Monday, March 17, 2025
Homeតារាខ្មែរសុវត្ថិ-សិរីមន្ដ ៖នៅតែមិនចោលឆាកតន្រ្ដី

សុវត្ថិ-សិរីមន្ដ ៖នៅតែមិនចោលឆាកតន្រ្ដី

ភ្នំពេញ៖ព្រាប សុវត្ថិ បានថ្លែងប្រាប់អ្នកកាសែតកាលពីថ្ងៃទី២៨ខែកញ្ញា ថាលោកនឹងមិនទៅ​ណា​ពី​ឆាក​តន្រ្ដី​ឡើយព្រោះក្រោយលោកឡើងជាឧកញ៉ាជាង៥ខែមកនេះ អ្នកដែលធ្លាប់ហៅ​លោកទៅច្រៀង​សម្ដែងគឺនៅ​តែទាក់ទងជាធម្មតា។ប៉ុន្ដែព្រាប សុវតិ្ថ មិនបញ្ជាក់ទេថាតើតម្លៃ​ខ្លួន​របស់លោកច្រៀង១កម្មវិធីស៊ីថ្លៃប៉ុន្មាន​ឡើយ​នាពេលបច្ចុប្បន្ន ដោយគ្រាន់តែបង្ហើប​ថាអ្វី​ដែល​លោក​ប្រឹងប្រែងជាច្រើនឆ្នាំមកហើយត្រូវតែទទួលបានតម្លៃ​សមរម្យហើយ​ការច្រៀង​សម្ដែង​​របស់​លោក​នៅ​តែដដែលឲ្យតែត្រូវតាមល័ក្ខខណ្ឌ។ប៉ុន្ដែគេ​មិនដឹងថាតើល័ក្ខ​ខណ្ឌ​នោះ​​​ជាអ្វីនោះទេ ព្រោះអតីតតារាហង្សមាសរូបនេះមិននិយាយចំ ខណៈដែលកាល​ពីខែ​មុន​គេឃើ​ញ​លោក​ឡើងច្រៀងនៅPub  មួយនៅខណ្ឌសែនសុខ ហើយភាគច្រើនលោកបានលើក​យក​បទ​ចាស់ៗនៅហង្សមាស​មកបកស្រាយឡើងវិញ។

  ដោយឡែកលោកខែម ប៊ុនថៃ វិញពេលនេះក៍បង្ហាញការវិលមកកាន់ក្បាលមីក្រូជាថ្មី​ដែរ​ពិសេសគឺ​ចេញច្រៀង​សម្ដែង​សម្រាប់ពិធីបុណ្យអុំទូក​តាមបណ្ដារខេត្តមួយចំនួនដែល​គេ​ប្រារពពិធី បើទោះជារដ្ឋាភិបាលមិនធ្វើពិធី​បុណ្យ​អុំទូកធំដូចឆ្នាំ​មុនៗនៅទីក្រុងភ្នំពេញក្ដី។​គេកត់សម្គាល់ថានៅ​តាម​បណ្ដាញសង្គមTik Tok មានរូបវីដេអូ​មួយ​ចំនួន​ដែល​លោកប៊ុនថៃ ឡើងឆាកពេលខ្លះអតីតតារាសាន់ដេរូបនេះច្រៀងមិន​សូវចាំប៉ារូលបទចាស់ៗ​របស់​លោក​ទៀតផង ដែលនេះអាចមកពីដោយសារតែតារាកូន៣ផ្អាកច្រៀងរាំជាច្រើនខែ និង​ផ្ដោតតែ​លើការលក់​ដីឡូតិ៍នោះឯង។

