ភ្នំពេញ ៖ បុគ្គលិកសិក្សា លោក គ្រូអ្នកគ្រូ នៃវិទ្យាល័យទួលប្រាសាទសែនសុខ ប្រមាណ៤០នាក់ បានផ្ទុះការតវ៉ា ស្នើសុំឱ្យក្រសួងអប់រំ មានចំណាត់ការស្រាវជ្រាវនិងផ្លាស់ប្តូរនាយកវិទ្យាល័យទួលប្រាសាទសែនសុខ ដោយសំអាងថា ការដឹកនាំរបស់នាយកសាលារូបនេះ មានភាពមិនប្រក្រតីជាច្រើន។
ការតវ៉ាខាងលើនេះ បានធ្វើឡើង កាលពីព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ នៅត្រង់ចំណុចមុខវិទ្យាល័យទួលប្រាសាទសែនសុខ ស្ថិតក្នុង ភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ដោយក្រុមលោកគ្រូអ្នកគ្រូ បាននាំគ្នាជួបប្រមូលផ្តុំ និងលើកបដាតវ៉ា ដោយភ្ជាប់ជាមួយនឹងរូបសម្តេចហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផងដែរ។
លោកនាយកវិទ្យាល័យ ដែលត្រូវបានលោកគ្រូអ្នកគ្រូ ព្រមទាំងបុគ្គលិកសិក្សា នាំគ្នាតវ៉ា សម្តែងនូវការមិនពេញចិត្ត រហូតឈានដល់ការស្នើសុំឱ្យមានការផ្លាស់ប្តូរនោះ មានឈ្មោះអ៊ុំ សុកំ។
យោងតាមលិខិតស្នើសុំផ្លាស់ប្តូរលោកអ៊ុំ សុកំ ជានាយកវិទ្យាល័យទួលប្រាសាទសែនសុខ ដែលគោរពជូនលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកហេតុមូលហេតុ ថា ១-លោកនាយក មិនបង្ហាញតម្លាភាពក្នុងចំណាយថវិកាផ្សេងៗ ដែលមានដូចជាថវិកាដំណើរការសាងសង់សាលារៀន (SOB) និងថវិកាគម្រោង (SIEP ឬ GIEP) ដែលប្រើប្រាស់សម្រាប់អភិវឌ្ឍន៍ការបង្រៀននិងរៀន។ ២-ថវិកាចំណូលដែលសាលាទទួលបានពីការដេញថ្លៃភាស៊ី កង់ និងតូបផ្សារ នៅក្នុងសាលារៀន មិនដែលប្រកាសប្រាប់បុគ្គលិកពីការចំណាយផ្សេងៗឡើយ។ ៣-គប់គិតលាក់បុគ្គលិកអសកម្មដែលមិនបានមកបំពេញការងារ ដោយប្រើពាក្យថា ខ្លួនជាអ្នកមានឆន្ទានុសិទ្ធិ។ ៤-យកកូនប្រុសរបស់ខ្លួន ដែលគ្មានវិជ្ជាជីវៈជាគ្រូបង្រៀន មកបង្រៀនជំនួសគ្រូដែលអសកម្ម ជាថ្នូរជាមួយការបើកយកប្រាក់បៀវត្សពីបុគ្គលិកដែលអសកម្មទាំងនោះ។ ៥-តម្រូវឱ្យលោកគ្រូ អ្នកគ្រូ ចំណាយប្រាក់លើការបង់ថ្លៃជួលអ្នកយាមសាលា ចំនួន១ម៉ឺនរៀល ក្នុង១ខែ ក្នុងគ្រូម្នាក់ ចំណាយលើការធ្វើឯកសារផ្សេងៗ និងទិញសម្ភារៈសិក្សាដូចជា ហ្វឺត និងទឹកហ្វឺត ដោយសាលាមិនបានផ្គត់ផ្គង់ដល់លោកគ្រូអ្នកគ្រូឱ្យបានគ្រប់គ្រាន់សម្រាប់ រយៈពេល ១ឆ្នាំៗទេ។ ៦-ទាមទារប្រាក់ពីអាណាព្យាបាលសិស្សដែលសុំផ្ទេរការសិក្សារបស់សិស្ស និងនាយិការងម្នាក់ទៀត ឈ្មោះញា សុឃីម បានទារប្រាក់ពី សិស្សានុសិស្ស ពេលសុំដកសញ្ញាបត្រប្រឡង និងតែងតែកាត់ប្រាក់ពីគណៈកម្មការមេប្រយោគ ពេលចេញបេសកកម្មប្រឡងម្តងៗ គ្រប់គណៈកម្មការ និង៧-ប្រើអំណាចគាបសង្កត់គំរាមគំហែង អសីលធម៌ ធ្វើឱ្យប៉ះពាល់ដល់សតិអារម្មណ៍អ្នកគ្រូអ្នកគ្រូ ដែលកំពុងតែបំពេញការងារបង្រៀន និងរៀន ដល់សិស្សានុសិស្ស។
នៅក្នុងលិខិតនោះ ក៏បានបន្ថែមថា «យើងខ្ញុំជាលោកគ្រូអ្នកគ្រូនិងបុគ្គលិកសិស្សាវិទ្យាល័យ ទួលប្រាសាទសែនសុខ សូមជ្រាបជួនលោកអភិបាល មេត្តាជ្រាបថា យើងខ្ញុំទាំងអស់គ្នា មានការមិនពេញចិត្តជាខ្លាំងចំពោះលោកអ៊ុំ សុកំ ដែលជាមនុស្សអសីលធម៌ ដោយគាត់តែងតែ ដើរញុះញង់ លាបពណ៌ ឆ្កឹះឆ្កៀល បំបែកបំបាក់សាមគ្គីភាពផ្ទៃក្នុងនៅក្នុងអង្គភាព»។
នៅក្នុងការតវ៉ានោះ លោកគ្រូអ្នកគ្រូនិងបុគ្គលិកសិក្សា នៃវិទ្យាល័យទួលប្រាសាទសែនសុខ បានសំណូមពរដល់សម្តេចហ៊ុន សែន ក៏ដូចជាលោករដ្ឋមន្ត្រីក្រសួងអប់រំ និងលោកអភិបាលរាជធានីភ្នំពេញ មេត្តាជួយត្រួតពិនិត្យ និងសម្រេចតាមការស្នើសុំ។
ពាក់ព័ន្ធទៅនឹងការតវ៉ាខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំការបំភ្លឺពីលោកអ៊ុំ សុកំ ដែលជានាយកវិទ្យាល័យទួលប្រាសាទ សែនសុខ បានទេ កាលពីម្សិលមិញ៕