Tuesday, November 26, 2024
Homeព័ត៌មានជាតិអ្នកមិនជឿទឹកលិចលោក ខឹម វាសនា ហៅពួកអា-មីត្រឹមត្រូវ

អ្នកមិនជឿទឹកលិចលោក ខឹម វាសនា ហៅពួកអា-មីត្រឹមត្រូវ

ខេត្តសៀមរាប ៖ លោកខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) ដែលតាំងខ្លួនជាព្រហ្មរក្សាលោក ហើយបាននិយាយបង្អើលថា ទឹកនឹងលិចលោក មនុស្សស្ទើរមួយផែនដី ស្លាប់អស់ សល់តែបន្តិច នៅចម្ការជើងភ្នំគូលែន របស់លោកនោះ  កន្លងទៅនេះ បានសារភាពថា ខ្លួនបានស្ទង់ខុសពេលវេលាទឹកលិចលោក ដោយសារលោកជឿថា លោកនឹងសម្រេចឈានព្រហ្មរក្សាលោក នៅពេលនោះ និងបានអះអាងជាថ្មីម្តងទៀត កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ ថា ក្នុងអំឡុងពេល ១អាទិត្យ ឬ៧-១០ថ្ងៃខាងមុខ លោកនឹងសម្រេចឈានពេញបរិបូរ នៅពេលនោះនឹងរញ្ជួយផែនដី ទឹកលិចលោក មនុស្សលើផែនដី ស្លាប់រដូករណែល ព្រមទាំងបានអំពាវនាវដល់សមាជិក LDP របស់ខ្លួន កុំជិះយន្តហោះ ក្នុងអំឡុងប៉ុន្មានថ្ងៃនោះ ព្រោះលោកដឹងថា យន្តហោះ យានអាវកាស ប្រព័ន្ធទូរស័ព្ទ ខ្សែកាបអុបទិក ប្រព័ន្ធអ៊ីនធឺរណិត មធ្យោបាយទាក់ទងតាមប្រព័ន្ធអេឡិចត្រូនិកផ្សេងៗទាំងអស់ រួមទាំងភ្លើងអគ្គិសនី នឹងត្រូវកាត់ផ្តាច់ ឬកម្ទេចដោយកម្លាំងស្រូបទាញនោះ គិតមកដល់ពេលនេះ ហួសថ្ងៃកំណត់ច្រើនថ្ងៃទៅហើយ អ្វីដែលលោកបាននិយាយនោះ មិនបានកើតឡើងដូចការអះអាងឡើយ ទើបធ្វើឲ្យមហាជនទូទៅ រឹតតែលែងជឿ រហូតមានក្រុមនិស្សិតពន្លះថា ខឹម វាសនា សម្តីថោក និងចុងក្រោយ ថ្មីៗនេះ មានស្ត្រីម្នាក់ ដែលធ្លាប់ជឿលោកខឹម វាសនា ខ្លាចទឹកលិចលោក រត់ចោលប្តី ចោលកូន ទៅស្នាក់នៅក្នុងចម្ការលោកខឹម វាសនា បានប៉ុន្មានខែ ក៏ភ្ញាក់ខ្លួនថាចាញ់បោកលោកខឹម វាសនា លែងជឿក៏បានចាកចេញពីចម្ការ វិលត្រឡប់ទៅផ្ទះវិញ។​

ទោះបីជាយ៉ាងណា នៅពេលនេះ លោកខឹម វាសនា នៅតែអះអាងថា​ រឿងទឹកលិចលោកនេះ មិនមែនជាការគិតរបស់ខ្លួនទើបថាខុសទេ គឺដឹងដោយវិញ្ញាណជាព្រហ្មរក្សាលោក ដូច្នេះវាមិនអាចខុសទេ ហើយលោកបានហៅអ្នកដែលមិនជឿទឹកលិចលោក និងសើចចំអកឲ្យលោកនោះថា «ពួកអាត្រឹមត្រូវ ពួកមីត្រឹមត្រូវ»។

