ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ ចំនួន២នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ឃាត់ខ្លួន បញ្ជូនទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ បន្ទាប់ពីធ្វើសកម្មភាពលួចម៉ូតូយ៉ាងសកម្ម នៅក្នុងភូមិសាស្ត្រក្រុងសិរីសោភ័ណ និងក្រុងប៉ោយប៉ែត ដោយត្រឹមតែរយៈពេល ២៤ម៉ោង ជនសង្ស័យទាំង២នាក់ បានធ្វើសកម្មភាពលួចដល់ទៅ ៣ករណី។
លោកយ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានអាវុធហត្ថក្រុងសិរីសោភ័ណ បានឱ្យដឹងថា កាលពីវេលាម៉ោង ១និង៥០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ មានករណីលួចម៉ូតូ នៅចំណុចភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ បង្កឡើងដោយជនសង្ស័យ ចំនួន២នាក់ ទី១-ឈ្មោះចាន់ធី វិសា ហៅបឹប ភេទប្រុស អាយុ១៧ឆ្នាំ និងទី២-ឈ្មោះកែវ ចាន់ជូ ហៅម៉ៅ ភេទប្រុស អាយុ១៨ឆ្នាំ បាននាំគ្នាធ្វើសកម្មភាពលួចយកម៉ូតូ១គ្រឿង ម៉ាកហុងដា ហ៊្សូមឺរអ៊ិច ពណ៌ខ្មៅ លាយក្រហម ផលិតឆ្នាំ២០១៨ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1A- 6872 របស់ឈ្មោះម៉ៅ រក្សា ភេទស្រី អាយុ២៣ឆ្នាំ ស្នាក់នៅបន្ទប់ជួល ស្ថិតក្នុងភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។
លោកយ៉ាន់ សុវណ្ណ បន្តថា បន្ទាប់ពីបានធ្វើសកម្មភាពលួចបានសម្រេច ក្រុមជនសង្ស័យទាំង២នាក់នេះ បានជិះម៉ូតូគេចខ្លួនទៅក្រុងប៉ោយប៉ែត រហូតដល់វេលាម៉ោង ៨យប់ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ ក៏បាននាំគ្នាចូលលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ នៅសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត តែត្រូវបានម្ចាស់គេតាមទាន់ ទើបជនសង្ស័យទាំង២ រត់ចោលម៉ូតូខាងលើ។ លុះដល់វេលាម៉ោង ១០យប់ ថ្ងៃដដែល ជនសង្ស័យទាំង២នាក់ បានបន្តធ្វើសកម្មភាពលួចម៉ូតូ ១គ្រឿងទៀត ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០២១ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1W-8683 របស់ឈ្មោះ ហម សំណាង ភេទប្រុស អាយុ២២ឆ្នាំ មានលំនៅបច្ចុប្បន្ន ភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ដោយពួកគេបានយកជើងធាក់កាច់កម៉ូតូ រួចជិះធ្វើដំណើរមកក្រុងសិរីសោភ័ណ ក៏ត្រូវបានសមត្ថកិច្ចក្រុងសិរីសោភ័ណ ឃាត់ខ្លួនតែម្តង។
លោកយ៉ាន់ សុវណ្ណ បានបញ្ជាក់ថា ក្រោយឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើ កម្លាំងអាវុធហត្ថ ដកហូតបានវត្ថុតាង ម៉ូតូ ២គ្រឿង ១-ម៉ាកហុងដា ហ៊្សូមឺរអ៊ិច ពណ៌ខ្មៅ លាយក្រហម ផលិតឆ្នាំ២០១៨ ពាក់ស្លាកលេខ 1A-6872។ ២-ម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០២១ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1W-8683។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឱ្យដឹងថា យោងតាមបណ្តឹងរបស់ជនរងគ្រោះ និងចម្លើយសារភាពរបស់ជនសង្ស័យទាំង២នាក់ ជនសង្ស័យទាំង២នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី។ ចំណែកវត្ថុតាង ម៉ូតូ ត្រូវបានកម្លាំងអាវុធហត្ថ ប្រគល់ជូនម្ចាស់ដើមវិញ៕