ខេត្តពោធិ៍សាត់ ៖ ក្មេងស្រីតូចៗ ចំនួន៤នាក់ បានធ្លាក់ខ្លួនជាក្មេងកំព្រា ត្រឹមតែមួយប៉ប្រិចភ្នែក បន្ទាប់ពីឪពុកជាមនុស្សញៀនថ្នាំ ត្រូវជាប់គុក ក្រោយពីចាក់សម្លាប់ម្តាយ (ប្រពន្ធ) ស្លាប់ក្នុងថ្លុកឈាម កាលពីពេលថ្មីៗនេះ ។
ក្មេងស្រីតូចៗទាំង៤នាក់បងប្អូន ដែលកំពុងរស់នៅកំព្រា ដោយសារម្តាយស្លាប់ ឪពុកជាប់គុក រួមមាន កូនស្រីច្បង មានអាយុ៧ឆ្នាំ ចំណែកកូនស្រីទី២ មានអាយុ៥ឆ្នាំ ដោយឡែកកូនស្រីទី៣ មានអាយុ៣ឆ្នាំ រីឯកូនស្រីពៅ ទើបនឹងមានអាយុ៨ខែ សព្វថ្ងៃកំពុងរស់នៅក្នុងបន្ទុកជីដូន ស្ថិតក្នុងភូមិខ្នាចរមាស ឃុំបឹងខ្នារ ស្រុកបាកាន។
គួររំលឹកថា កាលពីវេលាម៉ោង ៥ទៀបភ្លឺ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ មានករណីអំពើឃាតកម្មប្តីចាក់សម្លាប់ប្រពន្ធ បានកើតឡើងនៅត្រង់ចំណុចខាងកើតស្ពានរថភ្លើង ចម្ងាយ ៣៨០ម៉ែត្រ ក្នុងភូមិខ្នាចរមាស ឃុំបឹងខ្នារ ស្រុកបាកាន ដោយបុរសម្នាក់ តែងប្រើប្រាស់ថ្នាំញៀន ជាប្រចាំ លុះចុងក្រោយ បន្ទាន់ពីបានប្រើប្រាស់ថ្នាំញៀនហួសកម្រិត (បែកថ្នាំ) ក៏រករឿងឈ្លោះប្រកែកជាមួយប្រពន្ធ រហូតដល់ទាញកាំបិត ចាក់បំពង់ក និងដងខ្លួនប្រពន្ធ ជាច្រើនកាំបិត បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាម ចំណែកជនដៃដល់ជាប្តីកំណាច ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ យកទៅចាត់ការតាមច្បាប់ បន្សល់ទុកកូនស្រីតូចៗ ចំនួន៤នាក់ ឱ្យរស់នៅកំព្រាគ្មានទីពឹង។
ជនដៃដល់ជាឃាតករដែលចាក់សម្លាប់ប្រពន្ធខ្លួនឯង និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ មានឈ្មោះភួង សុវណ្ណ ហៅឡាំ អាយុ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដ។ ចំណែកស្ត្រីរងគ្រោះដែលត្រូវប្តីចាក់សម្លាប់យ៉ាងឃោរឃៅ មានឈ្មោះ ណន ស្រីមុំ អាយុ២៥ឆ្នាំ មុខរបរកសិករ។ ប្តីប្រពន្ធទាំងពីរខាងលើ មានកូនស្រីតូចៗចំនួន៤នាក់ ក្នុងបន្ទុក និងមានលំនៅក្នុងភូមិខ្នាចរមាស ឃុំបឹងខ្នារ ស្រុកបាកាន។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ជនដៃដល់ជាប្តី ខាងលើ គឺជាមនុស្សញៀនថ្នាំ តែងប្រើប្រាស់ថ្នាំញៀន ជាប់ជាប្រចាំ និងចេះតែបង្ករឿង ប្រើហិង្សា វាយដំប្រពន្ធកូន ស្ទើររាល់ថ្ងៃ។ លុះមកដល់ថ្ងៃកើតហេតុ បន្ទាប់ពីបានប្រើប្រាស់ថ្នាំញៀនរួច (បែកថ្នាំ) ស្រាប់តែជនដៃដល់ជាប្តី បានមករករឿងឈ្លោះប្រកែកជាមួយប្រពន្ធ រហូតដល់ទាញកូនកាំបិត មកចាក់ប្រពន្ធ ជាច្រើនកាំបិត ចំបំពង់ក និងដងខ្លួន បណ្តាលឱ្យស្ត្រីរងគ្រោះជាប្រពន្ធ ដេកស្លាប់ក្នុងថ្លុកឈាម យ៉ាងអាណោចអាធ័ម នៅខាងក្រោមផ្ទះរបស់ខ្លួន។ ក្រោយកើតហេតុ សមត្ថកិច្ចបានឃាត់ខ្លួនបុរសជាប្តី ដើម្បីចាត់ការតាមនីតិវិធី។
លោកដួង សាវី មេភូមិឧកញ៉ាមាន់ បានបញ្ជាក់ប្រាប់ថា ប្តីប្រពន្ធខាងលើនេះ មានជីវភាពក្រីក្រខ្លាំងណាស់ ពុំមានដីធ្លីរស់នៅនឹងគេទេ។ សព្វថ្ងៃនៅភូមិឧកញ៉ាមាន់ ជាមួយម្តាយ (ម្តាយខាងប្រពន្ធ)។ ទាំងពីរនាក់ប្តីប្រពន្ធមានម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿង ដឹកគ្នាដើរស៊ីឈ្នួលគេ បេះពោត ដកដំឡូង កម្មករសំណង់ និងកម្មករឡឥដ្ឋជាដើម។
លោកមេភូមិ បន្តថា ពួកគេតែងតែចេញទៅបាត់ៗ ពេលយប់កន្លែងណា ដេកកន្លែងនោះ ដោយទុកកូនៗឱ្យនៅជាមួយម្តាយ។ ចំណែកបុរសជាប្តី តែងតែផឹកគ្រឿងស្រវឹង ហើយឈ្លោះប្រកែកគ្នាជាញឹកញាប់ រហូតមានពេលខ្លះ ប្រពន្ធរត់ទៅរកអ្នកជិតខាង និងរូបគាត់ជាមេភូមិ ឱ្យជួយទៀតផង។ លុះដល់យប់កើតហេតុ ថ្ងៃ១៥ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ០៥ទៀបភ្លឺ ស្រាប់តែមានករណីខាងលើនេះកើតឡើងតែម្តង។ ឥឡូវនេះ ម្តាយស្លាប់ ឪពុកជាប់ពន្ធនាគារ កូនទាំង៤នាក់ នៅកំព្រាឯកា ត្រូវរស់នៅជាមួយយាយ ឈ្មោះ ប៉ាវ ខុំ អាយុ៤២ឆ្នាំ នៅភូមិឧកញ៉ាមាន់ ឃុំអូរតាប៉ោង ស្រុកបាកាន។
លុះនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២នេះ លោកឃួន សុគន្ធា តំណាងលោកជាប សួគ៌ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត ក្រសួងរ៉ែនិងថាមពល អនុប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកបាកាន និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំអូរតាប៉ោង បាននាំយកថវិកាចំនួន ២លាន៤៤ម៉ឺន៥ពាន់រៀល ទៅឧបត្ថម្ភដល់ក្មេងកំព្រាទាំង៤នាក់នោះផងដែរ៕