ខេត្តឧត្តរមានជ័យ ៖ បុរសម្នាក់ បានយកឧបករណ៍ឆក់ និងអាគុយ ចេញទៅឆក់ត្រី នៅតាមមាត់ស្ទឹង ស្រាប់តែអកុសល បែរជាឆក់ខ្លួនឯង បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម។ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ២និង៤៥នាទីរសៀល ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ នៅត្រង់ចំណុច ភូមិត្រពាំងប្រីយ៍ ឃុំបាក់អន្លូង ស្រុកត្រពាំងប្រាសាទ។
បុរសរងគ្រោះ មានឈ្មោះហង្ស សុខា អាយុ៥៧ឆ្នាំ មុខរបរកសិករ រស់នៅភូមិស្រែល្អ ឃុំបាក់អន្លូង ស្រុកត្រពាំងប្រាសាទ។
តាមប្រភពពីសមត្ថកិច្ចជំនាញស្រុកត្រពាំងប្រាសាទ បានឱ្យដឹងថា ក្រោយទទួលសេចក្តីរាយការណ៍ពីលោក នាយប៉ុស្តិ៍រដ្ឋបាលបាក់អន្លូង ថាមានករណីប្រជាពលរដ្ឋឆក់ត្រីខុសបច្ចេកទេស បណ្តាលឱ្យឆក់ស្លាប់ខ្លួនឯង កើតឡើងនៅចំណុចស្ទឹងអូរមេម៉ាយក្រោម ស្ថិតក្នុងភូមិត្រពាំងប្រីយ៍ ឃុំបាក់អន្លូង ស្រុកត្រពាំងប្រាសាទ រួចមក លោកអធិការនគរបាលស្រុក បានចាត់កម្លាំងផ្នែកជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលមូលដ្ឋាន ចុះពិនិត្យដល់ទីកន្លែងកើតហេតុជាក់ស្តែងតែម្តង។
តាមការពិនិត្យរបស់មន្ត្រីជំនាញ នៅលើខ្លួនប្រាណសព លើស្លឹកត្រចៀកខាងស្តាំ មានស្នាមរោលខ្លោចខ្មៅ ដែលបណ្តាលមកពីការឆក់។
សមត្ថកិច្ចបញ្ជាក់បន្ថែមថា យោងតាមការបំភ្លឺរបស់សាក្សី និងការពិនិត្យធ្វើកោសល្យវិច័យរបស់មន្ត្រីជំនាញ ឃើញថា ជនរងគ្រោះ ពិតជាស្លាប់ដោយសារការឆក់ត្រីខុសបច្ចេកទេស បណ្តាលឱ្យឆក់ខ្លួនឯងស្លាប់ប្រាកដមែន ដោយមូលហេតុខ្វះការប្រុងប្រយ័ត្ន។
សព ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕
ប៊ុនថេត