Sunday, September 22, 2024
Homeព័ត៌មានជាតិខឹងម៉ែជេរ កូនដុតផ្ទះឆេះហ្មត់

ខឹងម៉ែជេរ កូនដុតផ្ទះឆេះហ្មត់

ខេត្តកណ្តាល ៖ យុវជនឈាមរាវចិត្តភ្លើងម្នាក់ គ្រាន់តែម្តាយស្តីបន្ទោសតិចតួច បែរជាផ្ទុះកំហឹង បែកគំនិតយកដែកកេះមកដុតពូកដេករបស់ខ្លួន ធ្វើឱ្យកើតជាអគ្គិភ័យឆាបឆេះផ្ទះ បណ្តាលឱ្យរងការខូចខាតស្ទើរទាំងស្រុង។ ចំណែកកូនប្រុសកំណាច ក្រោយពីដុតផ្ទះរួចហើយ បានលីកាំបិតផ្គាក់រត់គេចខ្លួនបាត់ ទីបំផុតត្រូវសមត្ថកិច្ចតាមចាប់ខ្លួនបាន នាំយកមកផ្តន្ទាទោសតាមច្បាប់។

ករណីកូនប្រុសដុតផ្ទះម្តាយខ្លួនឯងនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៨និង១០នាទីយប់ ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ នៅចំណុចភូមិដំរីឆ្លង ឃុំស្អាងភ្នំ ស្រុកស្អាង។

ជនរងគ្រោះជាម្ចាស់ផ្ទះដែលរងការឆាបឆេះខាងលើ មានឈ្មោះពៅ សុខលន ភេទស្រី អាយុ៤៩ឆ្នាំ មុខរបរមេផ្ទះ មានលំនៅ ភូមិដំរីឆ្លង ឃុំស្អាងភ្នំ ស្រុកស្អាង។ ចំណែកជនដៃដល់ ដែលធ្វើសកម្មភាពដុតផ្ទះម្តាយខ្លួនឯងចោល និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះពៅ សំណាង ហៅខ្នា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ។

លោកវរសេនីយ៍ លន ចន្ថា អធិការនគរបាលស្រុកស្អាង បានបញ្ជាក់ប្រាប់ថា មុនពេលកើតហេតុ ជនសង្ស័យកំពុងដេកនៅក្នុងផ្ទះ លុះពេលឮម្តាយនិយាយស្តីបន្ទោសឱ្យខ្លួន ២-៣ម៉ាត់ ស្រាប់តែកើតចិត្តខឹងសម្បា រហូតដល់បែកគំនិតយកដែកកេះមកដុតពូកដេករបស់ខ្លួន បណ្តាលឱ្យឆាបឆេះ និងរាលដាលឆេះទៅដល់ផ្ទះទៀតផង។ បន្ទាប់មកជនសង្ស័យ ក៏រត់ចុះពីលើផ្ទះ ដោយមានកាន់កាំបិតផ្គាក់នៅនឹងដៃ រួចរត់គេចខ្លួនបាត់ ភ្លាមៗនោះត្រូវបានអ្នកជិតខាងឃើញភ្លើងឆេះ ក៏ស្រែកឆោឡោឡើង រួចនាំគ្នាមកជួយពន្លត់ភ្លើង។

ក្រោយពីទទួលបានព័ត៌មានខាងលើពីប្រជាពលរដ្ឋ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្អាងភ្នំ បានចុះទៅដល់កន្លែងកើតហេតុ តែមិនបានឃើញជនសង្ស័យទេ។ ក្រោយមក កម្លាំងប៉ុស្តិ៍បានសហការជាមួយកម្លាំងប្រជាការពារ ក៏បានរកឃើញជនសង្ស័យ រួចក៏បាននាំខ្លួនជនសង្ស័យមកធ្វើការសាកសួរតែម្តង។

នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានដុតផ្ទះរបស់ម្តាយខ្លួនឯងប្រាកដមែន មូលហេតុដោយសារខឹងម្តាយស្តីបន្ទោស។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី។

 រហូតមកដល់ល្ងាចថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ លោកស្រី ពេជ ម៉ារ៉ែន ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីកាឃុំខ្លួនយុវជនខាងលើ ដាក់ពន្ធនាគារបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ «ធ្វើឱ្យខូចខាតដោយចេតនា មានស្ថានទម្ងន់ទោស ដោយសារការប្រើប្រាស់វិធីគ្រោះថ្នាក់ដល់បុគ្គល និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន» តាមមាត្រា៤១៣ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៤៥ ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន៕

RELATED ARTICLES