ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីសប្តាហ៍កន្លងទៅ បានប្រកាសសាលក្រមផ្តន្ទាទោសអតីតឧកញ៉ា ឌួង ងៀប ដាក់ពន្ធនាគារ កំណត់៨ខែ ពោលគឺលោក ឌួង ងៀប បានអនុវត្តទោសក្នុងពន្ធនាគារ ៨ខែរួចមកស្រាប់ ដូច្នេះសាលក្រម បានតម្រឹមនិងសម្រេចធ្វើការដោះលែងឱ្យមានសេរីភាពតែម្តង។
គួររំលឹកថា កាលពីយប់ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ លោក ឌួង ងៀប បានបង្ហោះវីដេអូឃ្លីបមួយដោយទទូចសុំអន្តរាគមន៍ ពីសម្តេចហ៊ុន សែន ព្រមទាំងបានសរសេររៀបរាប់ថា “ខ្ញុំបាទ ឌួង ងៀប សូមគោរពស្នើសុំសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមមេត្តាជួយរកយុត្តិធម៌ដល់រូបខ្ញុំបាទ ដោយសុំស្នើសម្តេចទាំងពីរ មេត្តាសុំជួយអន្តរាគមន៍ទៅតុលាការកំពូល ដើម្បីឱ្យតុលាការកំពូល ចុះមកអធិការកិច្ចពិនិត្យមើលសំណុំរឿងរបស់ខ្ញុំបាទ នៅសាលា ដំបូងរាជធានីភ្នំពេញ ដែលខ្ញុំបាទបានរងនូវអំពើអយុត្តិធម៌ ក្រោមការចោទប្រកាន់របស់សាលាដំបូងរាជធានីភ្នំពេញ ប្រែពីស ទៅខ្មៅ ចោទប្រកាន់ខ្ញុំបាទថា បានឆបោកជនជាតិតៃវ៉ាន់”។
តាមរយៈវីដេអូឃ្លីប ដែលមានរយៈពេលប្រមាណជិត ៣០នាទី លោកឌួង ងៀប បានធ្វើការរៀបរាប់ពីដំណើររឿងរបស់ខ្លួន ដែលទទួលរងការប្តឹងពីជនជាតិតៃវ៉ាន់ពីបទឆបោក ដោយលោកបានលើកឡើងថា បណ្តឹងប្រឆាំងមកលើរូបលោកមួយនេះ ហាក់មានភាពមិនប្រក្រតីជាច្រើន និងថែមទាំងធ្វើឱ្យលោកចំណាយប្រាក់ក្រៅផ្លូវការទៅឱ្យមន្ត្រីសាលាដំបូងរាជធានីភ្នំពេញ អស់ជាច្រើន (ឡើងតុលាការម្តង អស់លុយម្តង តាមគេទារ) រហូតមកដល់ពេលនេះ លោកត្រូវអស់លុយពីខ្លួន (រីងខ្លួន) ហើយថែមទាំងប្រឈមនឹងការចាប់ខ្លួនទៀតផង ទើបលោកអស់ផ្លូវដើរ (ទាល់ច្រក) ផង និងកើតទុក្ខមិនសុខចិត្តផង ក៏សម្រេចសំពះសុំអន្តាគមន៍ពីប្រមុខរាជរដ្ឋាភិបាល តែម្តង។
ដោយឡែក នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ សាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្តីថ្លែងការណ៍មួយបំភ្លឺ និងឆ្លើយតបចំពោះការលើកឡើងរបស់លោកឌួង ងៀប តាមបណ្តាញសង្គម ហ្វេសប៊ុក ដែលបានចោទប្រកាន់មកលើដំណើរការនីតិវិធីរបស់ស្ថាប័នតុលាការ ថា គ្មានតម្លាភាព ប្រែរឿងពីស ទៅខ្មៅ ចោទប្រកាន់លោកថា បានឆបោកជនជាតិតៃវ៉ាន់ និងធ្វើឲ្យលោកត្រូវចំណាយប្រាក់ដល់រីងខ្លួន។
តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួន សាលាដំបូងរាជធានីភ្នំពេញ បានសង្កត់ធ្ងន់ថា សាលាដំបូង នឹងបន្តអនុវត្តតាមនីតិវិធីជាធរមាន ចំពោះជនត្រូវចោទឈ្មោះឌួង ងៀប ដោយមិនអនុញ្ញតឲ្យជនត្រូវចោទ ប្រើប្រាស់បណ្តាញសង្គម ដើម្បីគេចវេះពីការទទួលខុសត្រូវរបស់ខ្លួនឡើយ។
