ភ្នំពេញ៖ខាត់ សួស្ដី ដែលជាប្អូនពៅរបស់អ្នកនាងខាត់ សុឃីម និងមានរូបសម្រស់គូឲ្យក្នក់ក្នាញ់ដោយទាំងកាយវិការ និងសម្លេង ស្ទើតែច្រឡំអ្នកនាងសុឃីម នោះបានឲ្យដឹងថានាងសង្កេតឃើញទីផ្សារតារាចម្រៀងនិងក្រុមតន្ត្រីឧបករណ៍បុរាណមានទីផ្សារល្អជាងមុនក្រោយពីមានហាង និងភោជនីយដ្ឋានមួយចំនួនបានផ្សារភ្ជាប់ការរៀបចំវង្សតន្រ្ដីផ្នែកបុរណសម្រាប់បម្រើអារម្មណ៍ភ្ញៀវកាន់តែច្រើនឡើងៗ។ស្រីស្រស់សួស្ដី ថាបច្ចុប្បន្ននាងច្រៀងនៅហាង២ផ្សេងគ្នាក្នុងនោះគឺនៅអ័រគីដេ ផាប់ នាងច្រៀងបទបុរាណ និងហាងផ្សេងមួយទៀតច្រៀងជាចម្រៀងសម័យ និងOriginal Songs ។ប្អូនស្រីខាត់ សុឃីម រូបនេះថានៅអ័រគីដេ ផាប់ នាងពេញចិត្តធ្វើការនៅទីនោះព្រោះទីតាំងនិងការឌីហ្សាញល្អហើយថៅកែគាត់ស្រលាញ់និងជួយលើកស្ទួយតន្រ្ដីបុរាណខ្មែរ ហេតុនេះហើយបានជានាងធ្វើការទាំងរីករាយតែម្ដង។

ក្រៅពីខាត់ សួស្ដី គេឃើញអ័រគីដេ ផាប់ ក៍មានតារាចម្រៀងល្បីៗមួយចំនួនទៀតច្រៀងនៅទីនោះដែរក្នុងនោះមានដូចជាលោកចាន់ វិបុល ,សុខសាន្ដ,ពិសិដ្ឋ រាជ ,លក្ខិណា និងសុខ ណាឃី ជាដើម។

តារាចម្រៀងសុខ សាន្ដ ដែលមានបទពិសោធន៍ជាច្រើនឆ្នាំក្នុងការច្រៀងតាមហាង និងភោជនីយដ្ឋានទាំងឡាយនៅក្រុងភ្នំពេញនោះបានឲ្យដឹងថាលោកបានមកធ្វើការនៅទីនេះជាង២ខែមកហើយ និងឃើញទីតាំងស្អាត មានការរៀបចំបានល្អ។លោកថាពេញចិត្តបម្រើការងារនៅទីនេះហើយសូមសរសើរទឹកចិត្តថៅកែដែលលោកស្រលាញ់និងចង់អភិរក្សដល់តន្រ្ដីផ្នែកបុរាណនេះដើម្បីឲ្យទាំងតារាចម្រៀងនិងតន្រ្ដីករមានការងារធ្វើ។

លោកច័ន្ទ យ៉ាដារ៉ន ជាថៅកែអ័រគីដេ ផាប់ បានឲ្យដឹងថាលោកបានបើកភោជនីយដ្ឋានរយៈពេល៦ឆ្នាំមកហើយទើបឈានមកបើកផាប់នេះបានទើបតែ៣ខែប៉ុណ្ណោះ ហើយឃើញថាមានភ្ញៀវមកគាំទ្រច្រើនគូសម។លោកថាផាប់នេះបើក១អាទិត្យពេញចាប់ពីថ្ងៃច័ន្ទដល់អាទិត្យ ពីម៉ោង៧ដល់១២យប់ ហើយភ្ញៀវចូលមកមានអ្នកសិល្បករផងនិងភ្ញៀវទូទៅផង ខណៈទីតាំងវិញស្រួលរកគឺនៅខាងក្រោយណតប្រីដ ជាប់បុរីអ័រគីដេ តែម្ដង។

លោកបានឲ្យដឹងទៀតថាការប្រគុំតន្ដ្រីបុរាណធ្វើឲ្យភ្ញៀវទទួលបានរសជាតិថ្មីអារម្មណ៍ប្លែកមួយបែបទៀតពិសេសគឺអ្នកមានវ័យកណ្ដាលឡើងទៅ ហើយផាប់លោកមានដាក់តន្រ្ដីបុរាណចាប់ពីថ្ងៃសុក្រ ដល់អាទិត្យ តែថ្ងៃក្រោយបើមានភ្ញៀវច្រើននឹងអាចដាក់ពេញ១សប្ដាហ៍តែម្ដង។យ៉ាងណាលោកយ៉ាដារ៉ន មិនប្រាប់ថាការចំណាយទុនលើផាប់នេះតំណើរការទៅបានដោយប្រើថវិការអស់ប៉ុន្មានឡើយតែលោកថាទីតាំងនោះជាផ្ទះរបស់លោកស្រាប់ ហេតុនេះហើយមិនពិបាកជួលគេនោះទេ ស្របដែលការចំណាយលើតារាចម្រៀងនិងតន្រ្ដីករប្រចាំផាប់លោកបង្ហើបថា១ខែៗអស់ចំនួនដល់ទៅ៥ពាន់ដុល្លារឯណ្ណោះ៕