លោក ខឹម វាសនា បានបញ្ជាក់តាមទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១៩ ខែតុលា​ ឆ្នាំ២០២២ ថា «ពូស្អប់ ពូជ្រេញ អាមនុស្សដែលប្រើក្បាល ដើម្បីគិតថាធ្វើខ្លួនឲ្យត្រឹមត្រូវណាស់។ មនុស្សល្អ ប្រើលក្ខណៈរបស់ចិត្ត រឿងត្រូវគិតគឺត្រូវតែគិត រឿងត្រូវទុកចិត្តដោយមិនបាច់គិត គឺត្រូវប្រើចិត្តដែលទុកចិត្ត តែអាត្រឹមត្រូវ គឺគេថាគេត្រូវការយល់គ្រប់តែរឿង រឿងគេមិនយល់ គេមិនធ្វើទេ។ នេះអាត្រឹមត្រូវ។ ពូចង់តែឲ្យអាចម៍ទេ ពូហៅមនុស្សធុននេះថា អាត្រឹមត្រូវ។ ចិត្តមនុស្សត្រឹមត្រូវធុននេះ ជាចិត្តគ្មានមនោសញ្ចេតនាទេ អាសវៈកម្លាំងធាតុទឹកពណ៌ក្រហម ដែលធ្វើឲ្យវិញ្ញាណដឹងជាមនោសញ្ចេតនាគ្មានទេ តែវាអត់ដឹងចិត្តខ្លួនវាទេ វានឹកស្មានថា ចិត្តគេដែលមានមនោសញ្ចេនា គឺដូចតែចិត្តខ្លួនវាហើយហ្នុង។ ក្នុងនាមជាអ្នកដឹកនាំចលនាបដិវត្តន៍ផ្នត់គំនិត ពូជួបមនុស្សគ្រប់ជំពូក ពូស្គាល់គ្រលុកគ្រលាក់នៃចិត្តមនុស្ស លើសអ្នកណាទាំងអស់ក្នុងលោក ឲ្យតែពូសំម្គាល់ឃើញ អាត្រឹមត្រូវ មីត្រឹមត្រូវ ថាពូសែនស្គិញ សែនខ្ពើមនឹងភាពត្រឹមត្រូវនៃអាមនុស្សមិនស្គាល់ចិត្តខ្លួនឯងហ្នឹងណាស់។ ពូរស់ជុំមនុស្សច្រើន ពូសម្គាល់ដឹងចិត្តមនុស្សណាដែលពូចាត់ទុកជាក្រុមគ្រួសារពូបាន ពូស្គាល់មនុស្សណាដែលពូរាប់អានធម្មតា តែនៅក្រៅបេះដូងពូទេ។ ពូសុខចិត្តឲ្យគេខុសលើពូ តែពូទ្រាំមិនបាននឹងការគិតដឹងថាពូខុសលើគេទេ។ ពូមិនដែលមិនទុកចិត្តមនុស្សដែលពូរាប់អានហើយ ហើយពូមិនសម្គាល់ដឹងថាជាមនុស្សដែលពូមិនគួរទុកចិត្ត ទុកនៅក្រៅបេះដូងពូនោះទេ អ៊ីចឹងទើបពូនិយាយប្រាប់គេថា បើមនុស្សដែលពូចាត់ទុកថាល្អ អ្នកដទៃអាចជួយមើលពូបាន តែបើមនុស្សដែលពូសម្គាល់បានថាយ៉ាងម៉េច ត្រូវទុកក្រៅបេះដូងពូហើយ មិនបាច់អ្នកណាមកជួយមើលពូទេ ព្រោះពូមិនចេះតែសង្ស័យលើគេដោយគ្មានភ័ស្តុតាងប្រាកដប្រជានោះទេ។ ប្រភេទអាត្រឹមត្រូវនេះ ចិត្តពូដឹងលឿនណាស់។ មនុស្សធុននេះ ប្រើតែក្បាលទេ ដើម្បីគិតថារឿងនេះត្រឹមត្រូវ រឿងនោះមិនត្រឹមត្រូវ ជាមនុស្សមានចិត្តស្ងួតមនោសញ្ចេតនាណាស់។ ជាចិត្តសត្វថ្នាក់ទាបណាស់ រស់នៅជាមួយ គ្មានទទួលបានភាពជាបងប្អូន ក្រុមគ្រួសារទេ។ មនុស្សចិត្តមានមនោសញ្ចេតនាប្រើលក្ខណៈចិត្តលឿនណាស់ រឿងដែលត្រូវគិត ទើបគិត តែបើជាគ្រួសារ មិត្តភក្ដិ គឺប្រើតែលក្ខណៈរបស់ចិត្ត»។

