គេចខ្លួនអស់រយៈពេលជាងកន្លះខែ ទីបំផុត ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ បញ្ជូនទៅចាត់ការតាមច្បាប់។

ករណីអំពើហិង្សាដោយចេតនា វាយយុវជនម្នាក់ បណ្តាលឱ្យរយះក្បាល រងរបួសធ្ងន់នេះ បានកើតឡើង កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតនៅត្រង់ចំណុចសួនមាត់បឹងអូរជីក ភូមិថ្នល់កែង ឃុំអន្ងង់វែង ស្រុកអន្លង់វែង។ រហូតមកដល់វេលាម៉ោង ៩និង៣០នាទី ព្រឹក ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ សមត្ថកិច្ចធ្វើការស្រាវជ្រាវ តាមចាប់ខ្លួនក្រុមជនដៃដល់បានចំនួន ៤នាក់ នាំយកមកសាកសួរ។

តាមប្រភពពីសមត្ថកិច្ច បានបញ្ជាក់ប្រាប់នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ ថា ជនសង្ស័យទាំង៤នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ៖ ទី១-ឈ្មោះស៊ូន សៀវផាវ ហៅត្រា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅអូរតាមែង ឃុំអន្លង់វែង ស្រុកអន្លង់វែង  (ជាជនដៃដល់)។ ទី២-ឈ្មោះនាត ពន្លក ហៅពៅ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាងពិតាន រស់នៅភូមិអូរជីក ឃុំអន្លង់វែង ស្រុកអន្លង់វែង។ ទី៣-ឈ្មោះព្រឿន សំណាង ហៅណាង ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអូរគគីរកណ្តាល ឃុំលំទង ស្រុកអន្លង់វែង (ជាមេខ្លោង) និងទី៤-ឈ្មោះឈឿម សុប៊ុន ហៅប៊ុន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិលំទងថ្មី ឃុំលំទង ស្រុកអន្លង់វែង។ ចំណែកជនរងគ្រោះ មានឈ្មោះហ៊ីម ចន្ថា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ រស់នៅភូមិអូរគគីរកណ្តាល ឃុំលំទង ស្រុកអន្លង់វែង (រងរបួសរយះក្បាល ដេរ៨ថ្នេរ)។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង ៥និង១៥នាទីល្ងាច ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ មានករណីហិង្សាមួយ បានកើតឡើង នៅចំណុចសួនមាត់បឹងអូរជីក ស្ថិតនៅភូមិថ្នល់កែង ឃុំអន្លង់វែង ស្រុកអន្លង់វែង ដោយក្រុមជនសង្ស័យទាំង៤នាក់ខាងលើ បានធ្វើសកម្មភាពយកដំបងគ្រលាស់ វាយទៅលើជនរងគ្រោះឈ្មោះហ៊ីម ចន្ថា បណ្តាលឱ្យរងរបួសធ្ងន់ត្រង់ក្បាល រយះប្រវែង ៨សង់ទីម៉ែត្រ ដេរចំនួន៨ថ្នេរ។

ក្រោយកើតហេតុ ជនរងគ្រោះ បានដាក់ពាក្យបណ្តឹងសុំឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។ បន្ទាប់មក ដោយមានការដឹកនាំចង្អុលបង្ហាញបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត   លោកវរសេនីយ៍ទោ ស៊ូ នូវ អធិការនគរបាលស្រុក បានដឹកនាំកម្លាំង ជំនាញចុះស្រាវជ្រាវ ឈានដល់ការកំណត់មុខសញ្ញាបាន និងធ្វើឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ ព្រមទាំងដកហូតម៉ូតូ ២គ្រឿង (ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២១ ឡើងតែម២០២២  ពាក់ស្លាកលេខ កោះកុង 1C-8856 និងម៉ាក EXCINTER ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ គ្មានស្លាកលេខ) ។  

ជនសង្ស័យទាំង៤នាក់ ត្រូវបានសមត្ថកិច្ចជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

ប៊ុនថេត

RELATED ARTICLES