Monday, November 25, 2024
Homeព័ត៌មានជាតិព្រះសង្ឃព្រៃរុក្ខាវ័ន ចុះល្បាត ដោះអន្ទាក់សត្វព្រៃ

ព្រះសង្ឃព្រៃរុក្ខាវ័ន ចុះល្បាត ដោះអន្ទាក់សត្វព្រៃ

ខេត្តឧត្តរមានជ័យ ៖ អន្ទាក់ដាក់សត្វជាច្រើន ត្រូវបានកម្លាំងយោធា និងព្រះសង្ឃ សហការគ្នាចុះល្បាតជាប្រចាំ ដោយដកហូតបានជាក់ស្តែង យកមករក្សាទុក ខណៈក្រុមទុច្ចរិត មិនស្គាល់អត្តសញ្ញាណ ចេះតែបន្តលបលួចដាក់ ដើម្បីទាក់យកសត្វព្រៃ ជាប្រភេទសត្វកម្រ នៅក្នុង សហគមន៏ការពារដែនជម្រកព្រៃឈើសង្ឃរុក្ខាវ័ន ស្ថិតនៅត្រង់ចំណុចជាប់ព្រំប្រទល់ឃុំលំទង ស្រុកអន្លង់វែង។

ព្រះតេជគុណ ថូ ធូរស់ ជាប្រធានសហគមន៍សង្ឃព្រៃរុក្ខាវ័ន បានមានថេរដីកា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ ថា ក្រោយពីទទួលដំណឹងពីប្រជាពលរដ្ឋថា មានគេលួចដាក់អន្ទាក់ដើម្បីយកសត្វព្រៃ ក្នុងតំបន់ព្រៃឈើសហគមន៍ ភ្លាមៗនោះ ក្នុងនាមព្រះអង្គជាប្រធានសហគមន៍ បានសហការជាមួយកម្លាំងយោធា ធ្វើការដើរល្បាតស្រាវជ្រាវ រហូតដល់រកឃើញអន្ទាក់ដាក់សត្វជាច្រើន ដែលក្រុមពួកជនល្មើសតែងតែធ្វើសកម្មភាពលួចដាក់អន្ទាក់យកសត្វ ដើម្បីលក់បន្តទៅឱ្យក្រុមឈ្មួញដែលចាំទទួលទិញយកលក់ទៅតាមទីផ្សារផ្សេងៗ។

ព្រះអង្គ ថូ ធូរស់ បានបន្ថែមថា ពាក់ព័ន្ធទៅនឹងករណីនេះដែរ ចំពោះការលបលួចដាក់អន្ទាក់របស់ជនខិលខូច ក្នុងព្រៃឈើសហគមន៍ ព្រះអង្គក៏បានធ្វើរបាយការណ៍ជូនទៅលោកអភិបាលខេត្ត រួចហើយ។ ដោយឡែកនៅក្នុងកិច្ចប្រតិបត្តិការចុះល្បាតជាមួយកម្លាំងយោធានេះ ធ្វើឡើងរយៈពេល២ថ្ងៃ គិតចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ ពីព្រោះថា ដីតំបន់ព្រៃឈើសហគមន៍សង្ឃរុក្ខាវ័ន មានផ្ទៃដីធំណាស់ មានទំហំជាង១ម៉ឺនហិកតារ ដែលមានព្រំប្រទល់ជាប់គ្នាចំនួន៣ស្រុក មានស្រុកអន្លង់វែង ក្រុងសំរោង និងស្រុកចុងកាល់។

សូមបញ្ជាក់ថា នៅក្នុងតំបន់ការពារដែនជំរកសត្វព្រៃឈើសង្ឃរុក្ខាវ័ន  បើតាមការឱ្យដឹងពី ប្រធានសហគមន៍ និងប្រជាពលរដ្ឋ បានប្រាប់ថា ក្នុងតំបន់នេះ សម្បូរទៅដោយជីវចម្រុះធម្មជាតិ ដូចជា ដើមឈើធំៗ សត្វព្រៃគ្រប់ប្រភេទ មានច្រើន ដែលជាពពួកសត្វដ៏កម្រ ហើយមួយវិញទៀត តំបន់មួយនេះ ទៅថ្ងៃមុខ អាចក្លាយទៅជាកន្លែងទេសចរណ៍មួយដ៏ទាក់ទាញផងដែរ៕

ប៊ុនថេត

RELATED ARTICLES