Friday, November 15, 2024
Homeព័ត៌មានជាតិកូរ៉េ ជាន់គ្នាស្លាប់ដូចកោះពេជ្រ គ្មានខ្មែរទេ

កូរ៉េ ជាន់គ្នាស្លាប់ដូចកោះពេជ្រ គ្មានខ្មែរទេ

ភ្នំពេញ ៖ ករណីមនុស្សជាន់គ្នាស្លាប់ ១៥៦នាក់ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ក្នុងរាត្រីថ្ងៃបុណ្យហាឡូវីន (Halloween)  កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ នោះ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ: នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ក្នុងចំណោមជនបរទេស ២៣នាក់ ដែលបាត់បង់ជីវិត គឺមិនមានជនជាតិខ្មែរឡើយ។ ករណីនេះ ដូចគ្នានឹងករណីនៅលើស្ពានពេជ្រ តំបន់កោះពេជ្រ ក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា នារាត្រីចុងក្រោយនៃបុណ្យអុំទូក កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១០ ដែលកាលនោះមានមនុស្សស្លាប់ ៣៧៥នាក់ និងរបួសជិត ៧០០នាក់។

លោកហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ: បានបញ្ជាក់តាមទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ ថា «ខ្ញុំសូមចូលរួមរំលែកទុក្ខក្រៀមក្រំជាមួយក្រុមគ្រួសារកូរ៉េ ដែលបានបាត់បង់មនុស្សជាទីស្រឡាញ់របស់ខ្លួន នៅក្នុងឧបទ្ទវហេតុរត់ជាន់គ្នា នៅសង្កាត់អ៊ីថេវ៉ុន (Itaewon) ទីក្រុងសេអ៊ូល ប្រទេសកូរ៉េ កាលពីយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ ហើយក៏សូមជូនពរដល់អ្នករងរបួសទាំងអស់ បានឆាប់ជាសះស្បើយឡើងវិញ។

គិតត្រឹមម៉ោង ១២ថ្ងៃត្រង់ ម៉ោងនៅប្រទេសកូរ៉េ ក្នុងចំណោមជនបរទេសប្រហែល ២០នាក់ ដែលបាត់បង់ជីវិត គឺមិនមានជនជាតិខ្មែរឡើយ។ យើងក៏ពុំទទួលបានព័ត៌មានណាមួយពាក់ព័ន្ធនឹងបងប្អូនខ្មែរយើង ក្នុងចំណោមអ្នករងរបួសដែរ»។

លោកហេង សួរ បានបន្តថា «ស្ថានឯកអគ្គរាជទូតកម្ពុជា រួមទាំងអនុព័ន្ធការងារអមស្ថានឯកអគ្គរាជទូត ប្រចាំប្រទេសកូរ៉េបាននិងកំពុងបន្តទំនាក់ទំនងជាមួយអាជ្ញាធរមានសមត្ថកិច្ចកូរ៉េ និងសហគមន៍ខ្មែរយើង នៅជុំវិញទីក្រុងសេអ៊ូល ជាប្រចាំ ដើម្បីតាមដានព័ត៌មានពាក់ព័ន្ធនឹងជនជាតិខ្មែរយើង។

ខ្ញុំសូមបួងសួងដល់ទេវតា និងវត្ថុស័ក្តិសិទ្ធនានា ជួយបីបាច់ថែរក្សាបងប្អូនខ្មែរយើង ដែលកំពុងស្នាក់នៅ ឬកំពុងធ្វើការនៅប្រទេសកូរ៉េ សូមមានសុវត្ថិភាព និងបានចៀសផុតពីឧបទ្ទវហេតុដ៏សែនរន្ធត់ និងសោកសៅនេះ។

ករណីបងប្អូនមានព័ត៌មានអំពីប្រជាពលរដ្ឋខ្មែរយើងក្នុងហេតុការណ៍នោះ សូមទំនាក់ទំនងទៅស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ​ តាមរយៈលេខទូរស័ព្ទ 010 7510 4324 ឬ 010 8898 8644 »។