លោកខឹម វាសនា បន្តថា «ពូជាមនុស្សដែលរវាសក្នុងការគិតយល់រឿងដែលត្រូវគិតបំផុត ប៉ុន្តែក្នុងជីវិតពូ ពូប្រើលក្ខណៈទុកចិត្តទៅលើមិត្តភក្ដិ មនុស្សរាប់អានគ្នា ឬក្រុមគ្រួសារ យ៉ាងច្រើនបំផុត។ បើមានមនុស្សប្រហែលពូ ឲ្យពូរាប់អាន នោះពូប្រើតែលក្ខណៈទុកចិត្តក្នុងការសម្រេចធ្វើរឿងអ្វីមួយដែលទាក់ទងនឹងមនុស្សដូចពូ។ រឿងដែលពូត្រូវការស្ដាប់ការពន្យល់ពីមនុស្សដូចពូនេះ គឺសម្រាប់តែរឿងដែលមនុស្សដូចពូត្រូវវែកញែកពន្យល់ពូតែប៉ុណ្ណោះ ក្រៅពីនោះ រឿងធ្វើអ្វីមួយទាក់ទងនឹងមនុស្សដូចពូនេះ ពូមិនសួររកហេតុផលស្អីទេ គឺពូទុកចិត្តថា មនុស្សដូចពូនេះ មិនអាចនាំពូទៅធ្វើរឿងដែលមិនត្រឹមត្រូវកើតទេ តែបើធ្វើរឿងអ្វីមួយ ហើយក្រោយមក រឿងនោះគឺខុសទេ គឺពូគិតដឹងថា មនុស្សដូចពូនោះគាត់គិតមិនយល់ច្រលំថាត្រូវ ហើយពូត្រូវធ្វើតាម ក៏ពូនៅតែសប្បាយចិត្តនឹងធ្វើរឿងដែលមនុស្សដូចពូគិតខុសនោះដែរ ព្រោះពូគិតដឹង បើសិនមនុស្សដូចពូ គាត់គិតហើយខុសទៀត ក៏វាល្អដែរ មនុស្សប្រហែលពូហើយ គិតខុសទៀត។ នេះជាមនោសញ្ចេតនានៃចិត្តពូ ចំពោះមនុស្សដូចពូនេះ។ មនោសញ្ចេតនានេះ នឹងដក់ជ្រៅក្នុងអារម្មណ៍មនុស្សមានមនោសញ្ចេតនា ពីព្រោះតែបានសាងភាពជាបងប្អូន ភាពជាគ្រួសារ និងមនុស្សដូចពូនេះ ប៉ុន្តែចំពោះអាត្រឹមត្រូវ គេត្រូវការដឹងរឿងចំពោះមនុស្សដូចពូនេះ គេថាឲ្យតែគេមិនដឹងរឿង គិតមិនយល់ដោយខ្លួនគេ គេមិនធ្វើទេ ពូស្គិញណាស់ ពូហៅមនុស្សធុននេះថា អាត្រឹមត្រូវ ជាបទពិសោធន៍ ពូប្រាប់ថា កុំរាប់អានអាមនុស្សត្រឹមត្រូវធឺហ្នឹង។ ពូប្រាប់ច្រើនដងហើយ ដែលហៅថាត្រឹមត្រូវ គឺថ្លឹងជាអារម្មណ៍ថា​ ត្រឹមត្រូវ មិនមែនគិតនឹងក្បាល ហើយការគិតនោះ មិនបានហូរមកដឹងជាអារម្មណ៍នោះទេ វាប្រៀបដូចអ្នកលក់ផ្លែឈើម្នាក់ គាត់លក់ផ្លែមង្ឃុត មួយគីឡូ មួយម៉ឺនរៀល ត្រឹមត្រូវដែលគិតនឹងក្បាល គ្រប់មនុស្សដែលឲ្យលុយ មួយម៉ឺនរៀល អ្នកលក់ថ្លឹងមង្ឃុតឲ្យទៅវិញ គឺមួយគីឡូក្រាម។ នេះគឺអាត្រឹមត្រូវ ប៉ុន្តែអារម្មណ៍ត្រឹមត្រូវ ជាអារម្មណ៍របស់ខ្សែវិញ្ញាណអត់អញ មើលឃើញរូបរាងអ្នកមកទិញ គ្នាក្រ ដឹកដៃកូនច្រើនមកទិញ គឺគ្នាឲ្យមួយម៉ឺនរៀល យើងថ្លឹងឲ្យពីរគីឡូ បើកូនក្មេងវាឃ្លាន លូកយកមង្ឃុតមួយពីរបន្ថែម អ្នកលក់ក៏ទាញស្បោងមកច្រកមង្ឃុតអន់ៗឲ្យ បួនប្រាំផ្លែបន្ថែមទៅទៀត បើឃើញមនុស្សមិនត្រឹមត្រូវមកទិញ មិនទាំងខ្ចីមើលមុខ មិនលក់ឲ្យមនុស្សមិនល្អអ៊ីចឹងស៊ីផង ទៅទិញពីណាស៊ីបាន ក៏ទៅទិញទៅ។ នេះគឺអារម្មណ៍ត្រឹមត្រូវ។ ប៉ុន្តែអាត្រឹមត្រូវ គិតនឹងក្បាល គឺថ្លឹងរកអារម្មណ៍ត្រឹមត្រូវមិនបានទេ។ ពូគិតដឹងពួកសន្ដានចិត្តអាត្រឹមត្រូវធុននេះ ពូសែនស្អប់ ប៉ុន្តែជា LDP ទៅហើយ ពូមិនមាត់ ហើយរាប់អានជាធម្មតាទៅ ប៉ុន្តែក្នុងចិត្តពូ ទុកមនុស្សធុននេះក្រៅបេះដូងក្រុមគ្រួសារពូតែរហូត»។

