ខេត្តសៀមរាប ៖ ប្តីប្រពន្ធ២នាក់ រស់នៅមិនសូវចុះសម្រុងនឹងគ្នាសោះ ចេះតែកើតមានជំលោះនឹងគ្នាជាញឹកញាប់ ដោយបុរសជាប្តី ឱ្យតែទាស់សម្តីជាមួយប្រពន្ធរួច តែងដើរចោលផ្ទះបាត់ម្តង២ទៅ៣ថ្ងៃ ធ្វើឱ្យស្ត្រីជាប្រពន្ធសរសៃខ្ចីមួម៉ៅក្តៅចិត្ត លែងសូវរវីរវល់យកចិត្តទុកដាក់ មើលថែកូនតូចដែលទើបនឹងមានអាយុ៨ខែ ឃើញកូនក្តៅខ្លួន៤-៥ថ្ងៃ ស្មានថាឈឺធម្មតាមិនព្រមនាំទៅមន្ទីរពេទ្យ រហូតដល់កូនកើតអាការៈ ប្រកាច់ ស្លាប់យ៉ាងអាណោចអាធ័ម។
ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨យប់ ថ្ងៃទី២៨ ខែតុលា ឆ្នាំ ២០២២ នៅចំណុចផ្ទះ ក្នុងដីឡូតិ៍ ១កន្លែង ស្ថិតក្នុងភូមិកន្ត្រក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
ទារកអភ័ព្វកើតមានអាការៈក្តៅខ្លួន រហូតដល់ប្រកាច់ស្លាប់ ព្រោះតែឪពុកម្តាយរវល់តែឈ្លោះគ្នា មិនមើលថែនាំយកទៅមន្ទីរពេទ្យ ព្យាបាល មានឈ្មោះហាន់ កោប ភេទប្រុស អាយុ៨ខែ មានម្តាយឈ្មោះរឿន ស្រីណា អាយុ៣៧ឆ្នាំ មុខរបរនៅផ្ទះ និងប្តីឈ្មោះហឿល ហាន់ អាយុ៣៧ឆ្នាំ មុខរបរអ្នកដាក់អន្ទាក់សត្វ។ ក្រុមគ្រួសារមួយនេះ សព្វថ្ងៃមានលំនៅក្នុងភូមិកន្ត្រក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
តាមប្រភពពីប្រជាពលរដ្ឋ បានឱ្យដឹងថា ទារករងគ្រោះខាងលើនេះ ជាកូននៅក្នុងគ្រួសារទីទាល់ក្រមួយ ដែលបានឈឺប៉ុន្មានថ្ងៃមកហើយ ហើយដោយសារតែឪពុកម្តាយគ្មានលទ្ធភាព ព្រមទាំងឈ្មោះប្រកែកគ្នាជារៀងរាល់ថ្ងៃផង ទើបធ្វើឱ្យកូនស្លាប់បែបនេះ។
ប្រភពដដែលបន្តថា កន្លងមក ប្តីប្រពន្ធជាឪពុកម្តាយរបស់ទារករងគ្រោះខាងលើ ឧស្សាហ៍ឈ្លោះប្រកែកគ្នាខ្លាំងណាស់ ហើយឱ្យតែពេល ឈ្លោះគ្នាម្តងៗ បុរសជាប្តីតែងដើរចោលផ្ទះបាត់ម្តង២ទៅ៣ថ្ងៃ លុះត្រឡប់មកវិញ ត្រូវគ្នាមិនបានប៉ុន្មាន ក៏កើតមានជំលោះសារជាថ្មី រហូតដល់ អ្នកជិតខាងលែងសូវចាប់អារម្មណ៍ទៅហើយ។
តាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងនៅរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ ថា បន្ទាប់ពីទទួលបានព័ត៌មាន ពីលោករស់ ប៊ុនវ័ន្ត ជាមេភូមិកន្ត្រក បានរាយការណ៍មកលោកនាយប៉ុស្តិ៍ស្វាយដង្គំថា មានករណីទារកស្លាប់មិនដឹងមូលហេតុ រួចមក លោកនាយប៉ុស្តិ៍បានដឹកនាំ កម្លាំងចុះទៅដល់ផ្ទះសព ក្នុងភូមិកន្ត្រក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដោយសហការជាមួយកម្លាំងព្រហ្មទណ្ឌក្រុង ត្រួតពិនិត្យសព និងសួរនាំ ស្ត្រីជាម្តាយសព។
តាមសម្តីស្ត្រីជាម្តាយឈ្មោះរឿន ស្រីណា បានរៀបរាប់ប្រាប់សមត្ថកិច្ចថា កូនប្រុសរបស់ខ្លួនដែលបានបាត់បង់ជីវិតនេះ ទើបនឹងមាន អាយុ៨ខែប៉ុណ្ណោះ ហើយស្លាប់ដោយសារឈឺគ្រុនផ្តាសាយ រាគផង ក្អួតផង រយៈពេលប្រមាណ៥ថ្ងៃមកហើយ តែនាងមិនបាននាំកូនទៅ មន្ទីរពេទ្យនោះទេ ព្រោះអត់លុយអត់កាក់ផង មិនត្រូវគ្នាជាមួយប្តីផង (ប្តីឈ្លោះគ្នា រួចចេញពីផ្ទះបាត់២-៣ថ្ងៃមកហើយ) ណាមួយ នឹកស្មានថា កូនតូច គ្រាន់តែឈឺធម្មតា ដឹងអី ស្រាប់តែមកដល់វេលាយប់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ កូនរបស់នាង ក៏កើតអាការប្រកាច់ រួចត្រដរខ្យល់ស្លាប់ យ៉ាងអាណោចអាធ័មតែម្តង។
បន្ទាប់ពីពិនិត្យ និងធ្វើកោសល្យវិច័យសពទារករងគ្រោះរួច ព្រមទាំងសួរនាំស្ត្រីជាម្តាយសពរួចហើយ សមត្ថកិច្ចក៏បានប្រគល់សព ទារករងគ្រោះទៅឱ្យស្ត្រីជាម្តាយយកទៅបញ្ចុះនៅវត្តចក តាមប្រពៃណី។/