ភ្នំពេញ៖តារាចម្រៀងត្រេមុខស្រដៀងកូនកាត់ជប៉ុននាងរ៉េត ស៊ូហ្សាណា កំពុងមានរាសីល្អនារយៈពេលចុងក្រោយនេះព្រោះនាងត្រូវប៉ាន់ទាំងការច្រៀងConcerts និងស្ពតធំៗទើបធ្វើឲ្យស្រីស្រស់វ័យ២២ឆ្នាំរូបនេះកាក់កបរកប្រាក់ចំណូលបានជាច្រើនម៉ឺនដុល្លារក្នុង១ឆ្នាំៗ។ប៉ុន្ដែទាក់ទងរឿងថាតើនាងស៊ូហ្សាណា ត្រូវការពេលវេលាប៉ុន្មានឆ្នាំទៀតទើបអាចក្លាយទៅជាតារាស្រីលំដាប់ជូរមុខក្នុងតំណែងរបស់ឱក សុគន្ធកញ្ញា និងពេជ្រ សោភា ដែលរ៉ាប់រងជាង១០ឆ្នាំមកហើយនោះហាក់នៅមិនទាន់ច្បាស់លាស់នៅឡើយ ព្រោះថាសូម្បីតែសួស វីសា ដែលប៉ងត្រឹមតំណែងទី២បន្ទាប់ពីសុគន្ធកញ្ញា នោះក៍ពេលនេះនាងមិនទាន់អាចធ្វើវាបានដែរ។ដោយឡែកលោកមិញ សុធីវណ្ណ វិញធ្លាប់ប្រាប់អ្នកយកព័តមានយើងថាស៊ូហ្សាណា ត្រូវការច្រើនឆ្នាំតទៅទៀតបើចង់បានតំណែងជាតារាស្រីនៅជូរមុខហង្សមាស ព្រោះថាហ្សាណា មានចំណុចខ្លាំងច្រៀងបទជាភាសារបរទេសល្អ និងរូបសម្រស់ស្អាតទាក់ទាញ តែការច្រៀងបទជាភាសារខ្មែរនៅមានកម្រិត…។

គេចាំបានថាអំឡុងពេលដែលស្រីស្រស់រ៉េត ស៊ូហ្សាណា ចូលច្រៀងនៅហង្សមាសដំបូងកាលពីឆ្នាំ២០១៦ នោះនាងរងការរិះគន់ច្រើនពីអ្នកលេងបណ្ដាញសង្គម ថាសម្លេងច្រៀងមិនកើតបានតែរូបសម្រស់ ប៉ុន្ដែក្រោយហ្សាណា ចេញបទ”ឈប់”នោះការវាយតម្លៃពីសម្ថភាពរបស់នាងខុសៗគ្នា ហើយនៅពេលនាងបន្ថែមការចេញបទ”សង្ស័យ”ទើបធ្វើឲ្យអ្នកដែលថានាងច្រៀងបទខ្មែរមិនសូវល្អដូចបទបរទេសនោះងាកមកស្ដាប់ចម្រៀងនាងបានវិញ ហើយផ្គួបផ្សំនាងចូលចិត្តលេងខ្លួនជាមួយសម្លៀកបំពាក់ប្លែកៗនេះធ្វើឲ្យមានតែរូបនាងម្នាក់គត់ក្នុងចំណោមតារាស្រីផ្សេងៗទៀតរបស់ហង្សមាសដែលលេចធ្លោជាងគេអំឡុងរដូវកូវីដនិងមកដល់បច្ចុប្បន្ន រហូតមានតារាខ្លះថាហង្សមាសលើកតែនាងជាងតារាផ្សេងៗទៀតផង។ប៉ុន្ដែតាមតារារៀមច្បងនៅហង្សមាសធ្លាប់បង្ហើបថារាល់ស្ពត និងច្រៀងសម្ដែងConcerts ទាំងឡាយនោះហ្សាណា ក៍ដូចជាតារាផ្សេងៗទៀតដែរគឺម្ចាស់Sponsors តម្រូវជ្រើសយក មិនមែនថៅកែលើកនាងជាងគេឡើយ។

