ភ្នំពេញ៖អ្នកនាងគង់ សុជាតិ បានបណ្ដើរស្វាមីក្មេងលោកជា វិបុល ឡើងយន្ដហោះកាលពីថ្ងៃទី៩ តុលា ដើម្បីទៅកម្សាន្ដនៅប៉ែកអ៊ឺរ៉ុបរយៈពេលខ្លីក្នុងនោះទិសដៅគឺប្រទេសអង់គ្លេសនិងស្កុតលែនជាដើម។តាមសកម្មភាពជាក់ស្ដែងរបស់ប្ដីប្រពន្ធតារា១គូនេះបង្ហាញឲ្យឃើញថាសុជាតិ-វិបុល ហាក់ដូចជាប្ដីប្រពន្ធទើបរៀបការហើយថ្មោងថ្មីហើយដឹកដៃគ្នាទៅHoney Moon នៅអ៊ឺរ៉ុបអីចឹង ព្រោះផ្អែមល្ហែមណាស់ ហើយពួកគេមិនបានយកកូនស្រីទៅជាមួយឡើយ។លោកវិបុល ថ្លែងថាលោកបានវិលមកជិះយន្ដហោះជាមួយប្រពន្ធវិញជាលើកដំបូងក្រោយខកខានជាង៣ឆ្នាំ ហេតុនេះមានអារម្មណ៍ថាភ័យផងអរផង។ចំណែកសុជាតិ វិញបានបង្ហាញអារម្មណ៍រីករាយ ចំពោះការនាំប្ដីទៅដើរលេងនៅបរទេសជើងនេះហើយនាងបានហៅប្ដីក្មេងថាHoney ទៀតផង។

ក្រៅពីតំណើរកម្សាន្ដរួមជាមួយក្រុមហ៊ុនមួយនោះគង់ សុជាតិ-ជា វិបុល នឹងឆ្លៀតសាងអនុស្សាវរីយ៍ជាមួយគ្នានៅក្រៅស្រុកឲ្យបានកាន់តែច្រើនថែមទៀត ស្របពេលដែលតម្រុយនៃការយកកូនភ្លោះក៍មិនទាន់អស់សង្ឃឹម១០០% ដែរ ក្រោយលោកវិបុល សុំឲ្យភរិយាបង្កើតកូនប្រុសម្ដងពីរឲ្យលោកតែពិធីការិនីវ័យ៤៦ឆ្នាំ នៅតែមិនឃើញពពោះ បើទោះជាកូនស្រីរបស់នាងឈ្មោះជា សុជាតិនារី អាយុជាង៥ឆ្នាំទៅហើយក្ដី។យ៉ាងណាលោកវិបុល វិញមិនហ៊ានដាក់បន្ទុកទៅភរិយាដែលមានអាយុបងខ្លួនដោយគិតតែពីរំអុកចង់បានកូននោះទេ ព្រោះលោកដឹងថាសុជាតិ ត្រូវការពេលវេលាពិគ្រោះជាមួយគ្រូពេទ្យឲ្យបានច្បាស់លាស់ជាមុនសិនរឿងយកកូនថែមនេះព្រោះអាយុច្រើនមិនមែនចេះតែផ្គាប់ចិត្ដប្ដីបានគ្រប់យ៉ាងឡើយ។

គង់ សុជាតិ បានចាប់ដៃលោកជា វិបុល ជាង៨ឆ្នាំដោយទទួលបានកូនស្រី១ តែសរុបសុជាតិ មានកូនទាំងអស់៣នាក់ទៅហើយ(កូនជាមួយប្ដីដើម២នាក់(ស្រី១) ហើយរឿងដែលសុជាតិ កក់ក្ដៅខ្លាំងនោះគឺលោកវិបុល ស្រលាញ់កូននាងជាមួយប្ដីដើមដូចជាលោករបស់លោកបង្កើតដែរ។ប៉ុន្ដែលោកវិបុល ក៍ធ្លាប់ធ្វើឲ្យសុជាតិ យំដោយសារតែប្ដីក្មេងក្រោយលោកផ្ទុះរឿងស្នេហាជាមួយអ្នកនាងចាន់ កែវនិមល កាលពីពាក់កណ្ដាលឆ្នាំ២០២០ នោះពេលនេះ”ក្រោយភ្លៀងមេឃស្រឡះ” ហើយលោកវិបុល មិនដែលលេចឭថាទាក់ទងស្រីក្មេងខាងក្រៅទៀតឡើយ ក្រោយលោកបានកោសក់បួសជាសាមណេរ(នេន)អស់រយៈពេល១០ថ្ងៃនៅវត្តនិគ្រោធវ័ន ហៅវត្តគល់ទទឹងកាលពីថ្ងៃទី២១ខែកញ្ញាឆ្នាំ២០២០៕


