Monday, September 23, 2024
Homeព័ត៌មានជាតិលួចម៉ូតូបាន យកទៅផ្ញើបាត់ វ៉ៃសន្តិសុខ ជាប់ខ្នោះ៣

លួចម៉ូតូបាន យកទៅផ្ញើបាត់ វ៉ៃសន្តិសុខ ជាប់ខ្នោះ៣

ខេត្តសៀមរាប ៖ កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ដឹកនាំដោយ លោកវរសេនីយ៍ទោ ដា ចំរើន បានឃាត់ខ្លួនជនសង្ស័យ ចំនួន៣នាក់ ពាក់ព័ន្ធនិងករណីអំពើលួចមានស្ថានទម្ងន់ទោស (កាច់កម៉ូតូ) និងហិង្សាដោយចេតទៅលើជនរងគ្រោះ ដោយជនសង្ស័យទាំង៣នាក់ លួចបានម៉ូតូ ១គ្រឿង យកទៅផ្ញើទុកនៅកន្លែងផ្ញើម៉ូតូមួយកន្លែង លុះត្រឡប់ទៅវិញ រកម៉ូតូអត់ឃើញ ក៏រករឿងឈ្លោះ វាយសន្តិសុខជាអ្នកយាមម៉ូតូ បណ្តាលឱ្យរបួស ទើបត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនតែម្តង។

លោកវរសេនីយ៍ទោ ដា ចំរើន អធិការនគរបាលក្រុងសៀមរាប បានប្រាប់នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ ថា យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ចំនួន២ករណី បានឱ្យដឹងថា កាលពីវេលាម៉ោង ៨ព្រឹក ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ នៅចំណុចក្បែរបន្ទប់ជួល ក្នុងភូមិវិហារចិន សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប មានករណីអំពើលួចម៉ូតូ បង្កឡើងដោយជនសង្ស័យឈ្មោះសារឿន សំណាង ហៅជា ហៅរ៉ាន់ សល់ ហៅស្បែក បានធ្វើសកម្មភាពលួចម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០០៨ ពណ៌ខ្មៅ បិទតែមស៊េរីឆ្នាំ២០២១ ពាក់ស្លាកលេខ ភ្នំពេញ 1AC-5081 លេខតួ-លេខម៉ាស៊ីន 8346529 របស់ជនរងគ្រោះឈ្មោះ គ.ម ភេទប្រុស អាយុ១៨ឆ្នាំ មានលំនៅក្នុងភូមិកើតហេតុខាងលើ រួចគេចខ្លួន។ រហូតដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាន រួមទាំងវត្ថុតាង (ម៉ូតូ១គ្រឿង) ហើយយក មកសាកសួរ។

ក្រោយពីសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចម៉ូតូខាងលើមែន និងបានលួចកាបូបប្រាក់ និងកុំព្យូទ័ររបស់ប្រជាពលរដ្ឋផងដែរ ដោយការធ្វើសកម្មភាពមានបក្ខពួកឈ្មោះសៀប កុសល ហៅតឿ និងឈ្មោះភន់ សុផល ដែលធ្លាប់ធ្វើសកម្មភាពកាច់កលួចយកម៉ូតូ ក្នុងក្រុងសៀមរាប និងនៅស្រុកសូទ្រនិគម កាលពីកន្លងទៅពេលថ្មីៗនេះ។

លោកអធិការ បន្តថា បន្ទាប់មក សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យឈ្មោះ ភន់ សុផល និងឈ្មោះសៀប កុសល ហៅតឿ យកមកសាកសួរ ។ ជនសង្ស័យឈ្មោះ ភន់ សុផល បានឆ្លើយថា ខ្លួនពិតជាបានលួចកាច់កម៉ូតូក្នុងក្រុងសៀមរាប ជាមួយបក្ខពួកឈ្មោះសៀប កុសល ហៅតឿ និងឈ្មោះសារឿន សំណាង ហៅជា ហៅរាន់ សល់ ហៅស្បែក ប្រាកដមែន។ ចំណែកសោកែច្នៃ គឺរូបខ្លួនទិញពីមនុស្សប្រុសម្នាក់ មិនស្គាល់ឈ្មោះ។ រីឯឈ្មោះសៀប កុសល ហៅតឿ បានឆ្លើយសារភាពថា ខ្លួនពិតជាបានចូលរួមកាច់កម៉ូតូមែន ដោយខ្លួនជាអ្នកមើលផ្លូវ។

លោកអធិការ បញ្ជាក់ថា ជនសង្ស័យទាំង៣នាក់ខាងលើ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន រួមមាន ទី១-ឈ្មោះសារឿន សំណាង ហៅជា ហៅរ៉ាន់ សល់ ហៅស្បែក ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ មានស្រុកកំណើតនៅខេត្តស្វាយរៀង។ ទី២-ឈ្មោះសៀប កុសល ហៅតឿ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើត និងលំនៅបច្ចុប្បន្ន នៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប និងទី៣-ឈ្មោះភន់ សុផល ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនិងលំនៅបច្ចុប្បន្ន នៅភូមិត្រាង ឃុំកណ្តែក ស្រុកប្រាសាទបាគង។

លោកអធិការ បានបញ្ជាក់ទៀតថា ជនសង្ស័យទាំង៣ខាងលើ បានឆ្លើយសារភាពទៀតថា កាលពីវេលាម៉ោង ៣រសៀល ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ នៅចំណុចទីតាំងទទួលផ្ញើម៉ូតូក្បែរមន្ទីរពេទ្យកុមារគន្ធបុប្ផា ស្ថិតក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គុំ ពួកគេបានវាយតប់ ទៅលើសន្តិសុខជាអ្នកយាមម៉ូតូ ខណៈពេលដែលពួកគេទៅរកម៉ូតូដែលខ្លួនលួចបាន យកទៅផ្ញើនឹងកន្លែងផ្ញើម៉ូតូ បែរជាមិនឃើញ។ 

ជនសង្ស័យទាំង៣នាក់ខាងលើ ត្រូវបានកម្លាំងនគរបាលការិយាល័យជំនាញ បញ្ជូនទៅកាន់សាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការបន្តតាមនីតិវិធី។

ចំណែកវត្ថុតាងដែលចាប់ដកហូតបាន មានម៉ូតូ និងសម្ភារៈ កាបូបលុយ ព្រមទាំងកុំព្យួទ័រ ត្រូវបានប្រគល់ជូនម្ចាស់ដើមវិញអស់ហើយ។ រីឯបក្ខពួកដែលបានរត់គេចខ្លួន កម្លាំងសមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត ដើម្បីឃាត់ខ្លួនយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕

RELATED ARTICLES