លោកខឹម វាសនា បន្តទៀតថា «រឿងពូនិយាយថា ទឹកលិចលោក មានធុនអាត្រឹមត្រូវនេះច្រើនគួរសមដែរ ពូគិតទៅមិនមែនខាតពូ ឬខាតអ្នកណាផ្សេងទេ គឺខាតសាមីខ្លួនអាត្រឹមត្រូវហ្នឹង ព្រោះចិត្តវាអត់ដឹងថាខ្លួនវាពុំមានអាសវៈកម្លាំងធាតុទឹកពណ៌ក្រហមរុំខ្សែវិញ្ញាណទេ។ បើសិនជាពួកវាបានអានសំណេរនេះ អារម្មណ៍ប្រទូស្ដចេញមកការពារមុខអញរបស់វាភ្លាម គឺតាំងមានចិត្តប្រឆាំងនឹងពូរឿងទឹកលិចលោកនេះហើយ បន់ឲ្យតែពូថាទឹកនឹងលិចលោកនេះខុសឲ្យស្រឡះទៅ។ វាមិនមែនទៅតាមចិត្តអ្នកណាចង់ឬមិនចង់ទេ វាជារឿងដែលមនុស្សបានធ្វើរួចទៅហើយ កម្មវារៀបចំពិភពលោកនេះឡើងវិញទេ អត់មានអ្នកចង់ឬមិនចង់បានទេ។ រឿងទឹកលិចលោក ពូខ្ជិលនិយាយអ្វីច្រើនទៀតណាស់ ពូអាចខុសតែពីរឿងពេលវេលាតែប៉ុណ្ណោះ ព្រោះជារឿងដែលពូគិតហើយ មិនអាចដំអក់ចំពោះការរំលឹកដល់កូនក្មួយ ខ្លាចមានបញ្ហារឿងពូមិនបានប្រាប់ពួកគេទាន់ពេលវេលានេះ តែចំពោះរឿងមហន្ដរាយចំពោះលោក នាពេលដ៏ខ្លីខាងមុខនេះ មិនមែនជាការគិតរបស់ពូទេ គឺពូដឹងដោយវិញ្ញាណជាព្រហ្មរក្សាលោក វាមិនអាចខុសទេ។ ក្មួយៗទាំងអស់ ចាំពាក្យពូទៅ គឺពូបាននិយាយថា ទឹកលិចលោក អត់មានអ្វីប្រែប្រួលទេ»។

