Tuesday, January 21, 2025
Homeព័ត៌មានជាតិបែកប្រពន្ធកន្លះឆ្នាំ ប្តីនឹកពេក ចងកស្លាប់

បែកប្រពន្ធកន្លះឆ្នាំ ប្តីនឹកពេក ចងកស្លាប់

ខេត្តប៉ៃលិន ៖ ប្តីប្រពន្ធ ២នាក់ រស់នៅក្នុងជីវភាពក្រីក្រលំបាកតោកយ៉ាកខ្លាំងពេក ទើបស្ត្រីជាប្រពន្ធ បានសុំប្តីចេញទៅ រកការងារធ្វើនៅភ្នំពេញ តែប្តីមិនព្រម ព្រោះមិនចង់បែកឆ្ងាយឃ្លាតពីប្រពន្ធ ប៉ុន្តែប្រពន្ធមិនស្តាប់ ក៏បានចេញទៅធ្វើការ នៅភ្នំពេញ បាត់អស់រយៈពេលជាងកន្លះឆ្នាំ មកហើយ ជាហេតុធ្វើឱ្យបុរសជាប្តីឈឺចិត្តស្អិតទ្រូងផង ណាមួយនឹកប្រពន្ធ ពេក បានប៉ុនប៉ងសម្លាប់ខ្លួន ២ដងរួចមកហើយ តែត្រូវសាច់ញាតិប្រទះឃើញ ជួយទាន់ លុះលើកទី៣ ចិត្តចងកសម្លាប់ខ្លួន បណ្តាលឱ្យស្លាប់ដូចបំណង។

ករណីនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៦និង៣០នាទីព្រលប់ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ នៅចំណុចផ្លូវទី២ ដីថ្មី ស្ថិតក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។

បុរសដែលចងកសម្លាប់ខ្លួន មានឈ្មោះឃួន វណ្ណី ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរកម្មករ មានលំនៅក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។

តាមប្រភពព័ត៌មានពីប្អូនបង្កើតរបស់ជនរងគ្រោះ បានបំភ្លឺថា បងប្រុសរបស់គាត់ មានវិបត្តិផ្លូវចិត្ត រឿងប្រពន្ធចេញទៅធ្វើការនៅភ្នំពេញ អស់រយៈពេលកន្លះឆ្នាំមកហើយ ទោះជាព្យាយាមឃាត់យ៉ាងណាក៏ប្រពន្ធមិនស្តាប់ នៅតែមានះចេញទៅភ្នំពេញ ទើបធ្វើឱ្យបងប្រុសគាត់ (ជនរងគ្រោះ) ខូចចិត្ត និងនឹកប្រពន្ធពេក បានប៉ុនប៉ងសម្លាប់ខ្លួន ២ដងរួចមកហើយ តែត្រូវបានពួកគាត់ជាសាច់ញាតិឃើញ ជួយឃាត់ទាន់រហូត។

ប្រភពដដែល បន្តថា លុះមកដល់ថ្ងៃកើតហេតុ បងប្រុសគាត់បានចងកបញ្ចប់ជីវិតនៅក្នុងផ្ទះតែម្តង ដោយគ្មានអ្នកណាបានដឹងនិងជួយទាន់ ទើបបណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញស្រុកសាលាក្រៅ បានចុះពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារចងកសម្លាប់ខ្លួនប្រាកដមែន។ មូលហេតុ ដោយសារមានវិបត្តិផ្លូវចិត្ត រឿងប្រពន្ធចេញទៅធ្វើការឃ្លាតឆ្ងាយពីខ្លួន។

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES