ខេត្តកណ្តាល ៖ ក្មេងស្រីជាសិស្សសាលាម្នាក់ បានរំអុកសុំម្តាយទិញម៉ូតូថ្មីជិះ តែឪពុកម្តាយមិនទិញឱ្យ ស្រាប់តែឈឺចិត្តស្អិតទ្រូង គិតថាឪពុកម្តាយមិនយល់ចិត្ត មិនស្រលាញ់កូន ក៏បែកគំនិតគិតខ្លី ចងកបញ្ចប់ជីវិតខ្លួនឯង បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម។
ករណីក្មេងស្រីជាសិស្សសាលា ចងកធ្វើអត្តឃាតនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១និង៣០នាទីរសៀល ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ នៅចំណុចភូមិវាលធំ ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម។
ក្មេងស្រីដែលចងកសម្លាប់ខ្លួន មានឈ្មោះហេង ចាន់ថារី អាយុ១៤ឆ្នាំ មុខរបរសិស្ស ស្នាក់នៅជាមួយជីដូន ក្នុងភូមិវាលធំ ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម។ ក្មេងស្រីខាងលើ មានឪពុកឈ្មោះងួន សុខហេង ម្តាយឈ្មោះវុទ្ធី ចាន់ឌី សព្វថ្ងៃធ្វើការនៅឯរាជធានីភ្នំពេញ។
តាមការបំភ្លឺពីស្ត្រីចំណាស់ឈ្មោះប៉ិច ថន ត្រូវជាជីដូនរបស់ក្មេងស្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា សព្វថ្ងៃ គាត់រស់នៅជាមួយចៅ ៣នាក់ ក្នុងនោះ ចៅទី១-ឈ្មោះហេង ចាន់ថារី (ជនរងគ្រោះ) ចៅទី២-ឈ្មោះហេង ម៉ីលីម ភេទស្រី អាយុ១០ឆ្នាំ និងចៅទី៣-ឈ្មោះហេង ប៉េងហុង ភេទប្រុស អាយុ៧ឆ្នាំ ចំណែកឪពុកម្តាយពួកគេបានទៅធ្វើការនៅរាជធានីភ្នំពេញ រយៈពេល១៥ថ្ងៃ ទៅមួយខែ ទើបមកផ្ទះម្តង។
ស្ត្រីជាជីដូន បន្តថា លុះមកដល់វេលាម៉ោង៨ព្រឹក ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ គាត់បានចេញទៅធ្វើចម្ការ ពេលត្រឡប់មកវិញ គាត់បានឡើងទៅលើផ្ទះ ដើម្បីហៅចៅស្រីរបស់គាត់ (ជនរងគ្រោះ) មកហូបបាយ ស្រាប់តែឡើងទៅដល់ ឃើញចៅស្រីគាត់ចងកនឹងក្រមា ជាប់ធ្នឹមផ្ទះ ទម្លាក់ខ្លួនក្បែរគ្រែ ពេលនោះគាត់បានស្ទុះទៅឱបចៅ ហើយស្រែកឱ្យអ្នកជិតខាងជួយដែរ តែអកុសល ចៅស្រីរបស់គាត់បានស្លាប់បាត់ទៅហើយ។
ស្ត្រីជាជីដូន បានឱ្យដឹងថា មួយរយៈមកនេះ ចៅស្រីរបស់គាត់តែងតែសុំឪពុកម្តាយគេទិញម៉ូតូ តែឪពុកម្តាយប្រាប់ថា អត់មានលុយទេ រីឯគាត់ក៏បានប្រាប់ចៅដែរថា ចាំលក់ដីបាន ចាំយាយទិញឱ្យ ស្រាប់តែមិនបានប៉ុន្មាន ចៅស្រីគិតខ្លី ចងសម្លាប់ខ្លួនបែបនេះតែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះមកដល់ទីតាំងកើតហេតុ ដើម្បីពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ក្មេងស្រីរងគ្រោះ បានប្រើក្រមាពណ៌ក្រហមលាយស ចងកជាប់នឹងធ្នឹមផ្ទះ។ ចំណែកនៅក្បែរសព សមត្ថកិច្ចបានរកឃើញសៀវភៅ១ក្បាល ទុកលើកៅអី កណ្តាលផ្ទះ ហើយក្នុងនោះ មានសំណេរជាអក្សររបស់ក្មេងស្រីរងគ្រោះ សង្ស័យថាជាការសរសេរបណ្តាំរបស់ជនរងគ្រោះ មុនពេលស្លាប់។
សំណេររបស់ក្មេងស្រីរងគ្រោះខាងលើ មានខ្លឹមសារទាំងស្រុងថា “ខ្ញុំលាអ្នកគ្រប់គ្នាហើយ បើបាត់ខ្ញុំ សូមអ្នកគ្រប់គ្នាកុំស្តាយខ្ញុំអី ព្រោះខ្ញុំគ្មានអ្វីឱ្យអ្នកទាំងពីរ មកស្តាយខ្ញុំទេ ណាមួយខ្ញុំមិនសមកើតនៅក្នុងគ្រួសារនេះទេ រាល់ថ្ងៃនេះ ខ្ញុំដូចមិនមែនរស់នៅជាខ្លួនឯងអ៊ីចឹង ព្រោះអីខ្ញុំ មិនត្រុវ ធ្វើអ្វីដែលខ្លួនចូលចិត្តទេ ខ្ញុំធ្វើអ្វីក៏មិនបានដែរ បើមានមិត្តប្រុស ក៏មិនបានដែរ បើដើរលេងជាមួយមិត្តភក្តិក៏មិនបានដែរ ខ្ញុំចង់សួរអ្នកទាំងពីរថា តើអ្នកទាំងពីរ ដែលស្រលាញ់ខ្ញុំទេ? ប្រហែលអត់ទេមើលទៅ ហត់ណាស់ ខ្ញុំហត់ណាស់ ហត់គ្រប់យ៉ាង សុំទោសគ្រប់យ៉ាង ខ្ញុំសុំទោសប៉ាម៉ាក់ ខ្ញុំសុំទោសគ្រប់យ៉ាង សុំទោសយាយ សុំទោសអ្នកជុំវិញខ្លួន…”។
តាមការសាកសួរបំភ្លឺពីសាក្សី និងយោងតាមសំណេរខាងលើ សមត្ថកិច្ចជំនាញ បានសន្និដ្ឋានថា ក្មេងស្រីរងគ្រោះ ពិតជាស្លាប់ដោយសារចងកសម្លាប់ខ្លួនប្រាកដមែន។
សពក្មេងស្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