គួរបញ្ជាក់ថា ការលើកឡើងរបស់លោកខឹម វាសនា ខាងលើនេះ ធ្វើឡើងបន្ទាប់ពីមានមនុស្សជាច្រើនដែលមិនជឿ និង លែងជឿលើការអះអាងថាខ្លួនជាព្រហ្មរក្សាលោក និងថាទឹកលិចលោក តែមិនឃើញហេតុការណ៍នោះកើតឡើង ជា ពិសេសចុងក្រោយនេះ មានអ្នកដែលលង់ជឿលោកខឹម វាសនា បានអស់ជំនឿ និងបន្តចាកចេញពីចម្ការនៅ ជើងភ្នំគូលែននោះ ជាបន្តបន្ទាប់ថែមទៀត ហើយបានបកអាក្រាតការបោកប្រាស់របស់លោកខឹម វាសនា ដែលតាំងខ្លួនជា ព្រហ្ម បែរជាប្រមាថព្រះសង្ឃល្បីៗល្អៗដែលពុទ្ធសាសនិកគោរព ដូចជាព្រះគ្រូ វជិរប្បញ្ញោ សាន សុជា និងគូ សុភាព ជាដើមនោះ។

ជាក់ស្តែង នារីម្នាក់ ឈ្មោះ ថ.រ.ណ ដែលធ្លាប់បានរត់ចោលផ្ទះសម្បែង ចោលប្តីនិងកូនទៅស្នាក់នៅក្នុងចម្ការលោកខឹម វាសនា នាជើងភ្នំគូលែន ខេត្តសៀមរាប អស់មួយរយ: ដោយសារតែជឿលោកខឹម វាសនា តាំងខ្លួនជាព្រហ្មរក្សាលោក ថាទឹកលិចលោក និងទើបតែភ្ញាក់ខ្លួនថាចាញ់បោកលោកខឹម វាសនា នោះ បានសម្រេចចាកចេញពីចម្ការលោកខឹម វាសនា វិលត្រឡប់ទៅផ្ទះសម្បែងរបស់ខ្លួនវិញ និងទម្លាយហេតុការណ៍ដែលនាងបានជួបនៅក្នុងចម្ការលោកខឹម វាសនា នោះ។

ស្ត្រីរូបនោះ ដែលគេដឹងថា មានប្តីនិងកូនរួចទៅហើយ បានសរសេរក្នុងគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់ខ្លួន នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ ថា «ពេលចេញពីចម្ការ គ្រាន់តែយល់ថា បើទឹកអត់លិចពិភពលោក បញ្ជាក់ថា ធម៌ពូ ពន្យល់កន្លងមក គឺមិនមែនជាដំណើរធម្មជាតិទេ។ ខ្ញុំចាប់ផ្តើមមានអារម្មណ៍ខ្ញុំអស់ទីពឹងផ្លូវចិត្តហើយ តើមានព្រះពុទ្ធ ពិតឬទេ? ខ្ញុំដាក់សំណួរសួរខ្លួនឯង រួចក៏នឹកឃើញលោក សាន សុជា ដែល ldp វ៉ៃ ហើយខ្ញុំក៏ស្អប់គាត់ តាមរយ:ពូដែរ ខ្ញុំមិនដែលស្តាប់លោកដោយស្មោះនោះទេ ខ្ញុំស្តាប់តែពូ គិតតាមពូ រួចក៏ស្អប់តាមពូទៅ។ ខ្ញុំចាប់ផ្តើមស្តាប់លោក ដើម្បីឲ្យ ដឹងថា តើមានព្រះពុទ្ធ ពិតទេ? ដល់តែស្តាប់ដោយស្មោះ យល់ឃើញថា ឱ! អញអើយ!! ស្អប់លោកដែលមាន គុណធម៌ពិត ប្រាកដ ហើយចាប់ផ្តើមសិក្សាអភិធម្ម ដែលលោកបង្រៀន ទើបភ្ញាក់ខ្លួនដឹងថា នេះហើយធម៌ព្រះពុទ្ធ ពិតប្រាកដ មិនមែនធម៌ពូបង្រៀនទេ។ ទោះពូខំបង្កាច់បង្ខូចយ៉ាងណា ក៏ការពិតនៅតែជាការពិតដែរ»។

