Friday, November 15, 2024
Homeព័ត៌មានជាតិកូនក្រមុំ២នាក់បាត់ខ្លួន ម៉ែប្តឹងប៉ូលិស

កូនក្រមុំ២នាក់បាត់ខ្លួន ម៉ែប្តឹងប៉ូលិស

ខេត្តត្បូងឃ្មុំ ៖ យុវតី២នាក់ ជាបងប្អូននឹងគ្នា បានសុំម្តាយចេញទៅដើរលេង នៅតំបន់រមណីយដ្ឋានមួយកន្លែង រួចក៏បាត់ដំណឹងឈឹង មិនឃើញ ត្រឡប់មកផ្ទះវិញសោះ សូម្បីទូរស័ព្ទក៏ទាក់ទងមិនបាន ទើបធ្វើឱ្យឪពុកម្តាយភ័យបារម្ភ ទៅដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយ អន្តរាគមន៍ ស្រាវជ្រាវតាមរកកូនស្រីត្រឡប់មកផ្ទះវិញ។

ករណីកូនក្រមុំ២នាក់បាត់ខ្លួនខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីព្រលប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ នៅចំណុច ភូមិវាលម្លូ ឃុំវាលម្លូ ស្រុកពញាក្រែក។

យុវតីដែលបាត់ខ្លួនទាំង២នាក់ រួមមាន ទី១-ឈ្មោះធឿន ស្រីមុំ អាយុ១៧ឆ្នាំ និងទី២-ឈ្មោះធា ធី អាយុ១៨ឆ្នាំ មានលំនៅក្នុង ភូមិវាលម្លូ ឃុំវាលម្លូ ស្រុកពញាក្រែក។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង៦ និង៣០នាទីព្រលប់ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ មានប្រជាពលរដ្ឋ ឈ្មោះអ៊ាង វឿន និងប្តីឈ្មោះសុន ស៊្រេង បានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានថា បានបាត់កូនស្រីរបស់ខ្លួនចំនួន២នាក់ ឈ្មោះធឿន ស្រីមុំ អាយុ១៧ឆ្នាំ និងឈ្មោះធា ធី អាយុ១៨ឆ្នាំ មិនឃើញត្រឡប់មកផ្ទះវិញសោះ បន្ទាប់ពីសុំពួកគាត់ជាឪពុកម្តាយចេញទៅដើរលេងតាំងពីព្រឹក។

ឪពុកម្តាយយុវតីដែលបាត់ខ្លួនបានបន្តថា នៅមុនពេលកើតហេតុ ពួកគេទាំងពីរនាក់ (កូនស្រីទាំង២) បានសុំពួកគាត់ជាឪពុក ទៅដើរ លេងនៅតំបន់រមណីយដ្ឋានអន្លង់ជ្រៃ លុះក្រោយពីពួកគាត់អនុញ្ញាតឱ្យកូនស្រីទៅ ស្រាប់តែមកដល់វេលាម៉ោង៦ និង៣០នាទីព្រលប់ទៅហើយ នៅតែមិនទាន់ឃើញកូនស្រីត្រឡប់មកវិញ ហើយសូម្បីតែទូរស័ព្ទក៏ទាក់ទងមិនបានទៀត ទើបធ្វើឱ្យពួកគាត់មានការព្រួយបារម្ភពីសុវត្ថិភាព កូនស្រី ក៏ប្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍តែម្តង។

ជុំវិញករណីនេះ សមត្ថកិច្ច បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ប្រសិនបើបានប្រទះឃើញយុវតីទាំង២នាក់ ដែលមានភិនភាគដូច ក្នុងរូបភាព សូមជួយទំនាក់ទំនងផ្តល់ដំណឹង តាមរយៈលេខទូរស័ព្ទ ០៩៧ ៧៦០ ៤៣០៧ (នាយប៉ុស្តិ៍រដ្ឋបាលវាលម្លូ) និងលេខទូរស័ព្ទរបស់ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ០៧១៤៤ ២២ ៦៦៦។/

RELATED ARTICLES