លោកហេង សួរ បានសរសេរបន្ថែម នៅយប់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ ថា «គិតត្រឹមម៉ោង ៩យប់ ម៉ោងនៅកូរ៉េ ករណីមនុស្សរត់ជាន់គ្នាស្លាប់ នៅប្រទេសកូរ៉េ កាលពីយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ គឺអ្នកស្លាប់បានកើនដល់ចំនួន ១៥៦នាក់​ ក្នុងនោះ ៖ ជនជាតិកូរ៉េ ១៣៣នាក់។ ជនបរទេស ២៣នាក់ មាន ១៤ជាតិសាសន៍ ក្នុងនោះ ចិន ៤នាក់​, អ៊ីរ៉ង់ ៤​នាក់, រុស្ស៉ី ៣​នាក់, ជប៉ុន ២នាក់​, អាមេរិក ១នាក់,​ បារាំង ១នាក់,​ អូស្រា្តលី ១នាក់,​ វៀតណាម ១នាក់,​ អ៊ូបេគីស្ថាន ១នាក់,​ ន័រវេយ៍ ១នាក់, កាហ្សាក់ស្ថាន ១នាក់,​ ស្រីលង្កា ១នាក់​, ថៃ ១នាក់​ និងអូទ្រីស​ ១នាក់។ មិនមានជនជាតិខ្មែរ ស្លាប់ឬរងរបួសទេ»។

ចំណែកលោកអ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ: បានសរសេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃដដែលនោះថា «ខ្ញុំសូមចូលរួមសោកស្តាយ និងរំលែកទុក្ខជូនចំពោះក្រុមគ្រួសារជនរងគ្រោះក្នុងឧប្បត្តិហេតុដ៏គួរឲ្យរន្ធត់ នៅតំបន់អ៊ីថេវ៉ុន សាធារណៈរដ្ឋកូរ៉េ នាយប់ថ្ងៃសៅរ៍ ទី២៩ ខែតុលា ដែលបណ្ដាលឱ្យមានអ្នកស្លាប់ និងជនរងគ្រោះជាច្រើននាក់។

ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ   រួមជាមួយសា្ថនទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណៈរដ្ឋកូរ៉េ កំពុងតែតាមដានព័ត៌មានយ៉ាងយកចិត្តទុក ដាក់ជាមួយនឹងអាជ្ញាធរមានសមត្ថកិច្ច ដើម្បីពិនិត្យមើលថា តើមានបងប្អូនខ្មែរយើង នៅក្នុងចំណោមជនរងគ្រោះដែរនោះទេ។

ប្រសិនបើបងប្អូនមានព័ត៌មានអំពីប្រជាពលរដ្ឋខ្មែរយើងដែលជាប់ពាក់ព័ន្ធ ឬបាត់ខ្លួនក្នុងហេតុការណ៍នេះ សូមផ្តល់ដំណឹងមកស្ថានទូត ឱ្យបានឆាប់បំផុត» ។

          គួររំឭកថា​ កាលពីវេលាម៉ោង ១០និង៣០នាទី (ម៉ោងនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង) ថ្ងៃទី២៩ ខែតុលា​ ឆ្នាំ២០២២ មានឧបទ្ទវហេតុដ៏រន្ធត់មួយ បានកើតឡើងនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង បណ្តាលឲ្យមានមនុស្សស្លាប់ ១៥១នាក់ និងរបួសជាច្រើននាក់ បន្ទាប់ពីក្រុមមនុស្សទាំងនោះ បានជួបជុំគ្នាដើរលេងកម្សាន្តក្នុងពិធីបុណ្យហាឡូវីន (Halloween) នៅតំបន់អ៊ីថេវ៉ុន ដែលជាកន្លែងដ៏ល្បីពេញនិយមជាងគេ មនុស្សម្នាចូលចិត្តទៅកម្សាន្ត តែនៅរាត្រីនោះ ដោយសារតែមានមនុស្សទៅចូលរួមច្រើនពេក ប្រមាណជាង១០ម៉ឺននាក់ បណ្ដាលឲ្យមានការកកស្ទះ ប្រជ្រៀត និងជាន់គ្នា ពិបាកដកដង្ហើម ខ្លះគាំងបេះដូងស្លាប់ និងខ្លះត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ដែលករណីនេះ ត្រូវបានគេនិយាយថា ដូចគ្នានឹងករណីនៅលើស្ពានពេជ្រ តំបន់កោះពេជ្រ ក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា ក្នុងរាត្រីចុងក្រោយនៃបុណ្យអុំទូក កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១០ នោះដែរ ដែលកាលនោះ​មានមនុស្សស្លាប់ ៣៧៥នាក់ និង​របួស​ជិត ៧០០នាក់៕ ខៀវទុំ

RELATED ARTICLES