ខេត្តឧត្តរមានជ័យ ៖ បុរសម្នាក់ បានជិះម៉ូតូ ១គ្រឿង ទៅចតទុកចោលនៅលើផ្លូវជាតិ ក្បែរវាលស្រែ ១កន្លែង រួចដើរចុះទៅលើកទ្រូ ស្រាប់តែលេចមុខជនសង្ស័យម្នាក់ មកធ្វើសកម្មភាពកាច់កម៉ូតូ ជិះរត់គេច តែត្រូវម្ចាស់ក្រឡេកឃើញទាន់ ក៏ស្រែកថាចោរ!ៗ ភ្លាមនោះកម្លាំងសមត្ថកិច្ច សហការជាមួយអ្នកភូមិជាច្រើននាក់ បានដេញស្ទាក់ផ្លូវ ធ្វើឱ្យជនសង្ស័យភ័យ ទុកម៉ូតូចោល រួចរត់គេចខ្លួនបាត់។
ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៨និង៣០នាទីព្រឹក ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ នៅចំណុចវាលស្រែរលំល្អក់ ស្ថិតនៅខាងត្បូងភូមិតាម៉ា ប្រហែល៦០០ម៉ែត្រ ឃុំបេង ស្រុកបន្ទាយអម្ពិល។
ជនរងគ្រោះជាម្ចាស់ម៉ូតូ មានឈ្មោះភុំ ភើត ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅភូមិយាយទេព ឃុំបេង ស្រុកបន្ទាយអម្ពិល។
តាមសម្តីជនរងគ្រោះ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ រូបគាត់បានជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៍ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខ ឧត្តរមានជ័យ 1E-7309 ចេញពីផ្ទះ សំដៅទៅមើលទ្រូ នៅចំណុចកើតហេតុខាងលើ។ លុះពេលទៅដល់ គាត់បានចតម៉ូតូទុកក្បែរផ្លូវកៅស៊ូ ចម្ងាយ៥ម៉ែត្រ រួចដើរសំដៅទៅលើកទ្រូ នៅក្បែរនោះ ស្រាប់តែពេលកំពុងលើកទ្រូ គាត់ក្រឡេកភ្នែកឃើញជនសង្ស័យកំពុងបញ្ឆេះម៉ូតូរបស់គាត់ ជិះចេញទៅ ឃើញបែបនេះ គាត់ក៏ស្រឺកថាចោ!ៗ និងបានទូរស័ព្ទរាយការណ៍ជូនលោកនាយប៉ុស្តិ៍ឃុំបេង ពេលនោះ លោកនាយប៉ុស្តិ៍ បានសហការជាមួយជាមួយប្រជាការពារភូមិ និងប្រជាពលរដ្ឋ ស្កាត់ស្ទាក់តាមដងផ្លូវ ទើបជនសង្ស័យបានចតម៉ូតូទុកចោល នៅមុខផ្ទះឈ្មោះឌុន ឈឿក ស្ថិតនៅភូមិតាម៉ា ឃុំបេង រួចគេចខ្លួនបាត់តែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចបានប្រគល់ម៉ូតូជូនជនរងគ្រោះវិញ នៅថ្ងៃដដែលនោះ។ ដោយឡែកជនសង្ស័យ សមត្ថកិច្ចជំនាញ កំពុងស្រាវជ្រាវតាមចាប់ខ្លួន ដើម្បីយកមកចាត់ការតាមនីតិវិធី៕
ប៊ុនថេត