រស្ត្រីដដែល សរសេរថា «រដូវរំហើយ បានចូលមកដល់ហើយ ទឹកចាប់ផ្តើមស្រកវិញបណ្តើរៗវិញគ្រប់កន្លែង ដំណើរធម្មជាតិ គឺបែបនេះ បើពូជាព្រហ្ម មែន គឺត្រូវដឹងហេតុការណ៍ពិតក្នុងលោកមែនហើយ រឿងនេះមនុស្សសមនឹងភ្ញាក់ណាស់ថា អ្វីដែលពូបង្រៀនធម៌ពីមុននោះ គឺមិនមែនដំណើរធម្មជាតិទេ ប៉ុន្តែមើលទៅពួកគេដែលជឿវិញ ដូចមនុស្សកំពុងលង់ទឹក ខ្លាចលិចទឹក មិនហ៊ានមកផ្ទះ ខ្លាចធ្លាក់នរក មិនហ៊ានគិតសង្ស័យឲ្យខុស ខ្លាចមិនបានសួគ៌ ខំប្រឹងគិតតាមបែបរវើរវាយ ការគិតដែលគ្មានភាពជាក់ស្តែងនេះហើយ ដែលហៅថា សាសនានោះ។ ខ្ញុំសង្វេគគេ គេសង្វេគខ្ញុំ ខ្ញុំឃើញគេវង្វេង គេថាខ្ញុំវង្វេង តែភាពជាក់ស្តែង គឺគេកំពុងវង្វេងយ៉ាងប្រាកដ ពួកគេជឿថា គេប្រើភ្លើងជាគុណ តែខ្ញុំឃើញតែគេសន្សំភ្លើង ឡើងវិបល្លាស គិតលែងយល់អ្វីទាំងអស់ សូម្បីតែចិត្តខ្លួនឯង គេមិនយល់បានផង ដល់យើងនិយាយបែបនេះ គេក្តៅយើងថា ខ្ញុំនេះក្តៅប្រទូស្តនឹងពូ ឡើងទៅជាឆ្កួត។ ហ៊ឺម! និយាយទល់មុខគ្នា ដូចមនុស្សភពផ្សេងគ្នា ព្រោះគេយល់ថា គេសួគ៌ខ្ពស់ យើងនរកប្រេត មនុស្សដែលតាំងខ្លួនខ្ពស់បែបនេះហើយ តើឲ្យព្រះណាអាចបង្វែរការគិតពួកគេបាននោះ សូម្បីព្រះពុទ្ធ ក៏គ្មានសមត្ថភាពដែរ។ ចប់ត្រឹមទឹកមិនលិចពិភពលោកហើយ នៅយល់អត់បាន ចប់ត្រឹមហ្នឹង ខួរក្បាលប្រើការលែងកើតហើយ»។

ស្ត្រីដដែល បានបន្តថា ក្រោយពីនាងបានភ្ញាក់ខ្លួន លែងជឿ ស្រាប់តែលោកខឹម វាសនា វាយប្រហារ កាច់មួលនាង រឹតតែធ្វើឲ្យនាងលែងជឿថា ជាព្រហ្ម ថែមទៀត។

ស្ត្រីខាងលើ បានសរសេរថា «មិនដឹងថាគាត់ជាព្រហ្មប្រភេទអីទេ ពាក្យខ្ញុំនិយាយជាច្រើន លើកយកចំណុចមួយមកនិយាយ ហើយមួល ចេតនាឲ្យខុសទៀត។ ពេលខ្ញុំចេញពីចម្ការ ldp ឃាត់ខ្ញុំ  ខ្ញុំប្រាប់គេថា បើមនុស្សស្លាប់អស់ ពុកខ្ញុំ បងប្អូនខ្ញុំ និងប្តីខ្ញុំស្លាប់អស់ដោយសារលិចទឹក ខ្ញុំក៏មិនដឹងរស់ដើម្បីអីដែរ តែមើលរបៀបនិយាយរបស់គាត់មើល អូយព្រហ្មរក្សាលោក សូមខ្លាចហើយ កំពូលកាច់មួល»។