សូមរម្លឹកថា លោកអ៊ឹម វណ្ណៈ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ បានសម្រេចចេញដីកាឃុំខ្លួនលោកផ្កាយ៣ ឌួង ងៀប អគ្គលេខាធិការរង នៃក្រសួងមហាផ្ទៃ ដាក់ពន្ធនាគារ PJ ជាបណ្តោះអាសន្ន ក្រោមការចោទ ប្រកាន់ពីបទឆបោក បទក្លែងឯកសារ និងបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន (សែកស្អុយ)។
លោកឧត្តមសេនីយ៍ឯក ឌួង ងៀប ត្រូវបានសមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ ឃាត់ខ្លួន កាលពីវេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅត្រង់ចំណុចមុខសណ្ឋាគារ ដឺគ្រី ផ្លូវឌួង ងៀប ស្ថិតក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ តាមដីកាបង្គាប់ឱ្យនាំខ្លួនរបស់តុលាការ។
ដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្រោយពីបានពិនិត្យលើសំណុំរឿងចប់សព្វគ្រប់ យល់ឃើញថា ជនត្រូវចោទ ឈ្មោះឌួង ងៀប ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរជាមន្ត្រីរាជការ មានលំនៅ ផ្ទះលេខ០៣ ផ្លូវឌួងងៀប២ កែងផ្លូវដោនថោន៣ ស្ថិតក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ត្រូវបានចោទប្រកាន់ពីបទឆបោក និងបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៧ និងឆ្នាំ២០១៩ ដែលបទល្មើសមានចែងឱ្យផ្តន្ទាទោសសតាមបញ្ញត្តិ មាត្រា៣៧៧ និងមាត្រា៣៧៨ នៃក្រមព្រហ្មទណ្ឌ និងមាត្រា២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់។
ដោយជនសង្ស័យឈ្មោះឌួង ងៀប បានគេចវេះពីកាតព្វកិច្ចនៃការត្រួតពិនិត្យតាមផ្លូវតុលាការ។ យល់ឃើញថា តាមដីកាបង្គាប់ឱ្យនាំខ្លួន ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ របស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានផុតរយៈពេលអនុវត្ត តែមន្ត្រីនគរបាលយុត្តិធម៌ មិនអាចស្វែងរកជនត្រូវចោទរូបនេះឃើញ ដើម្បីអនុវត្តការនាំខ្លួនបាន។ យល់ឃើញថា ដើម្បីធានាដល់ការស៊ើបសួរឱ្យបានពេញលេញ គប្បីសម្រេចឱ្យចាប់ខ្លួនឈ្មោះ ឌួង ងៀប យកមកចំពោះមុខចៅក្រមស៊ើបសួរ ដើម្បីអនុវត្តតាមបញ្ញត្តិមាត្រា២៣០ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។ ហេតុដូច្នេះសម្រេច បញ្ជាដល់កម្លាំងសាធារណៈ ឱ្យចាប់ខ្លួន និងបង្គាប់ឱ្យប្រធានពន្ធនាគារ PJ ទទួល និងឃុំខ្លួនឈ្មោះឌួង ងៀប ដើម្បីចាត់ការតាមផ្លូវច្បាប់។
