ភ្នំពេញ៖តារាកូន១សួស វីសា បានវិលត្រឡប់មករកអាជីពចាស់ឡើងវិញនោះគឺការថតMVបទថ្មីរបស់ខ្លួននៅថ្ងៃទី២១តុលា ក្រោយពេលនាងវិលត្រឡប់មកពីពេទ្យថៃ៤ថ្ងៃប៉ុណ្ណោះ ដើម្បីតាមដានស្ថានភាពជំងឺបំពង់ករបស់នាង។ថ្វីតិ្បតតែវីសា នៅតែបន្ដលេបថ្នាំជាប្រចាំក្ដី ប៉ុន្ដែការបាត់មុខយូពេកពោលគឺតាំងពីដើមខែមីនាឆ្នាំ២០២១ ដែលពេលនោះនាងកើតកូវីដ នោះមិនអាចឲ្យនាងបន្ដសម្ងំលាក់ខ្លួនពីឆាកតន្រ្ដីតទៅទៀតបានឡើយ ទើបពេលនេះតារាហង្សមាសត្រូវតែច្រៀងផងលេបថ្នាំផងបែបនេះ។យ៉ាងណាការសម្រុកវាយលុកទីផ្សារសិល្បៈរបស់វីសា វិញបែបនេះគឺហាក់ដូចជាការប្រថុយមួយផងដែរ ខណៈដែលមុននេះនាងបង្ហាញការមានវប្បដិសារីម្ដងរួចទៅហើយថាដោយសារតែស្រលាញ់លុយពេកទើបភ្លេចគិតដល់សុខភាពបណ្ដាលឲ្យនាងធ្លាក់ខ្លួនឈឺធ្ងន់បែបនេះ។ចំណែកលើកនេះបើជំងឺវីសា វិត្តន៍ទៅធ្ងន់លើសដើមដោយសារតែនាងប្រឹងច្រៀងសម្ដែងទាំងសុខភាពមិនអំណោយផលនោះច្បាស់ជាធ្វើឲ្យនាងប្រឈមការខូចចិត្តជាលើកទី២ព្រោះរឿងចង់ល្បីថែមទៀតនោះជាមិនខាន។

សួស វីសា ជាតារាដែលមានសម្ថភាពមិនចាញ់ឱក សុគន្ធកញ្ញា នោះទេ ប៉ុន្ដែនាងមិនដែលឈក្នុងតំណែងជូរមុខរបស់ហង្សមាសឡើយព្រោះតែប្អូនថ្លៃថៅកែហង្សមាសនិងពេជ្រ សោភា នៅតែធ្វើបានល្អជាង។ប៉ុន្ដែវីសា ដែលក្លាយទៅជាភរិយាលោកថមមី ជាង២ឆ្នាំនិងមានកូនស្រី១រស់នៅយ៉ាងមានសុភមង្គលនោះនាងមិនពឹងលើអាជីពចម្រៀងទាំងស្រុងនោះទេ ព្រោះបង្កើតមុរបរខាងក្រៅសិល្បៈជាបន្ដបន្ទាប់ទើបធ្វើឲ្យប្ដីប្រពន្ធតារា១គូនេះមានជីវភាពធូធាខ្លាំងនារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះដូចជាការទិញបានផ្ទះវីឡារនិងជិះរថយន្ដទំនើបៗជាច្រើនគ្រឿង។តែវីសា ដែលកំពុងមានបញ្ហាបំពង់ករហូតរត់ទៅពេទ្យថៃចុះឡើងៗនោះនៅមានក្ដីសុបិនធំមួយទៀតនោះគឺនាងចង់ជិះរថយន្ដលំដាប់សេដ្ឋីម៉ាកRolls Royce ហេតុនេះហើយគេចាំមើលថាតើស្វាមីនាងលោកប៊ុនថុល ប៊ុនថង នឹងបំពេញក្ដីស្រម៉ៃដល់ប្រពន្ធលោកបាននៅពេលណាទៅ?

ក្រៅពីសួស វីសា តារាដែលផ្ដើមចេញពីអ្នកសិល្បៈទម្រង់បុរាណមកជាអ្នកចម្រៀងសម័យមានដូចជាលោកជំទាវហ៊ឹម ស៊ីវន,អ្នកនាងឱក សុគន្ធកញ្ញា,កញ្ញាចំរើន សុភ័ក្រ និងតន់ ច័ន្ទសីម៉ា ជាដើម៕


