ភ្នំពេញ៖អ្នកមេម៉ាយកូន១នាងគង់ ស្រីពេជ្រ ហៅពេជ្រ សូលីកា បានដឹកដៃលោកថុល សុភិទិ កូនមន្រ្ដីធំផ្កាយ២ ច្រៀងសម្ដែងនៅក្លឹប១ កាលពីរាត្រីថ្ងៃទី៦ខែតុលា ហើយកំពុងតែចូលតួស្លុងអារម្មណ៍ល្អជាមួយអ្នកចម្រៀងលេងម៉ូដសាក់នោះ ស្រាប់តែអតីតគូដណ្ដឹងនាងលោកគឹម ហាន បានបង្ហាញខ្លួនក្នុងហ្វូងមនុស្សនៅចំពោះមុខនាងដែរ ហើយតាមព័តមានថាអាណិកជនខ្មែរមកពីអូស្រា្ដលីរូបនោះស្និតស្នាលដៃគូថ្មីនៅក្បែឆាកសូលីកា ច្រៀងរាំទៀតផង។សូលីកា ដែលកាន់ក្បាលមីក្រូនោះគិតតែពីច្រៀងរាំទៅតាមអត្ថន័យបទចម្រៀងដោយហាក់មិនក្វល់ក្វាយពីប្ដីចាស់នោះទេ ហើយពេលច្រៀងចប់នាងក៍មិនបាននិយាយឌឺដងឬដៀមដាមដាក់លោកហាន ឡើយ។

អ្នកទៅទស្សនាការច្រៀងសម្ដែងរបស់សូលីកា និងភិទិ បានខមិននៅលើវីដេអូដែលពួកគេច្រៀងរួមគ្នាហើយអតីតស្វាមីសូលីកា នៅចំពោះមុខនោះដោយពួកគេលើកឡើងថា”តើនៅលើលោកនេះមានអ្នកណាពូកែទ្រាំជាងពេជ្រ សូលីកា ទៀត?”។ថ្វីត្បិតតែមានការលើកឡើងបែបនេះក្ដី ប៉ុន្ដែកន្លងមកគេឃើញតារាជាច្រើនដួងមកហើយដែលអាចទ្រាំបានដូចជាសូលីកា នាពេលនេះដែរពោលគឺពេលស្រលាញ់ស្អិតល្មូតគ្នា ពេលបែកគ្នាអតីតប្ដីឬសង្សារបណ្ដើរអ្នកថ្មីកាត់មុខ ពួកគេមិនបង្ហាញប្រតិកម្មឡើយ ប៉ុន្ដែផ្ទុយទៅវិញបែជាមានខ្លះនិយាយស្ដីរកគ្នាដូចជាគ្មានរឿងអ្វីកើតឡើងទៀតផង ដូចជាករណីអ្នកនាងលី ម៉ារីណា កន្លងមកគេឃើញនាងស្និតស្នាលនិងនិយាយស្ដីជាមួយនាងនៅ សុនិតា ដែលប្រពន្ធថ្មីរបស់អតីប្ដីនាងលោកទឹត ថាវរិទ្ធ ហើយជូនកាលថែមទាំងថតរូបSelfie ជាមួយគ្នាទៀតផង។ចំពោះនាងសូលីកា វិញសកម្មភាពរបស់នាងជាមួយថុល សុភិទិ នៅតែស្និតស្នាលគ្នាហាក់ខុសពីមិត្តភក្ដិធម្មតាដដែល បើទោះជាកន្លងមកនាងអះអាងថាខ្លួនគ្រាន់តែជាFan របស់មន្រ្ដីធំរូបនោះក្ដី។

ពេជ្រ សូលីកា មិនត្រឹមតែអាចទប់អារម្មណ៍បាននៅពេលដែលឪពុករបស់កូនប្រុសនាងកៀកកើយនារីថ្មីនៅផ្ទាល់មុខនោះទេ ប៉ុន្ដែតារារូបនេះក៍រឹងមាំលើសនេះទ្វេដងទៀតផង ដោយសារតែម្ដាយជាទីស្រលាញ់របស់នាងអ្នកស្រីស៊ិន ស្រីនាង ត្រូវតុលាការកាត់ទោសឲ្យជាប់គុកដល់ទៅ១២ឆ្នាំ ហើយនាងបែកបាក់គូដណ្ដឹងក្នុងពេលតែមួយ ប៉ុន្ដែនាងនៅតែអាចចេញច្រៀងសម្ដែងដូចដើម ព្រោះនាងតាំងចិត្តថាចាប់ពីពេលនេះតទៅត្រូវរកលុយចិញ្ចឹមប្អូនផងកូនផងតែម្នាក់ឯង។

ពេជ្រ សូលីកា ថ្លែងថា”ផ្ដាំអតីតកាលឲ្យមានសុភមង្គល,ផ្ដាំបច្ចុប្បន្នឲ្យមានក្ដីសុខ ,ផ្ដាំខ្លួនឯងឲ្យរួចពីទុក្ខ”។

យ៉ាងណាគេរងចាំមើលថាសូលីកា នឹងត្រូវកំលោះលេងម៉ូដសាក់លោកសុភិទិ ស្ម័គ្រចិត្តព្យាបាលដំបៅបេះដូងនាងឬមួយក៍ពួកគេពិតជាដៃគូធម្មតាដូចអ្នកមេម៉ាយកូន១អះអាងមែន?ប្រសិនបើសូលីកា មិនជ្រើសប្ដីថ្មីជាតារាដូចគ្នានោះគេជឿរថាអ្នកមេម៉ាយកូន១ស្រួយដូចដូងម្នាក់នេះនឹងមានមន្រ្ដីធំមួយចំនួនជ្រួលជ្រើមស្នេហ៍ឡើងវិញជាមិនខាន៕