ការចាប់ឃុំខ្លួនលោក ឌួង ងៀប នៅថ្ងៃទី១០ ខែកុម្ភៈ បន្ទាប់ពីលោកបានបង្ហោះឃ្លីបវីដេអូមួយ ពាក់ព័ន្ធកាលពីយប់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ ដោយចោទប្រកាន់សាលាដំបូងរាជធានីភ្នំពេញ ថាបានចាត់ការសំណុំរឿងរបស់លោក ប្រែពីស ទៅខ្មៅ និងចោទប្រកាន់លើរូបគាត់ថា បានឆបោកប្រាក់ពីជនជាតិចិនតៃវ៉ាន់ ដែលឃ្លីបវីដេអូនោះ ត្រូវបានបណ្តាញទំនាក់សង្គមយកទៅបង្ហោះ និងមានការចែកចាយ។តៗគ្នា ។
តាមសេចក្តីបំភ្លឺរបស់អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ នោះដែរ បានបញ្ជាក់ថា លោក ឌួង ងៀប ត្រូវបានប្តឹងដោយឈ្មោះ CHIHYUEN និងឈ្មោះ YAO CHING KING កាលពីខែវិច្ឆិកា ឆ្នាំ២០២០ ពាក់ព័ន្ធនឹងការលក់អចលនវត្ថុ មួយកន្លែង ដែលអ្នកទិញជាដើមបណ្តឹង បានប្រគល់ប្រាក់ថ្លៃដីគ្រប់ចំនួន ៧ ៣០៥ ០០០ដុល្លារ ឱ្យទៅជនត្រូវចោទឈ្មោះឌួង ងៀប រួចរាល់ហើយ ប៉ុន្តែជនត្រូវចោទ ពុំមានដីឱ្យទៅម្ចាស់ប្រាក់នោះឡើយ មានតែដីខ្យល់។
អ្នកនាំពាក្យបន្តថា ក្នុងការសម្របសម្រួលដោះស្រាយទំនាស់ លោកឌួង ងៀប បានចេញមូលប្បទានបត្រ ចំនួន៣សន្លឹក ដែលមានលេខ 145577 មានតម្លៃ ១ ៦៥០ ០០០ដុល្លារ លេខ 213997 មានតម្លៃ ៣ ៦៥៥ ០០០ដុល្លារ និងលេខ 132788 មានតម្លៃ ២ ០០០ ០០០ដុល្លារ ឱ្យទៅដើមបណ្តឹងរដ្ឋប្បវេណី។ បន្ទាប់មក ដើមបណ្តឹងរដ្ឋប្បវេណី បានយកមូលប្បទានបត្រនោះ ទៅបើកប្រាក់ពីធនាគារ ប៉ុន្តែខាងធនាគារ បញ្ជាក់ថា មូលប្បទានបត្រនេះ គ្មានសាច់ប្រាក់ទេ (សែកស្អុយ)។
អ្នកនាំពាក្យ បានបន្តទៀតថា ក្នុងដំណាក់កាលស៊ើបសួរ ចៅក្រមស៊ើបសួរ បានពិនិត្យផ្ទៀងផ្ទាត់ភ័ស្តុតាង និងសួរចម្លើយជនត្រូវចោទឈ្មោះឌួង ងៀប ហើយបានសម្រេចមិនឃុំខ្លួនជនត្រូវចោទ ដោយជំនួសមកវិញនូវការដាក់ជនត្រូវចោទឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ តាមរយៈដីកាសម្រេចលេខ៤២៩៣ “ម” ដ.ព.ស ចុះថ្ងៃទី១៣ សីហា ឆ្នាំ២០២១ ដែលមានកាតព្វកិច្ចតម្រូវឱ្យជនត្រូវចោទ ដាក់ប្រាក់ធានាមិនឃុំខ្លួន ចំនួន ៥ ៣០៥ ០០០ដុល្លារ មកតម្កល់នៅក្នុងគណនីរបស់សាលាដំបូងរាជធានីភ្នំពេញ ក្នុងរយៈពេល១ខែ តែជនត្រូវចោទ ពុំបានយកប្រាក់ធានាខ្លួននេះ មកតម្កល់តាមការកំណត់ តាមក្នុងដីកាសម្រេចនោះឡើយ។
ក្រោយពីឃុំខ្លួនលោក ឌួង ងៀប សំណុំរឿងនេះ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ លើកយកមកបើកសវនាការច្រើនលើក និងចេះតែពន្យារពេល ដោយមូលហេតុសុខភាព និងខ្វះមេធាវីការពារក្តីជនត្រូវចោទ។ លុះនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចកាត់ក្តីកំបាំងមុខ លើលើសំណុំរឿងនេះ ដោយផ្តន្ទាទោសលើជនជាប់ចោទ ឌួង ងៀប ដាក់ពន្ធនាគារ កំណត់៨ខែ ទោសមានសល់ ត្រូវព្យួរទាំងអស់ និងសម្រេចដោះលែងជនជាប់ចោទ ឱ្យមានសេរីភាពវិញ ពោលគឺលោក ឌួង ងៀប ជាប់ពន្ធនាគារ ត្រឹមតែ៨ខែគត់៕