Monday, September 23, 2024
Homeតារាខ្មែរខាត់ សួស្ដី៖ ថាទីផ្សារតន្រ្ដីបុរាណមានសន្ទុះឡើងវិញ ខណៈនាងលេច​មុខច្រៀង​នៅ​ ផាប់

ខាត់ សួស្ដី៖ ថាទីផ្សារតន្រ្ដីបុរាណមានសន្ទុះឡើងវិញ ខណៈនាងលេច​មុខច្រៀង​នៅ​ ផាប់

ភ្នំពេញ៖ខាត់ សួស្ដី ដែលជាប្អូនពៅរបស់អ្នកនាងខាត់ សុឃីម និងមានរូបសម្រស់គូ​ឲ្យ​ក្នក់​ក្នាញ់ដោយ​ទាំង​កាយ​វិការ និងសម្លេង ស្ទើតែច្រឡំអ្នកនាងសុឃីម នោះបានឲ្យដឹងថា​នាងសង្កេតឃើញទីផ្សារតារា​ចម្រៀង​និងក្រុម​តន្ត្រីឧបករណ៍បុរាណមានទីផ្សារល្អជាងមុនក្រោយពីមានហាង និងភោជនីយដ្ឋានមួយចំនួន​បានផ្សារ​ភ្ជាប់ការ​រៀប​ចំវង្សតន្រ្ដីផ្នែកបុរណ​សម្រា​​ប់បម្រើអារម្មណ៍ភ្ញៀវកាន់តែច្រើនឡើងៗ។ស្រីស្រស់សួស្ដី ថា​បច្ចុប្បន្ន​នាង​ច្រៀ​ង​នៅ​ហាង២​ផ្សេង​គ្នាក្នុងនោះគឺនៅអ័រគីដេ ផាប់ នាងច្រៀងបទបុរាណ និងហាងផ្សេងមួយទៀតច្រៀង​ជា​ចម្រៀ​ងសម័យ និងOriginal Songs ។ប្អូនស្រីខាត់ សុឃីម រូបនេះថានៅអ័រគីដេ ផាប់ នាង​ពេញចិត្តធ្វើ​ការនៅ​ទីនោះ​ព្រោះ​ទីតាំងនិងការឌីហ្សាញល្អហើយថៅកែគាត់ស្រលាញ់និងជួយលើកស្ទួយតន្រ្ដីបុរាណខ្មែរ ហេតុនេះ​ហើយ​បានជានាងធ្វើការទាំងរីករាយតែម្ដង។

  ក្រៅពីខាត់ សួស្ដី គេឃើញអ័រគីដេ ផាប់ ក៍មានតារាចម្រៀងល្បីៗមួយចំនួនទៀតច្រៀង​នៅទីនោះដែរក្នុង​នោះមាន​​ដូចជាលោកចាន់ វិបុល ,សុខសាន្ដ,ពិសិដ្ឋ រាជ ,លក្ខិណា និងសុខ ណាឃី ជាដើម។

  តារាចម្រៀងសុខ សាន្ដ ដែលមានបទពិសោធន៍ជាច្រើនឆ្នាំក្នុងការច្រៀងតាមហាង និងភោជនីយដ្ឋាន​ទាំង​ឡាយនៅក្រុងភ្នំពេញនោះបានឲ្យដឹងថាលោកបានមកធ្វើការនៅទីនេះជាង២ខែមកហើយ និងឃើញទីតាំង​ស្អាត មានការរៀបចំបានល្អ។លោកថាពេញចិត្តបម្រើ​ការ​ងារ​នៅទីនេះហើយសូមសរសើរទឹក​ចិត្តថៅកែដែល​លោក​ស្រលាញ់និងចង់អភិរក្សដល់​តន្រ្ដី​ផ្នែក​បុរាណនេះដើម្បីឲ្យទាំងតារាចម្រៀងនិងតន្រ្ដីករមានការងារធ្វើ។

 លោកច័ន្ទ យ៉ាដារ៉ន ជាថៅកែអ័រគីដេ ផាប់ បានឲ្យដឹងថាលោកបានបើកភោជនី​យដ្ឋាន​រយៈ​ពេល៦ឆ្នាំមកហើយ​ទើបឈានមកបើកផាប់នេះបានទើបតែ៣ខែប៉ុណ្ណោះ ហើយឃើញ​ថាមានភ្ញៀវមកគាំទ្រច្រើនគូសម។លោកថា​ផាប់នេះបើក១អាទិត្យពេញចាប់ពីថ្ងៃច័ន្ទដល់អាទិត្យ ពីម៉ោង៧ដល់១២យប់ ហើយភ្ញៀវចូលមកមានអ្នក​សិល្បករ​ផងនិង​ភ្ញៀវទូទៅ​ផង ខណៈទី​តាំងវិញ​ស្រួលរកគឺនៅខាងក្រោយណតប្រីដ ជាប់បុរីអ័រគីដេ តែម្ដង។

លោកបានឲ្យដឹងទៀតថា​ការប្រ​គុំ​តន្ដ្រី​បុរាណធ្វើឲ្យភ្ញៀវទទួលបានរសជាតិថ្មីអារម្មណ៍ប្លែកមួយបែប​ទៀតពិសេ​ស​​គឺអ្នក​មាន​វ័យ​កណ្ដា​ល​​ឡើងទៅ ​ហើយផាប់លោកមានដាក់តន្រ្ដីបុរាណចាប់ពីថ្ងៃសុក្រ ដល់អាទិត្យ តែថ្ងៃ​ក្រោ​យ​បើមាន​ភ្ញៀវច្រើននឹង​អាច​ដាក់ពេញ១សប្ដាហ៍តែម្ដង។យ៉ាងណាលោកយ៉ាដារ៉ន មិន​ប្រាប់ថាការ​ចំ​ណាយទុន​លើផាប់​នេះតំណើរការ​ទៅ​បានដោយប្រើថវិការអស់ប៉ុន្មាន​ឡើយ​តែលោកថាទីតាំង​នោះជា​ផ្ទះរបស់​លោកស្រាប់ ហេតុនេះហើយមិន​ពិបាកជួលគេនោះទេ ស្របដែលការចំ​ណាយលើតារាចម្រៀងនិងតន្រ្ដីករប្រចាំ​ផាប់លោក​បង្ហើប​​ថា១ខែៗអស់​ចំនួនដល់ទៅ៥ពាន់ដុល្លារឯណ្ណោះ៕

RELATED ARTICLES