ភ្នំពេញ៖មនុស្សមួយចំនួនតែងតែងនិយាយបែបការទូតថា”ស្នេហាឲ្យតែមានចិត្តស្មោះ គឺគ្រប់គ្រាន់ហើយ “មិនបាច់ត្រូវការលុយទេ!។ប៉ុន្ដែសម្រាប់មនុស្សភាគច្រើនលើកឡើងថា”លើលោកនេះគ្មានសុភមង្គលឯណា កើតឡើងបានដោយគ្មានលុយចូលរួមឡើយ”…។ដោយឡែកតារាចម្រៀងល្បីល្បាញរបស់ហង្សមាសជាង១៧ឆ្នាំអ្នកមេម៉ាយពេជ្រ សោភា វិញហាក់ជ្រិញចំពោះអ្នកខ្លះយល់ថាស្នេហាឲ្យតែមានចិត្តស្មោះមិនចាំបាច់ត្រូវការលុយនោះ។សោភា បាននិយាយអារម្មណ៍ហ្សីន របស់នាងកាលពីថ្ងៃទី១៩តុលា ថា”ស្នេហាមិនត្រូវការលុយទេ ឲ្យតែមានចិត្តស្មោះបានហើយ អើ សម្រាប់ខ្ញុំយល់ថាមិនពិតទេ ហើយបងចង់មកចាយលុយអូនមែនបាក់ក ខំរកហត់ចង់ងាប់ ចិត្តស្មោះអូនស៊ូចិញ្ចឹមបងមែន?បាក់ក”។

ថ្វីត្បិតតែពេជ្រ សោភា មិននិយាយឲ្យចំៗទាំងស្រុងមែន ប៉ុន្ដែការបង្ហើបរបស់នាងបែបនេះមានន័យថាស្នេហាឲ្យតែមានចិត្តស្មោះតែមួយមុខនោះនាងមិនឯកភាពឡើយ ឬអាចនិយាយបានថាបើមានត្រឹមចិត្តស្មោះតែមួយមុខ គឺមានតែស្រី្ដជាអ្នកប្រឹងរកលុយឲ្យខាងប្រុសចាយវិញ…។ប៉ុន្ដែការវាចារបស់សោភា បែបនោះក៍មិនមានន័យថានាងនាងជាតារាមុខលុយដែរ គ្រាន់តែអ្នកចម្រៀងវ័យ៣៩ឆ្នាំរូបនេះហាក់ចង់បង្ហាញសារការពិតនៅសង្គមបច្ចុប្បន្នឬឲ្យមនុស្សប្រុសមានទំនួលខុសត្រូវខ្ពស់លើដៃគូដែលខ្លួនស្រលាញ់ហើយក្រៅពីសំខាន់បំផុតមានចិត្តស្មោះហើយ ក៍ត្រូវតែមានសេដ្ឋកិច្ចគ្រប់គ្រាន់ដើម្បីក៍សាងសុភមង្គលទើបរស់នៅបានសុខសាន្ដ។

សូមបញ្ជាក់ថាពេជ្រ សោភា ត្រូវបានគេចាត់ទុកថាជាតារាដែលមានជីវភាពធូធាខ្លាំងម្នាក់នាពេលបច្ចុប្បន្នព្រោះនាងរស់នៅផ្ទះវីឡារប្រណិត និងជិះរថយន្ដទំនើបៗដូចជា Merce des ,Porsche, Bmw និងAudi ជាដើម ខណៈដែលនាងពាក់នាឡិការដៃ១គ្រឿងតម្លៃស្មើផ្ទះវីឡារ១នោះគឺមានដូចជាម៉ាកRolex និងRichard Mille ជាដើម។សោភា ដែលនៅសល់តែជាង២ខែទៀតនាងនឹងឈានទៅគម្រប់អាយុ៤០ឆ្នាំនោះត្រូវបានគេចាត់ទុកថានាងជោគជ័យតែលើអាជីពចម្រៀងទេ តែស្នេហាវិញសូន្យ។តែសោភា មិនយល់ស្របការលើកឡើងបែបនេះទេដោយនាងថានៅលើផែនដីនេះគ្មានស្ត្រីណាម្នាក់ចង់ជួបរឿង”ទុក្ខស្រី្ដប្ដីកាន់លុយ”ឡើយ។គេចាំមើលថាទ្រព្យស្ដុករបស់សោភា ដែលនាងប្រឹងរកជាច្រើនឆ្នាំ តើបុរសណាម្នាក់ទៅដែលនាងនឹងប្រគល់ឲ្យចាយពេញៗដៃ បន្ទាប់ពីនាងបានស្ងប់ស្ងាត់រឿងស្នេហាជាមួយប្រុសរូបសង្ហារម្នាក់ជិត១០ខែទៅហើយ ខណៈដែលលោកសក្ខដា វិញគ្មានបំណងវិលមកផ្សះផ្សារស្នេហ៍ជាមួយនាងជាថ្មីឡើយ៕

