ភ្នំពេញ៖ព្រាប សុវត្ថិ បានថ្លែងប្រាប់អ្នកកាសែតកាលពីថ្ងៃទី២៨ខែកញ្ញា ថាលោកនឹងមិនទៅណាពីឆាកតន្រ្ដីឡើយព្រោះក្រោយលោកឡើងជាឧកញ៉ាជាង៥ខែមកនេះ អ្នកដែលធ្លាប់ហៅលោកទៅច្រៀងសម្ដែងគឺនៅតែទាក់ទងជាធម្មតា។ប៉ុន្ដែព្រាប សុវតិ្ថ មិនបញ្ជាក់ទេថាតើតម្លៃខ្លួនរបស់លោកច្រៀង១កម្មវិធីស៊ីថ្លៃប៉ុន្មានឡើយនាពេលបច្ចុប្បន្ន ដោយគ្រាន់តែបង្ហើបថាអ្វីដែលលោកប្រឹងប្រែងជាច្រើនឆ្នាំមកហើយត្រូវតែទទួលបានតម្លៃសមរម្យហើយការច្រៀងសម្ដែងរបស់លោកនៅតែដដែលឲ្យតែត្រូវតាមល័ក្ខខណ្ឌ។ប៉ុន្ដែគេមិនដឹងថាតើល័ក្ខខណ្ឌនោះជាអ្វីនោះទេ ព្រោះអតីតតារាហង្សមាសរូបនេះមិននិយាយចំ ខណៈដែលកាលពីខែមុនគេឃើញលោកឡើងច្រៀងនៅPub មួយនៅខណ្ឌសែនសុខ ហើយភាគច្រើនលោកបានលើកយកបទចាស់ៗនៅហង្សមាសមកបកស្រាយឡើងវិញ។

ដោយឡែកលោកខែម ប៊ុនថៃ វិញពេលនេះក៍បង្ហាញការវិលមកកាន់ក្បាលមីក្រូជាថ្មីដែរពិសេសគឺចេញច្រៀងសម្ដែងសម្រាប់ពិធីបុណ្យអុំទូកតាមបណ្ដារខេត្តមួយចំនួនដែលគេប្រារពពិធី បើទោះជារដ្ឋាភិបាលមិនធ្វើពិធីបុណ្យអុំទូកធំដូចឆ្នាំមុនៗនៅទីក្រុងភ្នំពេញក្ដី។គេកត់សម្គាល់ថានៅតាមបណ្ដាញសង្គមTik Tok មានរូបវីដេអូមួយចំនួនដែលលោកប៊ុនថៃ ឡើងឆាកពេលខ្លះអតីតតារាសាន់ដេរូបនេះច្រៀងមិនសូវចាំប៉ារូលបទចាស់ៗរបស់លោកទៀតផង ដែលនេះអាចមកពីដោយសារតែតារាកូន៣ផ្អាកច្រៀងរាំជាច្រើនខែ និងផ្ដោតតែលើការលក់ដីឡូតិ៍នោះឯង។

ជុំវិញការវិលរកអាជីពចាស់របស់លោកព្រាប សុវត្ថិ-ខែម ប៊ុនថៃ នេះគេកត់សម្គាល់ឃើញថាក្រោយតារាទាំងពីរឡើងជា”ឧកញ៉ា”ដូចគ្នានេះពួកគេមិនបោះបង់អាជីពចាស់ឡើយ ពោលគឺ”ច្រៀងផង ធ្វើជំនួញផង”។អ្វីដែលមហាជនកាន់តែចាប់អារម្មណ៍ដែរទាំងលោកសុវត្ថិ និងប៊ុនថៃ គឺដូចណាត់គ្នាអីចឹងពោលគឺបើមិនឡើងឆាកគឺស្ងាត់ដូចគ្នា,តែបើត្រូវឡើងគឺដូចគ្នា ហើយពេលនេះនៅពេលដែលមិនសូវមានបទល្បីៗចេញក៍ដូចគ្នាទៀត។ប៉ុន្ដែភាពខុសគ្នានោះគឺនៅត្រង់ថាមុននេះលោកប៊ុនថៃ បានចេញវីដេអូថាច្រៀង៦បទបានតម្លៃខ្លួន១ម៉ឺនដុល្លារ តែលោកសុវត្ថិ មិនបាននិយាយពីការតំឡើងតម្លៃខ្លួនក្រោយក្លាយទៅជាឧកញ៉ានោះឡើយ ខណៈដែលGalaxy ធ្លាប់បញ្ចេញតម្លៃខ្លួនតារាជូរមុខរបស់គេថាស៊ីថ្លៃ៥ពាន់ដុល្លារក្នុង១កម្មវិធី។