 ជុំវិញការវិលរកអាជីពចាស់របស់លោកព្រាប សុវត្ថិ-ខែម ប៊ុនថៃ នេះគេកត់សម្គាល់​ឃើញ​ថាក្រោយតារាទាំងពីរ​ឡើងជា”ឧកញ៉ា”ដូចគ្នានេះពួកគេមិនបោះបង់អាជីពចាស់ឡើយ ពោលគឺ”ច្រៀងផង ធ្វើជំនួញផង”។អ្វីដែល​មហាជនកាន់តែចាប់អារម្មណ៍ដែរទាំងលោកសុវត្ថិ និងប៊ុនថៃ​ គឺដូចណាត់គ្នាអីចឹងពោលគឺបើមិនឡើងឆាក​គឺស្ងាត់ដូចគ្នា,តែបើត្រូវ​ឡើងគឺដូច​គ្នា ហើយពេលនេះនៅពេលដែលមិនសូវមានបទល្បីៗចេញក៍​ដូចគ្នាទៀត។ប៉ុន្ដែភាព​ខុស​​​​​គ្នា​នោះ​គឺនៅត្រង់ថាមុននេះលោកប៊ុនថៃ បានចេញវីដេអូថាច្រៀង៦បទបានតម្លៃ​ខ្លួន​១ម៉ឺន​​​ដុល្លារ តែ​លោកសុវត្ថិ មិនបាននិយាយពីការតំឡើងតម្លៃខ្លួនក្រោយក្លាយទៅ​ជាឧកញ៉ា​នោះឡើយ ខណៈ​ដែលGalaxy ធ្លាប់បញ្ចេញតម្លៃខ្លួនតារាជូរមុខរបស់គេថាស៊ីថ្លៃ៥ពាន់​ដុល្លារ​ក្នុង១​កម្ម​វិធី។

 ការវិលមកច្រៀងរាំរបស់លោកព្រាប សុវត្ថិ និងខែម ប៊ុនថៃ នេះដែរធ្វើឲ្យផ្ទុយស្រឡះ​ទៅ​និងការលើកឡើង​របស់អ្នកដឹកនាំកម្មវិធីប្រគុំតន្រ្ដីនៅទូទស្សន៍CTN លោកស៊ិន សិលា ដែល​ធ្លាប់សំណួមពរថាតារាទាំងឡាយដែល​ឡើងជាឧកញ៉ា​គូណាស់តែឈប់ពីសិល្បៈ​ឲ្យដា​ច់ស្រឡះ​តែម្ដងទៅ ព្រោះលោកយល់ថាច្រៀងផង ធ្វើឧកញ៉ាផង នាំឲ្យច្របូកច្របល់ ហើយ​ពេល​ឡើង​អក្សររត់លើកញ្ចក់ទូរទស្សន៍មិនដឹងថាដាក់ថាម៉េច។ប៉ុន្ដែឥឡូវលោកសុវត្ថិ និងប៊ុន​ថៃ វិលមកស្ដារមុខក្នុងអាជីពចម្រៀងវិញព្រមគ្នាហើយ តែការគាំទ្រដូចមុន ឬមានភាព​ប្រែ​ប្រួល នោះគឺ​មាន​តែសកម្មភាពផ្ទាល់ជាក់ស្ដែងប៉ុណ្ណោះទើបដឹងថាមួយណាខ្លាំងជាង។

គូរបញ្ជាក់ថាព្រាប សុវត្ថិ និងខែម ប៊ុនថៃ ធ្លាប់ប្រកួតប្រជែងទីផ្សារចម្រៀងគ្នាយ៉ាងស្វិត​ស្វាញបំផុតរយៈ​ពេល​ជិត​១០ឆ្នាំ ដោយមានព័តមានថាលោកសុវត្ថិ ដើរចេញពីហង្សមាស​ចូល​Galaxy ព្រោះ​តែកាច់កុងគ្នាជាមួយលោក​ប៊ុនថៃ ព្រោះភ្នំ១ខ្លា២ ទៀតផង។តែលោកសុវត្ថិ ធ្លាប់ប្រកែកដោយលោកអះអាងថាទៅទ្រនុំថ្មីដើម្បីស្វែងរក​បទ​ពិសោធន៍ថ្មីៗថែមទៀត។បន្ទាប់ពីលោកសុវត្ថិ និងប៊ុនថៃ ក្លាយទៅជាឧកញ៉ានោះគេឃើញសិស្សច្បងនិងប្អូន​រូបនេះ​ប្រឹង​សម្រុ​ករកស៊ីលក់ដីឡូតិ៍ ហើយពួកគេជិះរថយន្ដទំនើបម៉ាក​Rolls Royce Ghost ដូចគ្នា​ផង​ដែរ។មជ្ឈដ្ឋានមហាជនរងចាំមើលថាព្រាប សុវត្ថិ -ខែម ប៊ុនថៃ ក្រោយនៅអាល័យអាជីព​ចាស់​នេះតើម្នាក់ណានឹងមាន​យ៊ីអ៊ុនល្អជាងពេលឡើងច្រៀងរាំ​តាមឆាកទាំងឡាយឡើងវិញ​?

RELATED ARTICLES