ភ្នំពេញ ៖ នារីរូបស្រស់ម្នាក់ ជាអ្នកផលិតវីដេអូ លើបណ្តាញសង្គម ហ្វេសប៊ុក ត្រូវបានមហាជនជា អ្នកប្រើប្រាស់ បណ្តាញសង្គម ធ្វើការរិះគន់យ៉ាងខ្លាំង បន្ទាប់ពីឃើញនារីរូបនេះ បានយកសត្វព្រៃប្រភេទសត្វកម្រ ជិតផុតពូជ ១ក្បាល (សត្វចង្ក្រៀលខ្យង) មកចម្អិន ធ្វើម្ហូបស៊ី រួចថតបង្ហោះ។ យ៉ាងណា ក្រោយពីមានការរិះគន់ សាមីខ្លួនបានចេញមុខ សុំទោសជាសាធារណៈចំពោះកំហុសឆ្គងដោយអចតេនារបស់ខ្លួន និងបានអះអាងថា សត្វព្រៃប្រភេទកម្រ ១ក្បាលនេះ ខ្លួនបានទិញពីផ្សារ មិនមែនសម្លាប់យកមកធ្វើម្ហូបឡើយ។
នារីរូបស្រស់ដែលថតបង្ហោះវីដេអូ យកសត្វចង្កៀលខ្យង មកចម្អិនធ្វើជាម្ហូបអាហារ (ឆាក្តៅ) ខាងលើនេះ ត្រូវគេស្គាល់ថា ជាម្ចាស់ទំព័រហ្វេសប៊ុក ឈ្មោះ Eat With Keomony។
គួរបញ្ជាក់ថា ស្រីស្អាតខាងលើ តាមរយៈគណនីហ្វេសប៊ុកឈ្មោះ Eat With Keomony កាលពីពេលថ្មីៗកន្លងទៅនេះ បានបង្ហោះវីដេអូមួយ បង្ហាញពីសកម្មភាពធ្វើម្ហូប (ឆាក្តៅ) ដោយបានយកសត្វព្រៃ ១ប្រភេទ ដែលជាប្រភេទកម្រជិតផុតពូជ (សត្វចង្ក្រៀលខ្យង) យកមកកាប់ជាដុំៗ រួចចម្អិនម្ហូបឆាក្តៅ យកមកហូប ថតជាវីដេអូបង្ហោះក្នុងបណ្តាញសង្គម ដើម្បីរកប្រាក់ចំណូលផ្ទាល់ខ្លួន។
បន្ទាប់ពីឃើញម្ចាស់វីដេអូខាងលើ យកសាច់សត្វព្រៃប្រភេទកម្រ មកចម្អិនធ្វើម្ហូន រួចថតវីដេអូ បង្ហាញគេឯងបែបនេះ បានធ្វើឱ្យមហាជនជាអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើន បានផ្ទុះការរិះគន់ និងប្រតិកម្មយ៉ាងខ្លាំង ដោយខ្លះលើកឡើងថា “ដើម្បីតែប្រាក់ចំណូល យុវវ័យមួយចំនួនតូច លែងគិតពីច្បាប់ គិតតែបំផ្លាញសូម្បីសត្វស្លាបកម្រជិតផុតពូជ”។ ខ្លះថា “ហូបមាន់ទា ក្រួចអីទៅ ហូបអីសត្វជិតផុតពូជអ៊ីចឹង”។ រហូតដល់ខ្លះទៀត ថែមទាំងបានសំណូមពរឱ្យមន្ត្រីជំនាញបរិស្ថាន និងសមត្ថកិច្ចជំនាញ ពិនិត្យមើលនិងចាត់ការតាមច្បាប់ ចំពោះទង្វើមួយនេះថែមទៀតផង។
ក្រោយពីឃើញមហាជនមានការប្រតិកម្មខ្លាំងៗនិងធ្ងន់ៗបែបនេះរួចមក នារីម្នាក់នោះ បានលុបវីដេអូឃ្លីបនោះចេញពីបណ្តាញសង្គម ហ្វេសប៊ុក កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ និងបានធ្វើការសុំទោសជាសាធារណៈចំពោះកំហុសឆ្គងដោយអចេតនារបស់ខ្លួន និងបានអះអាងថា សត្វនេះ គឺខ្លួនបានទិញមកពីផ្សារទេ មិនបានទៅដាក់អន្ទាក់ ឬចាប់មកទេ ហើយក៏មិនបានសម្លាប់វាដែរ។
ដោយឡែក មន្ត្រីផ្នែកអភិរក្សបឹងទន្លេសាប រួមនិងអង្គការចំនួន ៥ទៀត ដែលរួមមានអង្គការ UNDP ផង បានបង្ហាញថា ក្នុងអំឡុង ឆ្នាំ២០០៨ សត្វស្លាបដ៏កម្រ ចំនួន១០ប្រភេទ ដែលត្រូវបានរងគ្រោះបំផុត ដែលត្រូវបានមន្ត្រីជំនាញ រួមជាមួយអង្គការជាដៃគូ បានទប់ស្កាត់និងអភិរក្ស ។ ក្នុងនោះប្រភេទសត្វស្មោញ ជាប្រភេទសត្វស្លាបដ៏កម្រជាងគេនៅអាស៊ី ដែលត្រូវបានយកចិត្តទុកដាក់ក្នុងការការពារបំផុត ក្នុងចំណោមសត្វកម្រទាំង ១០ប្រភេទ ដែលបានរងគ្រោះ ។
សត្វកម្រទាំង ១០ប្រភេទនោះ រួមមាន ទី១-សត្វស្មោញ ទី២-សត្វត្រដក់តូច ទី៣-សត្វត្រដក់ធំ ទី៤-សត្វទុងប្រផេះ ទី៥-សត្វចង្កៀលខ្យង ទី៦-សត្វរនាលពណ៌ ទី៧-សត្វពពួលទឹក ទី៨-សត្វក្ងខ្លួនស ទី៩-សត្វអង្កត់ខ្មៅ និងទី១០-សត្វអកត្រីប្រផេះ៕