Monday, November 25, 2024
Homeព័ត៌មានជាតិសរសើរអ្នកគ្រូពេទ្យ ងូតទឹក ផ្លាស់ខោឲ្យអ្នកជំងឺប្រុសអនាថា

សរសើរអ្នកគ្រូពេទ្យ ងូតទឹក ផ្លាស់ខោឲ្យអ្នកជំងឺប្រុសអនាថា

ខេត្តកោះកុង ៖ តាមប្រភពមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានឲ្យដឹងថា​ អ្នកជំងឺជាជនអនាថា នៅតែជាបន្ទុកដ៏ធំរបស់មន្ទីរពេទ្យបង្អែកខេត្តកោះកុង ក្នុងការចំណាយថវិកា ផ្គត់ផ្គង់អាហារ និងការថែទាំ ជាពិសេសអ្នកជំងឺជាជនអនាថា ដែលមានស្ថានភាពធ្ងន់ធ្ងរ មិនអាចដើរបាន ត្រូវជាភារ:សម្រាប់មន្ត្រី បុគ្គលិកពេទ្យ ជួយថែទាំ ងូតទឹក សម្អាតខ្លួន ផ្លាស់ប្តូរសម្លៀកបំពាក់ និងបញ្ចុកអាហារជាដើម។

មន្ត្រី បុគ្គលិកមន្ទីរពេទ្យបង្អែកខេត្តកោះកុង មិនត្រឹមតែបម្រើសេវាថែទាំ ព្យាបាលអ្នកជំងឺ យ៉ាងយកចិត្តទុកដាក់ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈប៉ុណ្ណោះទេ ថែមទាំងជួយបញ្ចុកចំណីអាហារ ងូតទឹក សម្អាតខ្លួនប្រាណ (ជំនួសសាច់ញាតិអ្នកជំងឺ) ប្រចាំថ្ងៃ ដល់អ្នកជំងឺអនាថាគ្មានទីពឹង និងអ្នកជំងឺអនាថាធ្ងន់ធ្ងរ ដំណាក់កាលចុងក្រោយ ជាច្រើនរាប់មិនអស់ ទោះប្រឡាក់ប្រឡូកដោយទឹកនោម លាមក និងមានក្លិនមិនល្អផ្សេងៗ… ។

ដោយមន្ទីរពេទ្យង្អែកខេត្តកោះកុង តែងតែជួបនូវបញ្ហាលំបាកបែបនេះ មន្ទីរពេទ្យ មានផែនការរៀបចំសាងសង់ជាបន្ទប់សម្រាក ថែទាំ ព្យាបាល សម្រាប់អ្នកជំងឺអនាថា គ្មានទីពឹង ដោយមានការកៀរគរចូលរួមជាថវិកាពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រី បុគ្គលិកមន្ទីរពេទ្យ និងសប្បរសជននានា ។

ជាក់ស្តែង នៅថ្ងៃចន្ទ ១៤រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២២ មន្ត្រី បុគ្គលិកមន្ទីរពេទ្យខេត្តកោះកុង បានជួយថែទាំ ងូតទឹក សម្អាតខ្លួនប្រាណ បញ្ចុកអាហារ ជំនួសសាច់ញាតិ ដល់បុរសជាអ្នកជំងឺអនាថា ដែលមានស្ថានភាពធ្ងន់ធ្ងរ មិនអាចដើរបាន។

កាយវិការ និងសកម្មភាពរបស់មន្ត្រី បុគ្គលិកមន្ទីរពេទ្យបង្អែកខេត្តកោះកុង​ បានធ្វើឲ្យមហាជនមានការកោតសរសើរ និងចាត់ទុកជាគំរូ សម្រាប់ពេទ្យដទៃទៀតផងដែរ៕

RELATED ARTICLES