គិតនៅត្រឹមចុងឆ្នាំ២០២២ នេះរ៉េត ស៊ូហ្សាណា នៅតែមានយ៊ីអ៊ុនល្អដដែលហើយនាងស្ថិតក្នុងចំណោមតារាប្រជែងទីផ្សារយុវវ័យនាពេលបច្ចុប្បន្នមានដូចជានាងតន់ ច័ន្ទសីម៉ា និងយូរី ជាដើម។តាមអ្នកដឹកនាំកម្មវិធីប្រគុំតន្ត្រីបានបង្ហើបឲ្យដឹងថាហ្សាណា ស៊ីថ្លៃច្រៀងសម្ដែងConcerts ធំៗម្ដងក្បែរ២ពាន់ដុល្លារ ហេតុនេះហើយក្នុង១ឆ្នាំៗនាងក៍អាចរកប្រាក់ចំណូលបានជាច្រើនពីការងារសិល្បៈផងដែរ។តារាចម្រៀងជើងចាស់នៅហង្សមាសពេជ្រ សោភា ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាហ្សាណា អាចនឹងស្នងរូបនាងឬសុគន្ធកញ្ញា នៅពេលដែលអនាគតបានពោលគឺនៅពេលដែលនាងនិងកញ្ញា ចាស់ៗទៅ។ប៉ុន្ដែសោភា មិនបានលើកហេតុផលពីការព្យាករណ៍របស់នាងឬបញ្ចេកទេសច្រៀងបទខ្មែររបស់ស៊ូហ្សាណា នោះទេ ខណៈដែលអ្នកតាមដានសិល្បៈបានលើកឡើងថាស្ទីលច្រៀងរបស់ស្រីស្អាតហ្សាណា បទ”សង្ស័យ”នោះសម្លេងស្រដៀងគ្នានិងសោភា តែម្ដងសម្រាប់១បទនេះ។

ថ្វីត្បិតតែរ៉េត ស៊ូហ្សាណា ពិបាកឆក់ចាប់តំណែងជាតារាស្រីលំដាប់មុខរបស់ហង្សមាសព្រោះក្ដី ប៉ុន្ដែការចាប់អាជីពចម្រៀងជាង៦ឆ្នាំនេះនាងត្រូវបានគេចាត់ទុកថាស្ថិតក្នុងចំណោមអ្នកចម្រៀងវ័យក្មេងដែលរកលុយបានច្រើនព្រោះនៅរដូវកូវីដកន្លងមកដែលតារាខ្លះដាច់បាយនោះហ្សាណា បែជាមានលុយទិញផ្ទះ២ជុងតម្លៃជាង២០ម៉ឺនដុល្លារ,រថយន្ដ Jeep Rubicon តម្លៃ៨៧០០០ដុល្លារ និងបើកហាងសម្លៀកបំពាក់ជាដើមដែលត្រឹម១ប្រាវនោះគេជឿរថានាងចាយលុយជិតកន្លះលានដុល្លារទៅហើយ។ប៉ុន្ដែហ្សាណា ដែលចេញច្រៀងគ្រប់ខេត្តក្រុងទៅហើយនាងនៅតែខ្លាចសុវត្ថិភាពផ្ទាល់ខ្លួនរឿងប្រុសៗតាមញ៉ែ ទើបគ្រប់ពេលវេលាទាំងអស់ស្រីស្រស់បន្ដជ្រើសវិធីមានឪពុកម្ដាយតាមការពារ ។ចំណែកដំណឹងហ្សាណា មានសង្សារកាលពីពាក់កណ្ដាលឆ្នាំ២០២០ ដោយនាងកាន់ដៃបុរសម្នាក់បាំងមុខនោះ រហូតមកដល់ពេលនេះនាងនៅតែមិនហ៊ានបញ្ចេញមុខគូស្នេហ៍ឲ្យគេស្គាល់ដដែល៕
