Sunday, September 22, 2024
Homeព័ត៌មានជាតិករណីបង្ខាំងមនុស្សនៅសៀមរាប

ករណីបង្ខាំងមនុស្សនៅសៀមរាប

ខេត្តសៀមរាប ៖ សាលាដំបូងខេត្តសៀមរាប នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ បានសម្រេចឃុំខ្លួនមនុស្សប្រុសស្រី (ខ្មែរ-វៀតណាម) ចំនួន ១៧នាក់ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ព្រមទាំងបណ្តេញជនជាតិវៀតណាម ៧នាក់ ឱ្យវិលត្រឡប់ទៅប្រទេសកំណើតរបស់ខ្លួនវិញ បន្ទាប់ពីក្រុមជនសង្ស័យខាងលើ ត្រូវបានចាប់ឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាប កាលពីវេលាម៉ោង ១១និង២៥នាទី ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតនៅទីតាំង៣ ផ្សេងគ្នា ក្នុងខេត្តសៀមរាប ដែលពាក់ព័ន្ធទៅនឹងករណីចាប់បង្ខាំងមនុស្សខុសច្បាប់។

គួររំលឹកថា កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ កម្លាំងជំនាញអន្តោប្រវេសន៍ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងសៀមរាប និងស្រុកក្រឡាញ់ ដោយមានការចង្អុលបង្ហាញពីឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប និងមានការសម្របសម្រួលនីតិវិធីដោយលោក យិន មុនីរិទ្ធ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប បានចុះបង្ក្រាបករណីចាប់បង្ខាំងមនុស្សខុសច្បាប់ ចំនួន៣ទីតាំងផ្សេងគ្នា ដោយឃាត់ខ្លួនមនុស្សប្រុសស្រី សរុបចំនួន ២៦នាក់ (ស្រី ១០នាក់) ក្នុងនោះមានជនជាតិវៀតណាម ២៣នាក់ និងខ្មែរ ៣នាក់ ព្រមទាំងរំដោះជនរងគ្រោះ ចំនួន ១នាក់ ភេទស្រី ជនជាតិវៀតណាម។

ទីតាំងទាំង៣ ដែលត្រូវបានកម្លាំងសមត្ថកិច្ចចុះបង្ក្រាប រួមមាន ទីតាំងទី១-នៅចំណុចផ្លូវបំបែកអក្សរ T (ផ្លូវជាតិលេខ៦) ភូមិក្រឡាញ់ ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ឃាត់ខ្លួនមនុស្សចំនួន ៨នាក់ (ស្រី១) វៀតណាម៦ ខ្មែរ២។ ទីតាំងទី២- នៅចំណុចឃ្លាំងជួល ភូមិក្រសាំង សង្កាត់ជ្រាវ ក្រុងសៀមរាប ឃាត់ខ្លួនមនុស្សចំនួន ៨នាក់ (ស្រី៤) វៀតណាម៧ ខ្មែរ១ និងរំដោះជនរងគ្រោះចំនួន ១នាក់ (ស្រី ជនជាតិវៀតណាម) និងទីតាំងទី៣- នៅចំណុចផ្ទះវីឡាជួល ស្ថិតនៅភូមិក្រួស សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ឃាត់ខ្លួនមនុស្សចំនួន ១០នាក់ (ស្រី៥) វៀតណាមទាំងអស់។

បន្ទាប់ពីឃាត់ខ្លួនបានជនសង្ស័យ និងរំដោះជនរងគ្រោះរួច ក៏នាំនៅស្នងការដ្ឋាននគរបាលខេត្ត រួចមកកម្លាំងការិយាល័យនគរបាលជំនាញ បានបញ្ជូនទៅកាន់តុលាការខេត្ត ចាត់ការតាមនីតិវិធី។

ក្រោយតុលាការសាកសួររួច ក៏បានសម្រេចឱ្យកម្លាំងការិយាល័យអន្តោប្រវេសន៍ រៀបចំបញ្ជូនខ្លួនជនសង្ស័យប្រុសស្រី ជនជាតិវៀតណាម និងជនជាតិខ្មែរ ចំនួន១៦នាក់ ទៅដាក់ពន្ធនាគារខេត្តសៀមរាប បណ្តោះអាសន្ន និងបណ្តេញទៅប្រទេសវៀតណាម វិញ ប្រុសស្រីចំនួន ៧នាក់។ ដោយឡែកជនជាតិវៀតណាម ៣នាក់ផ្សេងទៀត ដែលមានលិខិតឆ្លងដែនត្រឹមត្រូវ ត្រូវបានឱ្យត្រឡប់ទៅលំនៅឋានវិញ។

ជនសង្ស័យប្រុសស្រីទាំង១៦នាក់ ត្រូវបានតុលាការសម្រេចឃុំខ្លួនបណ្តោះអាសន្ន ក្រោមបទចោទ ចំនួន៤ ទី១- បទអំពើលក់ដូរមនុស្ស ដោយមានគោលដៅ (ដោយក្រុមមានការចាត់តាំង)។ ទី២-បទការចាប់ការឃុំឃាំងនិងបង្ខាំងដោយខុសច្បាប់ មានស្ថានទម្ងន់ទោស (ធ្វើទារុណកម្មជំរិតទារប្រាក់)។ ទី៣- បទទទួលយកមនុស្សដោយមានគោលដៅជួយដល់ជនល្មើស និងទី៤- បទលួចឆ្លងដែនខុសច្បាប់៕

RELATED ARTICLES