Friday, November 15, 2024
Homeព័ត៌មានជាតិដឹកសង្សារដើរលេង ក្មេងស្ទាវដេញកាប់

ដឹកសង្សារដើរលេង ក្មេងស្ទាវដេញកាប់

ភ្នំពេញ ៖ យុវជនម្នាក់ ជិះម៉ូតូដឹកសង្សារ រួមនឹងមិត្តភក្តិស្រីម្នាក់ទៀត ទៅដើរលេង ហូបអីរួច ជិះម៉ូតូត្រឡប់ទៅផ្ទះវិញ ស្រាប់តែលេច មុខក្មេងទំនើង១ក្រុម ប្រដាប់ដោយកាំបិតគ្រប់ដៃ ជិះម៉ូតូជាច្រើនគ្រឿង ប្រដេញកាប់ទាំងកំរោល ទើបធ្វើឱ្យភ័យស្លន់ស្លោ ព្យាយាមជិះរត់ សំដៅចូលប៉ុស្តិ៍ប៉ូលិសឱ្យជួយ តែបែរជាជ្រុលបុកចូលហាងចិន១កន្លែង បណ្តាលឱ្យនារី២នាក់រងរបួសធ្ងន់ និងត្រូវបានបញ្ផូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះភ្លាមៗ ចំណែកក្រុមក្មេងទំនើងទាំងនោះ ឃើញសភាពបែបនេះ ក៏គេចខ្លួនបាត់អស់។

ហេតុការណ៍ខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវមហាវិថីព្រះសុធារស ត្រង់ចំណុចហាងសាច់អាំងបែបចិន ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

តាមប្រភពពីជនរងគ្រោះ បានឱ្យដឹងថា មុនកើតហេតុ ពួកគេមានគ្នា៣នាក់ (ប្រុស១ ស្រី២) ជិះម៉ូតូ១គ្រឿងម៉ាក Honda Scoopy ពណ៌សផ្កាឈូក ពាក់ស្លាកលេខ ភ្នំពេញ 1JC-3472 ទើបតែចេញមកពីហាងញ៉ាំអីមួយកន្លែង ក្នុងគោលបំណងត្រឡប់ទៅផ្ទះវិញ ខណៈពេល ដែលពួកគេធ្វើដំណើរទៅដល់ចំណុចសួនច្បារវត្តបុទុមវត្តី ក៏ស្រាប់តែលេចមុខក្រុមជនបង្ក ដែលមានគ្នាចំនួន៨នាក់ ជិះម៉ូតូ៤គ្រឿង ប្រដាប់ដោយ កាំបិតប៉័ងតោគ្រប់ដៃ ជិះសំដៅទៅរកពួកគេ។

ជនរងគ្រោះបន្តថា ភ្លាមៗនោះ ពួកគេក៏បានបត់ម៉ូតូបកក្រោយ ដើម្បីជិះរត់គេចខ្លួន លុះមកដល់ចំណុចខាងមុខប៉ុស្តិ៍នគរបាលទន្លេបាសាក់ បំណងដើម្បីទៅប្រាប់កម្លាំងសមត្ថកិច្ចឱ្យជួយអន្តរាគម៍ ប៉ុន្តែស្របពេលនោះដោយសារតែបើកលឿនពេក ហើយណាមួយភ័យខ្លាចផងនោះ ក៏បាន ចាប់ហ្វ្រាំងរអិសដួលជ្រុលទៅបុកចំពីក្រោយកង់បីឥណ្ឌា ផ្នែកខាងស្តាំ រងការខូចខាត ចំណែកម៉ូតូវិញនៅមិនទាន់អស់ល្បឿន ក៏ជ្រុលទៅបុក ចង្ក្រានអាំងសាច់ ហាងចិនមួយកន្លែងបន្ថែមទៀត ធ្វើឱ្យរងការខូចខាត និងបណ្តាលឱ្យយុវតីចំនួន២នាក់រងរបួសធ្ងន់ធ្ងរ បន្ទាប់មកត្រូវបានរថយន្ត ដឹកបញ្ជូន ទៅសង្គ្រោះបន្ទាន់ភ្លាមៗ។ ដោយឡែក ក្រុមក្មេងទំនើងទាំងនោះ ឃើញសភាពបែបនេះ ក៏បាននាំគ្នាបត់ម៉ូតូគេចខ្លួនបាត់ស្រមោលអស់ ភ្លាមៗ។ឥ

បច្ចុប្បន្ន នគរបាលប៉ុស្តិ៍ទន្លេបាសាក់ បានប្រាប់ឱ្យជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចតុមុខ ដើម្បីងាយស្រួលឱ្យខាង សមត្ថកិច្ចធ្វើការស្រាវជ្រាវ រកមុខជនបង្កយកមកផ្តន្ទាទោសតាមច្បាប់។/

RELATED ARTICLES