ភ្នំពេញ ៖ យុវជនម្នាក់ ជាអ្នកចែកចាយនំប៉ាវ ត្រូវបានថៅកែប្តឹងសមត្ថកិច្ចឱ្យឃាត់ខ្លួន កាលពីវេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ បន្ទាប់ពីបែកធ្លាយរឿងលួចកិបកេងប្រាក់ និងលួចបន្លំនំប៉ាវ អស់រយៈពេលប្រមាណ ១ឆ្នាំ។
ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះដូក គឹមស៊ីញ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរបុគ្គលិកចែកចាយនំប៉ាវ ដាក់ឱ្យម៉ូយ ស្នាក់នៅផ្ទះជួល ក្នុងភូមិចម្ការឪឡឹក២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅឃុំព្រៃកប្បាស ស្រុកព្រៃកប្បាស ខេត្តតាកែវ។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យខាងលើ ធ្វើឡើងតាមពាក្យបណ្តឹងរបស់ថៅកែនំប៉ាវ បន្ទាប់ពីបែកធ្លាយថា ជនសង្ស័យរូបនេះ បានបន្លំលួចនំប៉ាវ និងកិបកេងលុយកាក់ ជារៀងរាល់ថ្ងៃ។
តាមពាក្យបណ្តឹង បានបញ្ជាក់ថា ជនសង្ស័យ ជាបុគ្គលិកចែកចាយនំប៉ាវ នៅរាជធានីភ្នំពេញ ហើយបានលួចបន្លំនំប៉ាវ និងកិបកេងប្រាក់ អស់រយៈពេលប្រមាណ ១ឆ្នាំ តាមការដឹកនំប៉ាវ ទៅចែកចាយឱ្យម៉ូយ។ នៅក្នុងពេលដឹកនំប៉ាវ ឱ្យម៉ូយម្តងៗ ជនសង្ស័យតែងលួចបន្លំនំប៉ាវ ក្នុង១ជើង ប្រមាណពី ១០ ទៅ១៥នំប៉ាវ ហើយក្នុង ១ថ្ងៃ ដឹកចែកចាយឲ្យម៉ូយ មិនតិចជាង១០ជើងនោះទេ ដោយជននោះ ភូតកុហកថា រាប់ខ្វះ ទោះរាប់គ្រប់ក៏ដោយ។
លុះក្រោយមក ថៅកែដឹង ហើយក៏បានណែនាំ អប់រំ ព្រមទាំងធ្វើកិច្ចសន្យាឲ្យបញ្ឈប់សកម្មភាពនោះហើយ ប៉ុន្តែយុវជននោះ នៅតែបន្តលួចនំប៉ាវទៀត អស់រយៈពេលប្រមាណ ១ឆ្នាំមកហើយ រហូតដល់ថៅកែទ្រាំលែងបាន ក៏ប្តឹងប៉ូលិសឱ្យឃាត់ខ្លួន កសាងសំណុំរឿង ចាត់ការតាមច្បាប់តែម្តង៕