ការវិលមកច្រៀងរាំរបស់លោកព្រាប សុវត្ថិ និងខែម ប៊ុនថៃ នេះដែរធ្វើឲ្យផ្ទុយស្រឡះទៅនិងការលើកឡើងរបស់អ្នកដឹកនាំកម្មវិធីប្រគុំតន្រ្ដីនៅទូទស្សន៍CTN លោកស៊ិន សិលា ដែលធ្លាប់សំណួមពរថាតារាទាំងឡាយដែលឡើងជាឧកញ៉ាគូណាស់តែឈប់ពីសិល្បៈឲ្យដាច់ស្រឡះតែម្ដងទៅ ព្រោះលោកយល់ថាច្រៀងផង ធ្វើឧកញ៉ាផង នាំឲ្យច្របូកច្របល់ ហើយពេលឡើងអក្សររត់លើកញ្ចក់ទូរទស្សន៍មិនដឹងថាដាក់ថាម៉េច។ប៉ុន្ដែឥឡូវលោកសុវត្ថិ និងប៊ុនថៃ វិលមកស្ដារមុខក្នុងអាជីពចម្រៀងវិញព្រមគ្នាហើយ តែការគាំទ្រដូចមុន ឬមានភាពប្រែប្រួល នោះគឺមានតែសកម្មភាពផ្ទាល់ជាក់ស្ដែងប៉ុណ្ណោះទើបដឹងថាមួយណាខ្លាំងជាង។

គូរបញ្ជាក់ថាព្រាប សុវត្ថិ និងខែម ប៊ុនថៃ ធ្លាប់ប្រកួតប្រជែងទីផ្សារចម្រៀងគ្នាយ៉ាងស្វិតស្វាញបំផុតរយៈពេលជិត១០ឆ្នាំ ដោយមានព័តមានថាលោកសុវត្ថិ ដើរចេញពីហង្សមាសចូលGalaxy ព្រោះតែកាច់កុងគ្នាជាមួយលោកប៊ុនថៃ ព្រោះភ្នំ១ខ្លា២ ទៀតផង។តែលោកសុវត្ថិ ធ្លាប់ប្រកែកដោយលោកអះអាងថាទៅទ្រនុំថ្មីដើម្បីស្វែងរកបទពិសោធន៍ថ្មីៗថែមទៀត។បន្ទាប់ពីលោកសុវត្ថិ និងប៊ុនថៃ ក្លាយទៅជាឧកញ៉ានោះគេឃើញសិស្សច្បងនិងប្អូនរូបនេះប្រឹងសម្រុករកស៊ីលក់ដីឡូតិ៍ ហើយពួកគេជិះរថយន្ដទំនើបម៉ាកRolls Royce Ghost ដូចគ្នាផងដែរ។មជ្ឈដ្ឋានមហាជនរងចាំមើលថាព្រាប សុវត្ថិ -ខែម ប៊ុនថៃ ក្រោយនៅអាល័យអាជីពចាស់នេះតើម្នាក់ណានឹងមានយ៊ីអ៊ុនល្អជាងពេលឡើងច្រៀងរាំតាមឆាកទាំងឡាយឡើងវិញ?