គួររំឭកថា លោកខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) មុននេះបានបង្អើលប្រជាពលរដ្ឋនៅតាមបណ្តាខេត្តមួយចំនួន រួមទាំងពលករខ្មែរ នៅប្រទេសកូរ៉េ និងជប៉ុន មួយចំនួនផង ជាពិសេសសមាជិកបក្ស LDP សរុបប្រមាណជិត ២ម៉ឺននាក់ ផ្អើលរត់ចោលផ្ទះសម្បែង និងការងារ ទៅស្នាក់នៅក្នុងចម្ការរបស់លោក នៅជើងភ្នំគូលែន ស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ដោយសារតែមេបក្សសញ្ញាជួង រូបនេះ បានតាំងខ្លួនជាព្រហ្មរក្សាលោក ហើយបាននិយាយថា ទឹកនឹងលិចលោក មនុស្សស្ទើរមួយផែនដី ស្លាប់អស់ សល់តែបន្តិច នៅចម្ការជើងភ្នំគូលែន របស់លោក ដោយលោកបានអំពាវនាវឲ្យប្រជាពលរដ្ឋ ពិសេសសមាជិកបក្ស LDP មកស្នាក់នៅក្នុងចម្ការរបស់លោក ឲ្យបានមុនថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ ដើម្បីចៀសផុតពីទឹកលិចលោក។ ប៉ុន្តែយ៉ាងណា ក្រោយថ្ងៃនោះមក ដោយសារមិនមានបាតុភូតទឹកលិចលោក ហើយអាជ្ញាធរបានតម្រូវឲ្យរំសាយការជួបជុំក្នុងចម្ការនោះ ក៏មានប្រជាពលរដ្ឋដែលអស់ជំនឿលើមេបក្សរូបនេះ បានរើបង្វេចចេញពីចម្ការលោកខឹម វាសនា វិលត្រឡប់ទៅផ្ទះសម្បែងរបស់ខ្លួនវិញអស់ នៅសល់តែសមាជិកបក្ស LDP ប្រមាណជាង ១ពាន់នាក់ ដែលមានជំនឿងប់ងុល នៅតែបន្តស្នាក់នៅក្នុងចម្ការលោកខឹម វាសនា នាជើងភ្នំគូលែននោះ មិនព្រមចាកចេញ  មកទល់ពេលនេះ។

 បើទោះបីជាមនុស្សភាគច្រើន អស់ជំនឿលើការអះអាងខ្លួនថាជាព្រហ្មរក្សា ហើយអ្នកខ្លះថាលោកខឹម វាសនា សង្ស័យមានជំងឺសរសៃប្រសាទ ឬបែកកម្មដ្ឋាននោះ បានសារភាពថា ខ្លួនស្ទង់ខុសពេលវេលាទឹកលិចលោក កន្លងទៅ (២៩ សីហា ២០២២) ដោយសារខ្លួនជឿថា លោកនឹងសម្រេចឈានព្រហ្មរក្សាលោក នៅពេលនោះ ដោយបានអះអាងថ្មី កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ ថា ក្នុងរង្វង់ពេល ១អាទិត្យ ឬ៧-១០ថ្ងៃទៀត លោកនឹងសម្រេចឈានពេញបរិបូរ នៅពេលនោះនឹងរញ្ជួយផែនដី ទឹកលិចលោក មនុស្សលើផែនដីស្លាប់រដូករណែល។ ដូច្នេះបើគិតពីថ្ងៃដែលលោកបានអះអាងជាថ្មី មកទល់ថ្ងៃនេះ (២១ តុលា) ឃើញថា មានរយ:ពេល ១៨ថ្ងៃមកហើយ គឺមិនមានអព្ភូតហេតុដូចការអាះអាងរបស់លោកខឹម វាសនា នោះទេ ទើបមហាជន លែងជឿ ដូចករណីស្ត្រីម្នាក់ខាងលើ ដែលទើបតែភ្ញាក់ខ្លួន ចាកចេញពីចម្ការលោកខឹម វាសនា នាពេលថ្មីៗនេះ ដែលបានចាត់ទុកថាអ្វីដែលលោកខឹម វាសនា និយាយបង្អើលថា ទឹកលិចលោកស្អីនោះ ជាការបោកប្រាស់ ជាហេតុធ្វើឲ្យលោកខឹម វាសនា ខឹងអ្នកដែលមិនជឿនិងលែងជឿនោះ ដោយហៅអ្នកទាំងនោះថា «ពួកអាត្រឹមត្រូវ ពួកមីត្រឹមត្រូវ» …៕ ខៀវទុំ

RELATED ARTICLES