Tuesday, November 26, 2024
Homeព័ត៌មានជាតិឯកឧត្តម ឌិត ទីណា ចែកស្រូវពូជជូនប្រជាកសិករ រងគ្រោះជំនន់ទឹកភ្លៀង នៅខេត្តសៀមរាប

ឯកឧត្តម ឌិត ទីណា ចែកស្រូវពូជជូនប្រជាកសិករ រងគ្រោះជំនន់ទឹកភ្លៀង នៅខេត្តសៀមរាប

ខេត្តសៀមរាប ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ នៅថ្ងៃសុក្រ ទី២១ ខែតុលា ឆ្នាំ២០២២ បានបន្តបេសកកម្មចុះចែកស្រូវពូជជូនដល់ប្រជាកសិកររងគ្រោះដោយជំនន់ទឹកភ្លៀង ដែលមានផ្ទៃដីអាច ស្ដារឡើងវិញ នៅខេត្តសៀមរាប។

នៅស្រុកក្រឡាញ់ ដោយមានការចូលរួមពីតំណាងរដ្ឋបាលខេត្តសៀមរាប លោកជំទាវ ម៉ននី រង្សី អភិបាលរងខេត្តព្រះសៀមរាប និងមន្ដ្រីជំនាញពាក់ព័ន្ធដទៃទៀតជាច្រើនរូប នៅស្រុកក្រឡាញ់ ឯកឧត្តម ឌិត ទីណា បានពាំនាំនូវការសូរសុខទុក្ខនិងការយកចិត្តទុកដាក់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោនាយករដ្ឋមន្ដ្រី ជូនដល់បងប្អូនប្រជាកសិករដែលរងផលប៉ះពាល់ដល់ជំនន់ទឹកភ្លៀង។

ដូចគ្នាដែរ នៅក្នុងពិធីចុះចែកអំណោយ (ស្បៀងនិងស្រូវពូជ) ដល់ប្រជាជនមកពីឃុំចំនួន៥ នៃស្រុកពួក ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម បានសាកសួរសុខទុក្ខ និងជូនវេទិកាដល់ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម ដើម្បីផ្ដល់ការណែនាំលក្ខណៈបច្ចេកទេសដល់បងប្អូនប្រជាកសិករ ដើម្បីធ្វើយ៉ាងណាឱ្យពួកគាត់អាចទាញបានសមិទ្ធផលជាអតិបរមា ពីស្រូវពូជដែលផ្ដល់ជូនឱ្យប្រជាកសិកររងគ្រោះ នាពេលនេះ។

សូមបញ្ជាក់ថា នៅស្រុកក្រឡាញ់ ឯកឧត្តមរដ្ឋមន្ដ្រីក្រសួងកសិកម្ម បានចែកស្រូវពូជ ចំនួន៤៤ ៩៥០គីឡូក្រាម ជូនដល់កសិករចំនួន ៤៥០គ្រួសារ មកពី ៨ភូមិ នៃឃុំសំបួរ។ នៅឃុំចន្លាស់ដៃ ការចែកស្រូវពូជ សម្រេចបានចំនួន ២៩៩៥០គីឡូក្រាម ជូនដល់ប្រជាកសិករចំនួន ៤៧២គ្រួសារ មកពីឃុំខ្នារជោ និងឃុំចន្លាស់ដៃ។

ដោយឡែក នៅស្រុកពួក ការចែកអំណោយនិងពូជស្រូវ បានផ្ដល់ជូនដល់ប្រជាកសិករចំនួន២៩៥គ្រួសារ គិតជាស្រូវពូជ ចំនួន ២៤៧៥០គីឡូក្រាម ខណៈប្រជាពលរដ្ឋដែលប្រឈមនឹងការខ្វះខាត ចំនួន៨៥៣គ្រួសារ បានទទួលអំណោយជាស្បៀងសង្គ្រោះបន្ទាន់ ដែលមានដូចជា អង្ករ ត្រីខកំប៉ុង មី និងស្បៀងអាហារចាំបាច់ដទៃទៀត។

គួរបញ្ជាក់ថា មុនពេលបន្តបេសកកម្មនៅខេត្តសៀមរាប ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម បានអញ្ជើញចុះចែកស្រូវពូជជូនប្រជាកសិករ នៅខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ ផងដែរ។ ក្នុងនោះ កាលពីព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ ឯកឧត្តមរដ្ឋមន្ត្រី បានអមដំណើរឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ចូលរួមក្នុងពិធីចែកស្រូវពូជ ចំនួន ២០៥៣៥តោន ដល់ប្រជាកសិករចំនួន ២៧០២គ្រួសារ មកពីក្រុងក្រចេះ ស្រុកព្រែកប្រសព្វ ស្រុកឆ្លូង ស្រុកចិត្របុរី និងស្រុកសម្បូណ៌ ខេត្តក្រចេះ។ បន្ទាប់មក នៅរសៀលថ្ងៃដដែលនោះ  ឯកឧត្តមរដ្ឋមន្រ្តី អមដំណើរដោយឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានបន្តចុះសួរសុខទុក្ខ និងនាំយកស្រូវពូជ ចំនួន ៣០ ២៥០គីឡូក្រាម ជាជំនួយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកជូនប្រជាកសិករអាទិភាព មានដីស្រែអាចស្ដារឡើងវិញបាន ចំនួន៣៩៦គ្រួសារ ក្នុងឃុំទន្លេបិទ ឃុំជីរោទ៍ទី១ និងឃុំជីរោទ៍ទី២ ក្នុងស្រុកត្បូងឃ្មុំ ៕

RELATED ARTICLES