Sunday, September 22, 2024
Homeព័ត៌មានជាតិភ្លៀង១មេ បាក់ថ្មភ្នំសង្កត់ផ្ទះពលរដ្ឋ២ខ្នង

ភ្លៀង១មេ បាក់ថ្មភ្នំសង្កត់ផ្ទះពលរដ្ឋ២ខ្នង

ខេត្តប៉ៃលិន ៖ លំនៅឋានរបស់ប្រជាពលរដ្ឋ ចំនួន២ខ្នង ដែលសង់នៅក្បែរជើងភ្នំកេស ស្រុកសាលាក្រៅ ត្រូវបានថ្មភ្នំបាក់សង្កត់បណ្តាលឱ្យខូចខាតស្ទើរតែទាំងស្រុង ខណៈមានភ្លៀង ១មេធំ បានធ្លាក់ក្នុងរយៈពេលយ៉ាងយូរ។

ហេតុការណ៍បាក់ថ្មភ្នំសង្កត់ផ្ទះប្រជាពលរដ្ឋនេះ បានកើតឡើងកាលពីវេលាម៉ោង ៣រសៀល ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២ នៅចំណុចជើងភ្នំកេស ស្ថិតនៅក្នុងភូមិភ្នំកេស ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ។

ផ្ទះប្រជាពលរដ្ឋរងគ្រោះទាំង២ខ្នង ទី១-ផ្ទះទំហំ ៤ម៉ែត្រ គុណនឹង ៥ម៉ែត្រ ជាកម្មសិទ្ធិរបស់ឈ្មោះលន់ ខឿន ភេទប្រុស អាយុ៦៣ឆ្នាំ ប្រពន្ធឈ្មោះអ៊ឹម យឿន អាយុ៦៥ឆ្នាំ រងការខូចខាតទាំងស្រុង អណ្តែតឆ្នាំង ចាន អង្ករ បែកពាងអស់៤ ខូចខាតដំណាំដំឡូងមី អស់២ហិកតារ និងម៉ូតូ១គ្រឿង និងទី២-ផ្ទះរបស់ឈ្មោះសឿ កឿន ភេទប្រុស អាយុ៥៤ឆ្នាំ ប្រពន្ធម៉ៅ ផាន អាយុ៥២ឆ្នាំ ខូចខាតទាំងស្រុង បែកពាងអស់២ អណ្តែតចានឆ្នាំង និងអណ្តែតសម្ភារៈផ្ទះបាយ សម្លៀកបំពាក់ផងដែរ។ 

តាមប្រភពពីស្ត្រីម្នាក់ ឈ្មោះអ៊ឹម យឿន បានរៀបរាប់ឱ្យដឹងថា នៅរសៀលថ្ងៃកើតហេតុ ខណៈមេឃកំពុងតែភ្លៀងខ្លាំង គាត់បានឮសំឡេងផ្ទុះថ្មភ្នំនៅផ្នែកខាងលើយ៉ាងខ្លាំង ស្រាប់តែមួយសន្ទុះក្រោយមក មានដុំថ្មហូរលាយឡំជាមួយនឹងទឹក មកសង្កត់លើផ្ទះរបស់គាត់ ស្ទើរតែស្ទុះរត់ចេញមិនទាន់។ គាត់បន្តទៀតថា ពេលនោះទឹកភ្លៀងចាប់ផ្តើមជន់លិចលង់ក្នុងភូមិ ត្រូវបានអាជ្ញាធរខេត្ត ដឹកនាំក្រុមការងារជម្លៀសពួកគាត់ឱ្យរកទីទួលសុវត្ថិភាព ដោយមិនឱ្យបន្តស្នាក់នៅក្នុងផ្ទះក្បែរភ្នំកេស ទៀតឡើយ។

លោកសៀ សុខុម អភិបាលរងស្រុកសាលាក្រៅ បានឱ្យដឹងថា ក្រោយពេលភ្លៀងខ្លាំងទឹកបានហូរចូលក្នុងផ្ទះ បណ្តាលឱ្យខូចខាតរបស់ប្រើប្រាស់ជាច្រើន និងខូចផលដំណាំផ្សេងៗ ទី១- ភូមិវាល ទឹកហូរចូលផ្ទះ ចំនួន៧ខ្នង ខូចខាតដំឡូងមី ១០ហិតារ។ ទី២- ភូមិភ្នំស្តង់ ទឹកលិច ខូចខាតដំឡូងមី ៥ហិតតារ។ ទី៣- ក្នុងផ្សារសាលាក្រៅ ទឹកហូរចូលក្នុងផ្សារ ខូចខាតសម្ភារៈអាជីវករមួយចំនួន។ ទី៤- ភូមិអូរឫស្សីលើ ទឹកហូរចូលផ្ទះ ៦ខ្នង។ ទី៥- ភូមិថ្នល់កែង ទឹកហូរចូលផ្ទះ ១៨ខ្នង ខូចខាតសម្ភារៈមួយចំនួន និងទី៦- ភូមិថ្នល់ទទឹង ទឹកហូរចូលផ្ទះ ១២ខ្នង ខូចខាតសម្ភារៈ មួយចំនួនផងដែរ៕

RELATED ARTICLES