Sunday, September 22, 2024
Homeព័ត៌មានជាតិ២សប្តាហ៍ ស្ត្រី២នាក់ សម្រាលកូនលើទូក

២សប្តាហ៍ ស្ត្រី២នាក់ សម្រាលកូនលើទូក

ខេត្តកោះកុង ៖ ក្នុងរយៈពេល ២សប្តាហ៍ កន្លងមកនេះ មានស្ត្រី២នាក់ ដែលរស់នៅភូមិកោះប៉ោ ឃុំប៉ាកខ្លង ដែលគ្រប់ខែសម្រាល បានឆ្លងទន្លលើអូរប័រនិងទូក នៅពេលដែលកំពុងបញ្ជូនមកកាន់ដីគោក ដើម្បីសម្រាល ហើយត្រូវបានប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង មន្ត្រីសុខាភិបាល និងបុគ្គលិកមន្ទីរពេទ្យ យកចិត្តទុកដាក់ព្យាបាលបន្ត។

លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានឱ្យដឹងនៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ ថា ក្រុមគ្រូពេទ្យរបស់លោក បាននាំគ្នាចុះទៅជួយសង្គ្រោះស្ត្រីម្នាក់ ដែលសម្រាលកូនតាមផ្លូវទឹក នៅលើអូប័រ លើដៃសមុទ្រ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២ និងស្ត្រីម្នាក់ទៀត ក៏បានសម្រាលកូននៅលើកូនទូក នៅពេលកំពុងធ្វើដំណើរតាមទូក មកកាន់មន្ទីរពេទ្យ ដោយសារតែមូលហេតុមាត់ស្បូនបើកអស់ នៅលើទូក។

ស្ត្រីដែលសម្រាលកូនលើអូរប៊័រ មានឈ្មោះលឹម ម៉ាប់ អាយុ ៣០ឆ្នាំ មានលំនៅ ភូមិកោះប៉ោ ឃុំប៉ាកខ្លង ស្រុកមណ្ឌលសីមា។ បន្ទាប់ពីបានជួយសង្គ្រោះនៅនឹងកន្លែងរួចមក ក្រុមគ្រូពេទ្យក៏បញ្ជូនស្ត្រីជាម្តាយ មកសង្គ្រោះបន្ត នៅមន្ទីរពេទ្យបង្អែកខេត្ត ដោយទទួលបានជោគជ័យទាំងម្តាយនិងកូន។

លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន បន្ថែមថា កូនដែលសម្រាល មានទម្ងន់ ១,៨គីឡូក្រាម ភេទប្រុស អាយុនៃផ្ទៃពោះ ៧ខែ ដែលជាកូនទី១។

ដោយឡែកកាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ ២០២២ ស្ត្រីម្នាក់ទៀត ក៏បានសម្រាលកូននៅលើកូនទូក នៅពេលកំពុងធ្វើដំណើរតាមទូក មកកាន់មន្ទីរពេទ្យ ដោយសារតែមូលហេតុមាត់ស្បូនបើកអស់នៅលើទូក។

ស្ត្រីជាម្តាយ មានឈ្មោះតាំ គ្រីម អាយុ ៣៤ឆ្នាំ មានលំនៅ ភូមិកោះ ឃុំប៉ាកខ្លង ស្រុកមណ្ឌលសីមា ដោយសម្រាលបានកូនស្រីមួយ ទម្ងន់ ២,៥គីឡូក្រាម។ ក្រុមគ្រូពេទ្យបានជួយសង្រ្គោះទាំងម្តាយនិងទារក ប្រកបដោយសុវត្ថិភាព ព្រមទាំងដឹកបញ្ជូនតាមរថយន្តសង្គ្រោះបន្ទាន់ មកកាន់មន្ទីរពេទ្យ ភ្លាមៗផងដែរ។

ទាក់ទងនឹងស្ត្រីសម្រាលកូនលើទូក និងអូរប័រនេះ ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង បង្ហាញថា នៅឆ្នាំ២០២១ មិនមានករណីស្ត្រីសម្រាលកូនលើអូរប័រ ឬទូកនោះទេ ពោលគឺទើបតែពាក់កណ្តាលឆ្នាំ២០២២ នេះ។ កន្លងទៅ ស្ត្រីទាំង២នាក់ខាងលើ បានមកទទួលសេវាពិនិត្យផ្ទៃពោះ ជាប្រចាំ តាមការណាត់របស់គ្រូពេទ្យ។ ប៉ុន្តែករណីទី១ អាចមកពីមិនចាប់អារម្មណ៍ដល់ថ្ងៃគ្រប់ខែត្រូវសម្រាល លុះដល់ពេលឈឺពោះ ទើបបញ្ជូនមកកាន់មន្ទីរពេទ្យ។ ចំណែកករណីទី២ ជាការសម្រាលមុនកំណត់ (៧ខែ)។

ដើម្បីជាការលើកទឹកចិត្ត និងចូលរួមចែករំលែកការលំបាករបស់ស្ត្រីទាំង២នាក់ លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន និងមន្ត្រីសុខាភិបាល បុគ្គលិករបស់មន្ទីរពេទ្យ បានចុះសួរសុខទុក្ខ ដោយនាំយកថវិកាមួយចំនួន និងផ្តល់ជូនការលើកលែងបង់សេវាសម្រាកពេទ្យផងដែរ៕

RELATED ARTICLES