Sunday, September 22, 2024
Homeព័ត៌មានជាតិឪរត់ចោល ម៉ែខ្សែភ្លើងឆក់ស្លាប់ កូន២នាក់អត់លុយបូជាសព

ឪរត់ចោល ម៉ែខ្សែភ្លើងឆក់ស្លាប់ កូន២នាក់អត់លុយបូជាសព

ខេត្តកណ្តាល ៖ ក្រុមគ្រួសារមួយ រស់នៅក្នុងជីវភាពក្រីក្រលំបាកតោកយ៉ាកយ៉ាងខ្លាំង ខណៈដែលបុរសជាប្តី រត់ចោលប្រពន្ធកូនបាត់ គ្មានដំណឹង បន្សល់ទុកស្ត្រីជាម្តាយ និងកូនស្រីវ័យ១០ឆ្នាំ ២នាក់ នាំគ្នាដើររើសអេតចាយ ចិញ្ចឹមជីវិត ស្រាប់តែអកុសល ឃើញមេឃធ្លាក់ភ្លៀង ក៏ចូលជ្រកក្រោមសំយាបឃ្លាំងលក់ម៉ូតូកង់បី ១កន្លែង លុះស្ត្រីជាម្តាយប្រះខ្លួនអង្គុយផ្អែកទ្វារដែក ក៏ត្រូវចរន្តអគ្គិសនីឆ្លង ឆក់ស្លាប់ភ្លាមៗ បន្សល់ទុកកូនស្រី ២នាក់ រស់នៅកំព្រា គ្មានទីពឹង គ្មានប្រាក់បូជាសពម្តាយ។

ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៨យប់ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល។

ស្ត្រីរងគ្រោះដែលត្រូវចរន្តអគ្គិសនីឆក់ស្លាប់ មានឈ្មោះយីម អាយុ៤៤ឆ្នាំ មុខរបរដើររើសអេតចាយ មានកូនស្រីចំនួន២នាក់ ក្នុងបន្ទុក ក្នុងនោះម្នាក់ អាយុជិត១០ឆ្នាំ និងម្នាក់ទៀតអាយុជាង១០ឆ្នាំ មានប្តីជាមនុស្សសតិមិនប្រក្រតី ដើរចោលប្រពន្ធកូនបាត់ គ្មានដំណឹង។ ក្រុមគ្រួសារ មួយនេះមានស្រុកកំណើតនៅស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា គេតែងតែឃើញស្ត្រីរងគ្រោះខាងលើ នាំកូនស្រីទាំង២នាក់ ដើររើសអេតចាយ ចល័តគ្រប់កន្លែង និងស្នាក់អាស្រ័យមិនពិតប្រាកដឡើយ ខណៈដែលបុរសជាប្តីមានសតិមិនប្រក្រតី ដើរចោលបាត់ មិនដឹងទៅដល់ណា។ នៅមុនពេលកើតហេតុ ស្ត្រីរងគ្រោះនិងកូនស្រី ២នាក់ បានដើររើសអេតចាយចល័តដូចសព្វដង ខណៈនោះមេឃកំពុងធ្លាក់ភ្លៀងយ៉ាងខ្លាំង ទើបស្ត្រីរងគ្រោះបាននាំកូនៗទៅត្បុលរបងដែក ចូលជ្រកក្រោមសំយាបឃ្លាំង យីហោ លក់ម៉ូតូរ៉ឺម៉កកង់បីគ្រប់ប្រភេទ។

ប្រភពដដែល បន្តថា ពេលចូលទៅដល់ ស្ត្រីរងគ្រោះបានប្រះខ្លួនអង្គុយផ្អែកនឹងទ្វាររមូរ (ទ្វារដែក) ស្រាប់តែរំពេចនោះ ឆ្លងចរន្តអគ្គិសនី បណ្តាលឱ្យឆក់ស្ត្រីរងគ្រោះស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង ទោះបីកូនៗបានស្រែកហៅឱ្យគេឯងជួយម្តាយភ្លាមៗដែរ តែអកុសល ស្ត្រីជាម្តាយ ត្រូវបានចរន្តអគ្គិសនីឆក់ស្លាប់បាត់ទៅហើយ។

ក្រោយកើតហេតុ ប្រជាពលរដ្ឋបានទាក់ទងទៅសមត្ថកិច្ចមូលដ្ឋាន និងអាជ្ញាធរភូមិ-ឃុំ ចុះទៅពិនិត្យមើល និងធ្វើតេស្តទ្វារនោះ ឃើញថា ពិតជាឆ្លងចរន្តអគ្គិសនីប្រាកដមែន តែដោយមិនអស់ចិត្ត ក៏ទាក់ទងហៅគ្រូពេទ្យធ្វើកោសល្យវិច័យ ពិនិត្យសពស្ត្រីរងគ្រោះ ដោយគ្រូពេទ្យបាន បញ្ជាក់ថា ស្ត្រីរងគ្រោះពិតជាត្រូវបានចរន្តអគ្គិសនីឆក់ស្លាប់ប្រាកដមែន។ បន្ទាប់មក សមត្ថកិច្ចបានធ្វើការទាក់ទងទៅខាងម្ចាស់ឃ្លាំងខាងលើ ដើម្បីសុំថវិកាខ្លះ សម្រួលដោះស្រាយដល់ក្រុមគ្រួសារជនរងគ្រោះ ដោយសារពួកគាត់ខ្វះខាតលុយកាក់សម្រាប់បូជាសព។

សពស្ត្រីរងគ្រោះ ត្រូវបានខាងអាជ្ញាធរហៅរថយន្តដឹកយកទៅតម្កល់ទុកនៅវត្តភូមិថ្មី ដើម្បីរៀបចំចាត់ចែងបូជាទៅតាមប្រពៃណី៕

RELATED ARTICLES