Sunday, September 22, 2024
Homeព័ត៌មានជាតិក្រមុំ៤នាក់ ជិះទូកលេង លិចស្លាប់១

ក្រមុំ៤នាក់ ជិះទូកលេង លិចស្លាប់១

ខេត្តបន្ទាយមានជ័យ ៖ យុវតី១ក្រុម មានគ្នា៤នាក់ បាននាំគ្នាឡើងជិះទូកលេងកម្សាន្ត និងបំណងឆ្លងទៅយកឌុយ ទូរស័ព្ទដៃផង ស្រាប់តែអុំទៅដល់ពាក់កណ្តាលផ្លូវ លិចទូកចូលទឹកដែលមានជម្រៅប្រមាណជិត ២ម៉ែត្រ ធ្វើឱ្យយុវតីម្នាក់ក្នុងចំណោមនោះ ដែលមិនចេះហែល ទឹក បានលិចបាត់ខ្លួនក្នុងទឹក និងត្រូវបានប្រជាពលរដ្ឋផ្អើលឆោឡោ រាវរកជាង ១ម៉ោង ទើបប្រទះឃើញ តែអកុសល យុវតីរងគ្រោះបានឈ្លក់ទឹកស្លាប់បាត់ទៅហើយ។

ហេតុការណ៍ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ៣រសៀល ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ នៅត្រង់ចំណុចក្បែរអូរព្រំដែន កម្ពុជា-ថៃ ស្ថិតក្នុងភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

យុវតីរងគ្រោះដែលលង់ទឹកស្លាប់ មានឈ្មោះស្រី ថេង អាយុ១៨ឆ្នាំ មានលំនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

តាមប្រភពព័ត៌មានពីមិត្តភក្តិរបស់យុវតីរងគ្រោះដែលបានរួចរស់ជីវិត បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ពួកនាងមានគ្នា ៤នាក់ បានបបួលគ្នាជិះទូកលេង និងមានបំណងឆ្លងទៅយកឌុយបញ្ចូលថ្មទូរស័ព្ទ នៅត្រើយម្ខាងផង។ លុះពេលអុំទូកទៅដល់ពាក់កណ្តាលផ្លូវ ស្រាប់តែទូកលិចចូលក្នុងផ្ទៃទឹកដែលមានជម្រៅជិត ២ម៉ែត្រ បណ្តាលឱ្យយុវតីរងគ្រោះ ឈ្មោះស្រី ថេង ដែលមិនចេះហែលទឹក បានលង់ទឹក លិចបាត់ខ្លួនតែម្តង។ ចំណែកពួកនាង៣នាក់ទៀត ចេះហែលទឹក ទើបប្រឹងប្រវេប្រវាហែលឡើងគោក បានរួចរស់ជីវិត។

ក្រោយកើតហេតុ មិត្តភក្តិរបស់យុវតីរងគ្រោះ បានរត់ទៅប្រាប់អ្នកភូមិ ឱ្យជួយ និងមានអ្នកភូមិជាច្រើននាក់បាននាំគ្នាមុជទឹករាវរកយុវតីរងគ្រោះភ្លាមៗដែរ តែរកមិនឃើញសោះ រហូតដល់រយៈពេលប្រមាណជាង ១ម៉ោងក្រោយមក ទើបរាវរកឃើញ តែកុសលយុវតីរងគ្រោះ បានស្លាប់បាត់ទៅហើយ។

សពយុវតីរងគ្រោះខាងលើ សមត្ថកិច្ចជំនាញបានចុះពិនិត្យ រួចបញ្ជាក់ថា ពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន រួចក៏ប្រគល់ឱ្យសាច់ញាតិដឹកយកទៅតម្កល់នៅវត្តបាលិលេយ្យ ក្រុងប៉ោយប៉ែត ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES