Monday, September 23, 2024
Homeព័ត៌មានជាតិអតីតផ្កាយ២ សូយ ចាន់សឿន តុលាការថែមទោស១ឆ្នាំទៀត

អតីតផ្កាយ២ សូយ ចាន់សឿន តុលាការថែមទោស១ឆ្នាំទៀត

ភ្នំពេញ ៖ លោកធាម ច័ន្ទពិសិដ្ឋ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ កាលពីពេលថ្មីៗនេះ បានសម្រេច សាលក្រមផ្តន្ទាទោសអតីតយោធាផ្កាយ២ ឈ្មោះសូយ ចាន់សឿន ដាក់ពន្ធនាគារ ១ឆ្នាំថែមទៀត លើបទល្មើស “ប្រើ អំពើហិង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត និងបទបរិហារបង្កាច់កេរ្តិ៍”។

តាមប្រភពពីមន្ត្រីសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ ថា បក្ខពួកម្នាក់ទៀត ឈ្មោះ សូ បិនឡា ក៏ត្រូវបានផ្តន្ទាទោសដូចគ្នាដែរ និងបង្គាប់ឱ្យរួមគ្នាសងជំងឺចិត្តដល់ដើមបណ្តឹងរដ្ឋប្បវេណី ចំនួន១០លានរៀល។ ជាមួយគ្នានេះ ឈ្មោះ ធី សូចន្នា ត្រូវបានពិន័យប្រាក់ ១លានរៀល ពីបទបរិហារបង្កាច់កេរ្តិ៍។

សូមជម្រាបថា នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ សាលាដំបូងរាជធានីភ្នំពេញ ដែលមានលោក ធាម ច័ន្ទពិសិដ្ឋ ជាចៅក្រមជំនុំជម្រះ បានប្រកាសផ្តន្ទាទោសលើសំណុំរឿងចំពោះជនជាប់ចោទចំនួន ២នាក់ ម្នាក់គឺជាអតីតយោធាផ្កាយ២ នៅក្រសួងការពារជាតិ ឈ្មោះសូយ ចាន់សឿន និងគូកនម្នាក់ទៀត ជាប់ពាក់ព័ន្ធនឹងបណ្តឹងបរិហារបង្កាច់កេរ្តិ៍ ប្រព្រឹត្តកាលពីអំឡុងឆ្នាំ២០២០។

តាមការសម្រេចរបស់ចៅក្រម គឺសម្រាប់អតីតយោធាផ្កាយ២ ឈ្មោះ សូយ ចាន់សឿន ត្រូវជាប់ពន្ធនាគារ ចំនួន៨ខែ និងសងជំងឺចិត្ត ចំនួន២០លានរៀល ខណៈបក្ខពួកម្នាក់ទៀត មានឈ្មោះសូ បិនឡា ក៏ត្រូវឱ្យសងជំងឺចិត្ត ចំនួន២០លានរៀលផងដែរ។

ជនជាប់ចោទទាំង២នាក់ ទី១-ឈ្មោះសូយ ចាន់សឿន ភេទប្រុស អាយុ៤៥ឆ្នាំ ជាអតីតមន្ត្រីយោធាផ្កាយ២ មានលំនៅផ្ទះលេខ ៣១០អឺ០ មហាវិថីព្រះមុនីវង្ស សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ (កំពុងជាប់ឃុំនៅពន្ធនាគារខេត្តកំពង់ស្ពឺ) និងទី២-ឈ្មោះសូ បិនឡា ភេទប្រុស អាយុ៤៣ឆ្នាំ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិត្នោតជ្រុំ៣ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនជាប់ចោទទាំង២នាក់ ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ “បរិហារបង្កាច់កេរ្តិ៍” ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុង ឆ្នាំ២០២០ ដែលបទល្មើសនេះមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រ៣១១ និងមាត្រា៣១២ នៃក្រមព្រហ្មទណ្ឌ។

ក្រៅពីសំណុំរឿងក្តីខាងលើនេះជនជាប់ចោទ ឈ្មោះសូយ ចាន់សឿន នៅជាប់បណ្តឹងរបស់ស្ត្រីរងគ្រោះម្នាក់ឈ្មោះឌួង ហេម៉ាលីស ដែល ត្រូវជាអតីតគូស្នេហ៍របស់គាត់ ដោយប្តឹងពីបទ “ហិង្សាដោយមានស្ថានទម្ងន់ទោស និងបង្ខាំងមនុស្សដោយខុសច្បាប់” ផងដែរ ប្រព្រឹត្តនៅ ក្រុងតាខ្មៅ ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ដែលជាបទល្មើសព្រហ្មទណ្ឌ មានចែងឱ្យផ្តន្ទាទោស តាមបញ្ញត្តិមាត្រា២១៨ និងមាត្រា២៥៣ ចំណុច១ នៃក្រមព្រហ្មទណ្ឌ។

ចំពោះសំណុំរឿងមួយនេះ កាលពីព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១ តុលាការកំពូល បានសម្រេចតម្កល់សំណុំរឿង ទុក ជាបានការដដែល ពោលដូចអ្វីដែលសាលាឧទ្ធរណ៍ បានសម្រេចនាពេលកន្លងទៅ។ ជាមួយនេះ ជនជាប់ចោទឈ្មោះ សូយ ចាន់សឿន នៅមានជាប់ពាក់ពន្ធបទល្មើសផ្សេងទៀត ដែលតុលាការខេត្តកំពង់ស្ពឺ គ្រោងនឹងបើកសវនាការជាបន្តបន្ទាប់៕

RELATED ARTICLES