Friday, November 15, 2024
Homeព័ត៌មានជាតិឃាត់ខ្លួនផ្កាយក្លែងក្លាយ ឆបោកលុយជាង១លានដុល្លារ

ឃាត់ខ្លួនផ្កាយក្លែងក្លាយ ឆបោកលុយជាង១លានដុល្លារ

ភ្នំពេញ ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ បានចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះឌឿន សាវឿន ភេទប្រុសអាយុ ៥១ឆ្នាំ ជនជាតិខ្មែរ មានលំនៅបច្ចុប្បន្ន ស្ថិតនៅផ្លូវលំ ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ពាក់ព័ន្ធនឹងករណីឆបោកលុយ ជាងមួយលានដុល្លារ និងក្លែងឯកសារជាឧត្តមសេនីយ៍យោធា ។

ការឃាត់ខ្លួននេះ តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក ច្រឹង ខ្មៅ ព្រះរាជាអាជ្ញានៃអយ្យការអមសាលាដំបូង រាជធានីភ្នំ ពេញ ឲ្យឈ្មោះឌឿន សាវឿន ចូលបង្ហាញខ្លួននៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ ឲ្យបានមុនថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរៀងរាល់ម៉ោងធ្វើការ ដើម្បីធ្វើការសាកសួរលើបណ្តឹងព្រហ្មទណ្ឌ ពីបទឆបោក តាមបណ្តឹងរបស់ ឈ្មោះ សែស ប្រាក់ពិសិដ្ឋ។

សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យខាងលើ នៅខេត្តកោះកុង កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២  ករណីឆបោក កាលពីអំឡុងឆ្នាំ២០២០ តាមដីកា ហើយសមត្ថកិច្ចរកឃើញឯកសារក្លែងមួយចំនួន រួមមាន ក្លែងខ្លួនជាឧត្តមសេនីយ៍ ក្លែងព្រះរាជក្រឹត្យ ក្លែងប៊ិកត្រាឈ្មោះឧត្តមសេនីយ៍ ក្លែងអត្តសញ្ញាណប័ណ្ណនាយទាហាន។

តាមប្រភពព័ត៌មាន បានបង្ហើបឲ្យដឹងថា ក្នុងការឆបោកជនរងគ្រោះ ជនសង្ស័យបានប្រើល្បិចលួងលោមឲ្យជនរងគ្រោះ ឈ្មោះសែស ប្រាក់ពិសិដ្ឋ និងប្រពន្ធ ប្រគល់ប្រាក់ទិញដីនៅខេត្តកោះកុង ខេត្តព្រៃវែង ខេត្តប៉ៃលិន ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តសៀមរាប ខេត្តក្រចេះ ខេត្តរតនគិរី ខេត្តមណ្ឌលគិរី និងខេត្តកំពង់ស្ពឺ ដើម្បីសាងសង់ផ្ទះសម្រាប់ស្តុកទំនិញដែលនាំចូលពីក្រៅប្រទេស៕

RELATED ARTICLES